ជាតិ
សេដ្ឋកិច្ច
លោក គី សេរីវឌ្ឍន៍ មានសុទិដ្ឋិនិយមចំពោះកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
22, Mar 2024 , 3:19 pm        
រូបភាព
កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា វាយតម្លៃថា ការចាកចេញនេះ នឹងធ្វើឲ្យកម្ពុជារឹងមាំដោយខ្លួនឯង ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម និងធនធានមនុស្ស ដែលរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា។
 
កម្ពុជាត្រូវចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័ស ដោយសារកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ដោយមិនគិតពេលវេលា នៅក្នុងវិបត្តិសកល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២១ បានវាយតម្លៃថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៧ ។
 
ចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច ផ្អែកលើការវាស់វែងចំនួន៣ គឺ ចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ (GNI Per Capita), ការអភិវឌ្ឍន៍ធនធានមនុស្ស (HAI) និងភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន (EVI)។ ចំណាត់ថ្នាក់នេះធ្វើឡើងដោយអង្គការសប្រជាជាតិ។ 
 
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលជុំវិញការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែមីនា  លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា ការចាកចេញពីឋានៈប្រទេសក្រីក្រ តែងតែមានផលប៉ះពាល់ ប៉ុន្តែការពឹងលើខ្លួនជាជម្រើសមួយល្អ ជាងការពឹងលើការជួយរបស់អ្នកដទៃ។ 
 
ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មច្រើន ។ បើតាមលោក គី សេរីវឌ្ឍន៍ ៖«នៅពេលកម្ពុជាលែងជាប្រទេសអភិវឌ្ឍតិចតួច យើងទទួលបាន GPS+ពីសហភាពអឺរ៉ុប យើងនឹងនាំចេញផលិតផលកសិកម្មដែលជាវត្ថុធាតុដើមក្នុងស្រុកយ៉ាងហោចណាស់ ៥០ភាគរយ»។ 
 
កិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា» រៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី២១ ខែមីនា នៅមជ្ឈមណ្ឌលម៉ានី ក្នុងបរិវេណអគារ The Kampus។ រូបភាព ៖ CD Center 

ទន្ទឹមនេះ ការអភិវឌ្ឍធនធានមនុស្ស ជារឿងចំាបាច់ ដែលរដ្ឋាភិបាលកំពុងគាំទ្រនៅក្នុងអណត្តិទី៧ ក្នុងការបណ្តុះបណ្តាលកម្មករជំនាញ ១,៥លាននាក់ក្នុងរយៈពេល៥ឆ្នាំ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ មើលឃើញថា ទាំងនេះជាយុទ្ធសាស្រ្តសម្រាប់ឆ្លើយតប នឹងការគាំទ្រកម្ពុជាចាកចេញពីប្រទេសក្រីក្រ។ 
 
កន្លងមកក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីអាម៉េរិក ដើម្បីប្រកួតប្រជែងទំនិញនាំចេញទៅក្រៅប្រទេស។

យ៉ាងណាមិញ ការពឹងផ្អែកលើការអនុគ្រោះពន្ធទាំងនេះ បណ្តាលឲ្យផលិតកម្មរបស់កម្ពុជា នៅមានកម្រិត។ តាមការគណនារបស់លោក​ សេរីវឌ្ឍន៍ នៅពេលកម្ពុជាដាក់លុយ ១ដុល្លារ ចូលក្នុងផលិតភាពសេដ្ឋកិច្ច និងទទួលបានមកវិញត្រឹមតែ ៣ដុល្លារក្នុងមួយម៉ោង បើធៀបបណ្តាប្រទេសអាស៊ានផ្សេងទៀត គឺនៅមានកម្រិតទាបនៅឡើយ ។ 
 
ជុំវិញការលើកឡើងថា តើការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងអាចរងគ្រោះនៃការនាំចេញទេ? អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបកស្រាយថា ចាប់ពីឆ្នាំ ២០១៩ ការនាំចេញទៅកាន់សហភាពអឺរ៉ុប មិនមានការប្រែប្រួលឡើយ លើកលែងតែឆ្នាំ២០២៣ ដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ឈានដល់ដំណាលកាលទន់ជោរ បណ្តាលឲ្យការនាំចេញទៅអឺរ៉ុប មានការថមថយក្នុងរង្វង់១២-១៣ភាគរយ ។ 
 
