អន្តរជាតិ
វិស័យអប់រំសម្រាប់មនុស្សវ័យចំណាស់កំពុងកើនឡើងលឿននៅចិន
22, Mar 2024 , 8:29 am        
រូបភាព
ពលរដ្ឋចិនវ័យចំណាស់ម្នាក់ឈរនៅមុខគេហដ្ឋានមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន
ពលរដ្ឋចិនវ័យចំណាស់ម្នាក់ឈរនៅមុខគេហដ្ឋានមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន
ដោយ: VOA
ប្រជាជន​វ័យ​ចំណាស់​ដែល​កើនឡើង​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ជំរុញ​ឱ្យ​មាន​ទីផ្សារ​មួយ​ដែល​ប្រកប​ដោយ​ក្ដី​សង្ឃឹម​និង​កំពុង​រីកច្រើន​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ក្រុមហ៊ុន​ដែល​ផ្ដល់​ថ្នាក់​សិក្សា​និង​សកម្មភាព​កម្សាន្ត​សប្បាយ​នានា​ដូចជា​ការ​ហាត់​យោគៈ ការ​វាយ​ស្គរ​អាហ្វ្រិក និង​ការ​ថតរូប​ដោយ​ទូរស័ព្ទ​ស្មាតហ្វូន​ជាដើម ដល់​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជីវភាព​សមរម្យ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។


សក្ដានុពល​កើនឡើង​នៃ​ឧស្សាហកម្ម​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​បង្រៀន​គួរ​តាម​ផ្ទះ​លក្ខណៈ​ឯកជន​សម្រាប់​សិស្ស​សាលា នៅ​ក្រោយ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ ២០២១ ដែល​មាន​បំណង​បង្កើន​អត្រា​កំណើត​ដែល​មាន​លក្ខណៈ​ទាប​ក្នុង​កំណត់ត្រា​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​សិក្សា។
 
លោក Qiu Peilin ប្រធាន​ក្រុមហ៊ុន Mama Sunset ប្រចាំ​ទីក្រុង​ប៉េកាំង បាន​និយាយ​ថា៖ «ឧស្សាហកម្ម​អប់រំ​បាន​ផ្លាស់ប្ដូរ​ទៅ​រក​សេដ្ឋកិច្ច​ផ្ដោត​លើ​មនុស្ស​វ័យ​ចំណាស់»។ ក្រុមហ៊ុន Mama Sunset នេះ​គឺជា​ក្រុមហ៊ុន​ផ្ដោត​លើ​ការ​បង្រៀន​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​បើក​ទីតាំង ៥ កន្លែង​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​តាំងពី​បាន​ដំណើរការ​ដំបូង​នៅ​ខែ​មេសា​ឆ្នាំ ២០២៣ មក។
 
ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Frost & Sullivan រំពឹង​ថា ទីផ្សារ​អប់រំ​មនុស្ស​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ចិន​នឹង​កើនឡើង​ក្នុង​អត្រា​រួម​ប្រចាំ​ឆ្នាំ​ចំនួន ៣៤% នៅ​ត្រឹម​ឆ្នាំ ២០២៧ ខាង​មុខ​រហូត​ដល់​ចំនួន ១៦,៨ ​ពាន់​លាន​ដុល្លារ​ពី​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២២។
 
នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ ជនជាតិ​ចិន​ប្រហែល ៣០០ លាន​នាក់​នឹង​ចូល​និវត្តន៍ ដែល​ចំនួន​នេះ​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ស្ទើរតែ​ទាំងអស់។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​មាន​អាយុ​លើស​ ៦៥ ឆ្នាំ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ត្រឹម​ឆ្នាំ ២០៤០ ខាង​មុខ​គឺជា​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ក្រុមហ៊ុន Euromonitor។
 
ទោះបីជា​វិបត្តិ​ប្រជាសាស្ត្រ​របស់​ចិន​កំពុង​គំរាម​ប៉ះពាល់​ដល់​មូលដ្ឋាន​ឧស្សាហកម្ម​របស់​ខ្លួន ហិរញ្ញវត្ថុ​រដ្ឋាភិបាល និង​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏ដោយ ក៏​វិនិយោគិន​ខ្លះប្រាកដថា​ ខ្លួន​អាច​ប្រថុយ​វិនិយោគ​លើ​វិស័យ​មនុស្ស​វ័យ​ចំណាស់​ដែល​កំពុង​កើនឡើង​នេះ។
 
