ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នឹងពង្រីកការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋ ដើម្បីឱ្យចេះប្រើប្រាស់«លុយ»ត្រឹមត្រូវ
23, Mar 2024 , 11:10 am        
រូបភាព
លោក សុខ វឿន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី
លោក សុខ វឿន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី
បច្ចុប្បន្នពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នករស់នៅតាមខេត្ត-តំបន់ដាច់ស្រយាល បានបាត់បង់ប្រាក់កាស និងទ្រព្យសម្បត្តិនានារបស់ខ្លួន ព្រោះតែចាញ់ការឆបោកពីសំណាកបុគ្គលមួយចំនួន។ ជាមួយគ្នានេះ ក៏មានពលរដ្ឋខ្លះបានធ្លាក់ខ្លួនក្នុងស្ថានភាពបំណុលវ័ណ្ឌកផងដែរ។ ដើម្បីរួមចំណែកក្នុងការជួយប្រជាពលរដ្ឋខ្មែរឱ្យគេចផុតបញ្ហាទាំងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) នឹងពង្រីកការអប់រំផ្នែកចំណេះហិរញ្ញវត្ថុដល់សាធារណជន ដែលរស់នៅតាមតំបន់ដាច់ស្រយាលឱ្យបានកាន់តែទូលំទូលាយ។
 
បើតាមលោក សុខ វឿន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ពលរដ្ឋដែលមានចំណេះដឹងហិរញ្ញវត្ថុ គឺមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង ឬប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវ ជាពិសេសគឺយកទៅប្រើប្រាស់ចំគោលដៅ ដើម្បីធ្វើឱ្យជីវភាពរីកចម្រើន។
 


« អិលអូអិលស៊ី យើងមិនបំភ្លេចទេ ទាក់ទងនឹងការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជន ជាពិសេសនៅតាមជនបទ។ យើងអប់រំនេះ គឺដើម្បីបង្រៀនពួកគាត់ឱ្យយល់ពីបំណុលជាអ្វី?  ការខ្ចីបំណុលពីឯកជនមានការលំបាកបែបម៉េច?...»។ លោក សុខ វឿន បានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលរវាងគណៈគ្រប់គ្រងអិលអូអិលស៊ី និងអតិថិជនដែលតែងតែជឿជាក់ គាំទ្រ និងផ្តល់ទំនុកចិត្តជ្រើសរើសការប្រើប្រាស់ផលិតផល និងសេវាកម្ម ពីអិលអូអិលស៊ី នាថ្ងៃទី២២មីនា ឆ្នាំ២០២៤ ដោយមើលឃើញថា ប្រជាពលរដ្ឋមួយចំនួន បានខ្ចីលុយពីស្ថាប័ន-បុគ្គលក្រៅផ្លូវការ គឺប្រឈមនឹងអត្រាការខ្ពស់ពី៥ទៅ១០ភាគរយឬលើសពីនេះក្នុងខែ ហើយថែមទាំងគ្មានទទួលបានកិច្ចការពារផ្នែកច្បាប់ទៀត។ ការណ៍នេះ ជាចំណែកគ្រោះថ្នាក់ដែលធ្វើឱ្យអ្នកខ្ចីបំណុលក្រៅផ្លូវការ ងាយធ្លាក់ក្នុងស្ថានភាពបំណុលវ័ណ្ឌក ។
 
ដូច្នេះហើយបានជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ត្រូវពង្រីកការផ្តល់ចំណេះដឹងហិរញ្ញវត្ថុបន្ថែមដល់ដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ។ ជាពិសេស អិលអូអិលស៊ី ផ្តោតសំខាន់លើការអប់រំប្រជាជន កុំឱ្យខ្ចីបំណុលច្រើនស្ថាប័ន។ 
 


« បើយើងពិនិត្យឃើញគាត់[អតិថិជន] សងបំណុលស្ថាប័នមួយមិនកើតហើយ គឺយើងប្រាប់គាត់កុំឱ្យទៅខ្ចីបំណុលស្ថាប័នផ្សេង មកសងបំណុលស្ថាប័នដែលខ្លួនកំពុងជំពាក់ហ្នឹងឡើយ»។ លោក សុខ វឿន បន្តនិយាយថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាក្នុងសងត្រឡប់ជាមួយស្ថាប័នញហិរញ្ញវត្ថុណាមួយហើយ សូមកុំព្យាយាមទៅរកប្រភពកម្ចីពីកន្លែងណាផ្សេងទៀត។ ផ្ទុយទៅវិញ ពលរដ្ឋត្រូវព្យាយាមរកដំណោះស្រាយបំណុលតែជាមួយស្ថាប័នហិរញ្ញវត្ថុដែលខ្លួនបានជំពាក់នោះ។ 
 
នាយកប្រតិបត្តិ អិលអូអិលស៊ី រូបនេះ បន្តនិយាយយ៉ាងដូច្នេះ៖ « យើងមិនត្រូវលើកដាក់បំណុលដោយយកពីឆ្វេងសងសាំ្ត ឬយកពីស្តាំសងឆ្វេងឡើយ។ ការណ៍ធ្វើបែបនេះ មិនយូរទេពលរដ្ឋ នឹងមានបំណុលវ័ណ្ឌក មានបំណុលច្រើនលើសលប់។ អ៊ីចឹងហើយ បានជាយើងព្យាយាមអប់រំពលរដ្ឋលើចំណុចទាំងនេះ ដោយណែនាំពួកគាត់ប្រើប្រាស់កម្ចីឱ្យចំគោលដៅ ដោយកុំប្រើប្រាស់កម្ចីទៅទិញបំណុល ដូចជាយកទៅលេងល្បែង ឬទំនិញផ្សេងៗ ដែលមិនមែនជាតម្រូវការចំបាច់ក្នុងជីវភាពរស់នៅ»។ 
 