« អ៊ីចឹង! ការដក EBA មានមែនមានន័យថាបានបិទរោងចក្រកម្ពុជាទេ។ ការដក EBA បានធ្វើឲ្យអ្នកជំនួញបង្កើតនវានុវត្តន៍កាន់ខ្ពស់នៅក្នុងការផលិត និងនាំចេញឲ្យបានច្រើនជាងមុន»។ នេះជាការលើកឡើងរបស់លោក សេរីវឌ្ឍន៍ ដោយបន្តថា របាំងពន្ធមិនមែនឧបសគ្គរារាំងការនាំចេញរបស់អ្នកជំនួញ។ 
 
ជារួម ផលចំណេញនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នឹងធ្វើឲ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិ, បរិយាកាសអំណោយផល​ដល់ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងលំហូរវិនយោគផ្ទាល់ពីបរទេសកើនឡើង។​
 
យ៉ាងណាមិញ វាក៏ផ្តល់ផលអវិជ្ជមានដូចជា បាត់បង់ការគាំទ្រអន្តរជាតិផ្នែកពាណិជ្ជកម្ម រួមមាន ការអនុគ្រោះពន្ធនាំចូល និងនាំចេញ, លទ្ធភាពកាត់បន្ថយបរិញ្ញប្បទានពីដៃគូ និងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូទ្វេភាគី និងពហុភាគី។ ទន្ទឹមនេះ បាត់បង់លទ្ធភាពទទួលបានជំនួយពីដៃគូអភិវឌ្ឍន៍នានា។  
 
ដើម្បីឲ្យការចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចប្រកបដោយរលូន និងរឹងមាំ កម្ពុជា​ត្រូវពង្រឹងលើវិស័យ ដែលបង្កើនតម្លៃខ្ពស់ ដូចជា ឧស្សាហកម្ម និងទេសចរណ៍។ បើតាមលោក សេរីវឌ្ឍន៍ ការធ្វើបរិវត្តកម្មបានជំរុញការបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់ ដោយសារក្រុមហ៊ុនជាច្រើន បានប្រើប្រាស់មូលធនមនុស្ស និងបច្ចេកវិទ្យា។ 
 
ទន្ទឹមនេះ ត្រូវយកវិស័យកសិកម្មមកគាំទ្រវិស័យទេសចរណ៍។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តជាច្រើន មិនទាន់ត្រូវបានជំរុញ និងប្រើប្រាស់នៅឡើយ ខណៈវិស័យទេសចរណ៍ពិភពលោក កំពុងជាប់គាំង។ អ្នកជំនាញរូបនេះ បានបន្ថែមថា កម្ពុជាមានពេលគ្រប់គ្រាន់ សម្រាប់រៀបចំ និងកែច្នៃវិស័យទេសចរណ៍។ 
 
លោកសង្កត់ធ្ងន់ថា៖ «មកទស្សនានៅកម្ពុជា ទទួលទានអាហារសរីរាង្គ ស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅពេលសេដ្ឋកិច្ចពិភពលោកមានៅភាពប្រសើរឡើងវិញ ។ វិស័យសេវាកម្មនេះ នឹងរួមចំណែកសេដ្ឋកិច្ចឲ្យរីកចម្រើន»។ 
 
បច្ចប្បន្នមានប្រទេសចំនួន៤៥ ដែលស្ថិតនៅចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចរបស់អង្គការសហប្រជាជាតិ។ ក្នុងនោះ ឡាវ នេប៉ាល់ និងបង់ក្លាដែស ត្រៀមនិងចាកចេញពីចំណាត់ថ្នាក់នេះ នៅឆ្នាំ២០២៦។ ប៊ូតាន ជាប្រទេសដែលទើបចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច កាលពីខែធ្នូ ឆ្នាំ២០២៣៕ 

Tag:
 កម្ពុជា
  ប្រទេសអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com