ក្រុមហ៊ុន Mama Sunset ដែល​ផ្ដល់​ការ​សិក្សា ២០ មុខវិជ្ជា​ផ្សេង​គ្នា​ដល់​ពលរដ្ឋ​ចិន​អាយុ​លើស ៥០ ឆ្នាំ​រាប់​ពាន់​នាក់ កំពុង​ចរចា​ជាមួយ​នឹង​វិនិយោគិន​ក្នុង​ស្រុក​ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​នេះ​ឱ្យ​បាន ២០០ កន្លែង​នៅ​ទូទាំង​ប្រទេស​ចិន​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ នៅ​ពេល​ដែល​ខ្លួន​ចង់​ចុះឈ្មោះ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង។
 
ក្រុមហ៊ុន Quantasing ដែល​ចុះឈ្មោះ​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន Nasdaq ​របស់​អាមេរិក​គឺ​ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​រៀន​តាម​អនឡាញ​ដ៏​ធំ​បំផុត​ដល់​មនុស្ស​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Frost & Sullivan។
 
ក្រុមហ៊ុន Quantasing នេះ​មាន​គម្រោង​ជួល​គ្រូ​បង្រៀន​ថៃជី (Tai Chi) និង​គ្រូ​ថ្នាំ​បុរាណ​ដើម្បី​បន្ថែម​ទៅ​នឹង​ថ្នាក់​រៀន​ដែល​មាន​ស្រាប់​ដូចជា​ថ្នាក់​បណ្ដុះបណ្ដាល​អំពី​ការ​ចងចាំ​និង​ថ្នាក់​បណ្ដុះបណ្ដាល​អំពី​ការ​កាត់ត​វីដេអូ​ជាដើម។
 
ក្រុមហ៊ុន​នេះ​ក៏​មាន​គម្រោង​ផងដែរ​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​មូលដ្ឋាន​អតិថិជន​របស់​ខ្លួន​ដោយ​លក់​ផលិតផល​នានា​ដល់​អ្នក​ទាំងនោះ​ដូចជា moxa stick ដែល​គេ​ប្រើ​នៅ​ក្នុង​ឱសថ​បុរាណ​ចិន ឬ Baijiu ដែល​ជា​ស្រា​ស​របស់​ចិន​ជាដើម។
 
ចំណូល​របស់​ក្រុមហ៊ុន Quantasing បាន​កើនឡើង ២៤,៧% ក្នុង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​មុន​រហូត​ដល់​ចំនួន ១៣៦,២ លាន​ដុល្លារ ហើយ​អ្នក​ដែល​ចុះឈ្មោះ​រៀន​តាម​អនឡាញ​សរុប​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង ៤៤,៦% ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​រហូត​ដល់ ១៥,៨ លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ​មុន។
 
នាយកប្រតិបត្តិ​ក្រុមហ៊ុន​នេះ​លោក Matt Peng បាន​និយាយ​ថា៖ «វា​គឺជា​ឧស្សាហកម្ម​ដែល​ទើប​នឹង​រះ​ឡើង​ដ៏​ពិត​ប្រាកដ​មួយ»។
 
រដ្ឋាភិបាល​ចិន​ក៏​កំពុង​ប្រឡូក​នៅ​ក្នុង​រឿង​នេះ​ផងដែរ ដោយ​បាន​ប្រកាស​កាលពី​ខែ​មករា​អំពី​ប្រាក់​លើកទឹកចិត្ត​ផ្នែក​ពន្ធ​និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ផលិតផល​និង​សេវាកម្ម​នានា​សម្រាប់​មនុស្ស​វ័យ​ចំណាស់។ នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បាន​សន្យា​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​កិច្ច​ប្រឹងប្រែង​បន្ថែម​ទៀត​នៅ​ក្នុង​ការ​អភិវឌ្ឍ «សេដ្ឋកិច្ច​ផ្ដោត​លើ​មនុស្ស​វ័យ​ចំណាស់» នេះ​ដោយ​មិន​បាន​រៀបរាប់​លម្អិត​បន្ថែម​ទៀត​នោះទេ។
 
រដ្ឋបាល​ខេត្ត Hebei បាន​ផ្ដល់​ដី​និង​ទីធ្លា​សម្រាប់​សាខា​របស់​ក្រុមហ៊ុន Mama Sunset នេះ​នៅ​ទីក្រុង Cangzhou (ឆាំងចូ) ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ។
 
ប៉ុន្តែ អ្នក​វិភាគ​ខ្លះ​បាន​ព្រមាន​ថា លំហូរ​នៃ​វិនិយោគ​លើ​ឧស្សាហកម្ម​មនុស្ស​វ័យ​ចំណាស់​នេះ​អាច​កើន​ឡើង​លឿន​ពេកមុន​គ្រោងទុក ប្រសិនបើ​រដ្ឋាភិបាល​ចិន​មិន​អាច​ចាត់​វិធានការ​ដែល​បណ្ដា​ប្រទេស​ដែល​មាន​មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​ទៀត​បាន​ធ្វើ ដែល​នោះ​គឺ​ការ​គេច​ចេញ​ពី​អន្ទាក់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម (middle-income trap) ​ជាមុន​សិន​នោះទេ។
 