ក្រៅពីចុះអប់រំពលរដ្ឋដោយផ្ទាល់នៅតាមសហគមន៍ហើយនោះ អិលអូអិលស៊ី ក៏បានផ្សព្វផ្សាយវីដេអូអប់រំពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុ នៅតាមបណ្តាញសង្គមផងដែរ រួមមានដូចជា នៅលើហ្វេសប៊ុក យូធូប តេលេក្រាម និងតិកតុក ជាដើម។ 
 
អ្វីដែលអិលអូអិលស៊ី ខិតខំធ្វើកន្លងមកនេះ នឹងពង្រីកការអនុវត្តឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ អិលអូអិលស៊ី ក៏បានសហការជាមួយផ្នែកពាក់ព័ន្ធនានា ជាពិសេសជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដើម្បីបង្កើតឱ្យមានកម្មវិធីបន្ថែមទៀតទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ។ អិលអូអិលស៊ី បានធ្វើ Safe Finance ជាមួយសមាគម និងធនាគារជាតិនៃកម្ពុជា ដើម្បីពង្រីកនូវចំណេះដឹងហិរញ្ញវត្ថុក្នុងសហគមន៍ឱ្យបានកាន់តែទូលំទូលាយ។  លើសពីនេះ អិលអូអិលស៊ី ចូលរួមសកម្មភាពផ្សព្វផ្សាយផ្សេងៗតាមសមគមមីក្រូហិរញ្ញវត្ថុ ដល់សិស្សានុសិស្សនៅតាមសាលារៀន ជាដើម។ 
 
បើតាម លោក សុខ វឿន ក្នុងមួយឆ្នាំៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ប្រើប្រាស់ថវិកាអស់ប្រមាណ៥០ម៉ឺនដុល្លារ ក្នុងការផ្តល់សេវាអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុនេះ ទៅកាន់ប្រជាពលរដ្ឋ។ ទំហំថវិកានេះ គឺជាការចូលរួមរបស់ អិលអូអិលស៊ី ដោយផ្ទាល់ និងប្រយោល ជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំនេះ ទៅកាន់សាធារណជន ដែលជាគន្លឹះយ៉ាងសំខាន់មួយក្នុងការអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។ 
  


គិតត្រឹមដំណាច់ឆ្នាំ២០២៣ អិលអូអិលស៊ី មានអតិថិជនប្រមាណ ៨៤ម៉ឺនគណនី។ ក្នុងនោះ អតិថិជនដែលប្រើប្រាស់សេវាឥណទានមាន ៣៣៥,០៨៩គណនី ខណៈសេវាសន្សំពីអិលអូអិលស៊ីមាន ៥១០,៩៧២គណនី។  ជាមួយគ្នានេះដែរ ទ្រព្យសកម្មរបស់អិលអូអិលស៊ី កើនដល់ ១,៥០០លានដុល្លារ ដោយក្នុងនោះ ទំហំឥណទានមានប្រមាណ ១,២៥០លានដុល្លារ រីឯទំហំទឹកប្រាក់សន្សំមានប្រមាណ ៩០០លានដុល្លារ។
គួរជម្រាបថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារជាតិកម្ពុជានៃកម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តគម្រោងបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣ សម្រាប់សិស្សថ្នាក់ទី ៥, ៦, ៨, ៩, ១០, ១១ និង ១២។ កិច្ចសហការនេះ ជាការបំពេញនូវដំណាក់កាលកន្លងមក ដោយក្រសួងបានដាក់ឱ្យសាកល្បងអនុវត្តការបញ្ជ្រាបមេរៀនមួយចំនួននៅកម្រិតថ្នាក់ទី ៤ និងទី៧ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។
 
គោលដៅបញ្ជ្រាបចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុនេះ មិនមែនគ្រាន់តែផ្ដោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ តែនឹងរួមបញ្ចូលនូវជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍៖ ការយល់ដឹងអំពីគំនិតថវិកា ការសន្សំ ការវិនិយោគ ធនាគារ និងការខ្ចីប្រាក់ជាដើម ដែលតម្រូវឱ្យអនុវត្តប្រកបដោយការទទួលខុសត្រូវ។ ជំនាញទាំងនេះ មានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព ចៀសវាងអន្ទាក់បំណុល និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុខុស។ 
 
លើសពីនេះទៅទៀត តាមរយៈការរួមបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា យើងអាចជួយបណ្តុះវប្បធម៌ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងភាពប្រុងប្រយ័ត្នខ្ពស់ រួមទាំង Crypto-currency ផងដែរ។
 
កន្លងមក លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា «ចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងវិវត្តជាប្រចាំ ការផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញហិរញ្ញវត្ថុ ដូចជាការយល់ដឹងអំពីលុយ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ គឺជាការងារចាំបាច់ ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគរ។» 
 
លោកស្រី បានបញ្ជាក់ថា ៖ «កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចធ្វើឱ្យសិស្សានុសិស្ស ឬយុវជនប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គេ ដូចជា ធ្លាក់ក្នុងស្ថានភាពមានបំណុល ឬការវិនិយោគមិនល្អ ដែលបណ្តាលមកពីការសម្រេចចិត្តមិនត្រឹមត្រូវ»៕ 
 

Tag:
 ហិរញ្ញវត្ថុ
  LOLC
© រក្សាសិទ្ធិដោយ thmeythmey.com