ប្រាក់​ចំណូល​ចូល​និវត្តន៍​ទាប​និង​បញ្ហា​អសន្តិសុខ​ទាក់ទិន​ទៅ​នឹង​តម្រូវការ​ចាំបាច់​នានា​ដូចជា​សេវា​សុខាភិបាល​ជាដើម​នៅ​ក្នុង​សង្គម​មួយ​ដែល​មនុស្ស​វ័យ​ចំណាស់​ជាច្រើន​ពឹងផ្អែក​លើ​កូនៗ​របស់​ខ្លួន​សម្រាប់​ការ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​នឹង​បង្អាក់​ដល់​សក្ដានុពល​នៃ​ឧស្សាហកម្ម​មនុស្ស​វ័យ​ចំណាស់​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។
 
អ្នកស្រី Rachel He អ្នក​គ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Euromonitor បាន​និយាយ​ថា ប្រជាជន​វ័យ​ចំណាស់​របស់​ប្រទេស​ចិន​គឺជា​មូលដ្ឋាន​អតិថិជន​ដ៏​មាន​សក្ដានុពលមួយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ថា តើ​មូលដ្ឋាន​នេះ​អាចប្រៀប​ជាមួយ​នឹង​សារៈសំខាន់​នៃ​ទីផ្សារ​នេះ​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅ​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ឬ​ក៏​អត់។
 
អ្នកស្រី​បាន​យោង​លើ «វិសមភាព​ប្រាក់​ចំណូល​ដ៏​ខ្លាំងក្លា» និង​ឥរិយាបថ​អភិរក្សនិយម​ក្នុង​ចំណោម​ពលរដ្ឋ​ចិន​វ័យ​ចំណាស់ ដែល​មាន​ទំនោរ​ដូចជា​មិន​ចង់​ចំណាយ​លុយ​ដើម្បី​ខ្លួនឯង។
 
ប្រាក់​សោធននិវត្តន៍​ប្រចាំ​ខែ​ជា​មធ្យម​គឺ​មាន​ចាប់ពី​ប្រហែល ៤២២ ដុល្លារ​នៅ​ក្នុង​ខេត្ត​ដែល​មិន​សូវ​អភិវឌ្ឍន៍​រហូត​ដល់​ប្រហែល ៨៤៥ ដុល្លារ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន Nomura បាន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ចិន ១៦០ លាន​នាក់​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​សម្រាប់​តំបន់​ដាច់​ស្រយាល​តែ​ប្រហែល ១៤ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។
 
មុខវិជ្ជា​សិក្សា​មួយ​មុខ​នៅ​ក្រុមហ៊ុន Mama Sunset គឺ​មាន​តម្លៃ​ពី ៧ ទៅ ៨ ដុល្លារ រីឯ​កញ្ចប់​មុខវិជ្ជា​សិក្សា​ចំនួន ៣៦ មុខ​គឺ​មាន​តម្លៃ ២៧៨ ដុល្លារ។ នៅ​ក្រុមហ៊ុន Quantasing កញ្ចប់​មុខវិជ្ជា​សិក្សា​ដែល​មាន​រយៈពេល​ពី​មួយ​ខែ​ទៅ​បី​ខែ​មាន​តម្លៃ​ពី ២៧៨ ដុល្លារ​ដល់ ៥២០ ដុល្លារ។
 
អ្នកស្រី Cui Chunyun អាយុ ៦០ ឆ្នាំ ដែល​បាន​ចូល​និវត្តន៍​ពី​ការងារ​ជា​គណនេយ្យករ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​សិក្សា​ថ្នាក់​បង្រៀន​រាំ​របស់​ក្រុមហ៊ុន Mama Sunset ដើម្បី​ឱ្យ​មាន​រាងកាយ​មាំមួន​ក្នុង​ការ​បាន​បន្ត​មើល​ថែ​ចៅ ៥ នាក់​របស់​អ្នកស្រី​និង​ពន្យារពេល​ចូល​ស្នាក់នៅ​ក្នុង​មណ្ឌល​ចាស់​ជរា។
 
អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ចង់​អាច​នៅ​បន្ត​ធ្វើ​ចលនា​បាន។ សូម្បីតែ​មនុស្ស​អាយុ​លើស ៧០ ឆ្នាំ​ក៏​នៅតែ​អាច​រាំ​បាន​ដែរ។ យើង​ត្រូវតែ​ធ្វើ​ចលនា​ដើម្បី​អាច​រស់​បាន​យូរ»៕
 
ប្រែសម្រួល​ដោយ លោក ភី សុភាដា

© រក្សាសិទ្ធិដោយ thmeythmey.com