ជាតិ
អ្នករត់កង់បីមុខអង្គរវត្ត ពឹងផ្អែកលើភ្ញៀវទេសចរខ្មែរជាចម្បង
24, Mar 2024 , 9:19 am        
រូបភាព
លោក អ៊ាន ប៊យ ជាមួយរ៉ឺម៉កកង់បីនៅបរិវេណចំណតឡានមុខអង្គរវត្ត។
លោក អ៊ាន ប៊យ ជាមួយរ៉ឺម៉កកង់បីនៅបរិវេណចំណតឡានមុខអង្គរវត្ត។
សៀមរាប៖ ក្រោមកម្ដៅព្រះអាទិត្យ​ដែលចែងចាំងពីទិសខាងកើត ក្រុមអ្នករត់រ៉ឺម៉កកង់បី ​នៅបរិវេណមុខប្រាសាទអង្គរវត្ត បើកទៅមកៗនៅពេលមានរថយន្តចូលចំណត។ ពួកគេរង់ចាំហៅភ្ញៀវ ក្រែងអ្នកទាំងនោះ ជិះរ៉ឺម៉ក់កម្សាន្តតាមប្រាសាទ។
«បងៗជិះរ៉ឺម៉កទេ? មិនបាច់ដើរហត់ទេ តែ៥,០០០រៀលដល់មុខអង្គរ»។ នេះជាសំឡេងហៅភ្ញៀវ ពីសំណាក់ក្រុមអ្នករត់រ៉ឺម៉កកង់បី នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត។ លោក ថាំង ថា ដែលកំពុងរង់ចាំ ហៅភ្ញៀវឱ្យជិះកង់បីក្រោមម្លប់ដើមឈើក្បែរនោះ បាននិយាយថា លោកប្រកបរបររត់កង់បី​នៅចំណតមុខអង្គរនេះច្រើនឆ្នាំមកហើយ និង​បានដាក់វេន ជាមួយក្រុមរ៉ឺម៉ក់ឯទៀត សរុបជិត៦០នាក់ ដើម្បីឆ្នាស់គ្នាដឹកភ្ញៀវលេងអង្គរវត្ត និងតាមប្រាសាទដទៃ។ 
 
រង់ចាំដឹកភ្ញៀវពីម៉ោង៦ព្រឹកមក លោក ថាំង ថា ប្រាប់ថាថ្ងៃខ្លះក៏មានភ្ញៀវដឹក ថ្ងៃខ្លះទៀតក៏គ្មានដែរ។ ពួកគេខ្លះដើរទៅអង្គរវត្តដោយខ្លួនឯង។ «បើគាត់ជួលរ៉ឺម៉កពួកខ្ញុំ គ្នា៥ទៅ៦នាក់ ជិះដល់ច្រកចូលមុខអង្គរ យើងគិតមួយជើង៥,០០០រៀល បើគាត់ជិះក៏ដូចជាជួយពួកយើងដែរ»។ នេះជាការលើកឡើង​របស់លោក ថាំង ថា វ័យជាង៤០ឆ្នាំ។ 
 


បុរសរូបនេះជាអតីតអ្នកភូមិត្រពាំងសេស និងបានស្ម័គ្រចិត្ត​ដូរលំនៅឋានទៅរស់នៅភូមិរុនតាឯក នៃស្រុកបន្ទាយស្រី។ ងើបពីព្រឹកព្រលឹមមក លោកត្រូវចេញពីរុនតាឯក ដើម្បីដឹកភ្ញៀវនៅជុំវិញប្រាសាទ រហូតដល់ម៉ោង៥រសៀល ទើបទៅផ្ទះវិញ។ 
 
មិនលាក់លៀមនោះទេ លោក ថាំង ថា ប្រាប់ថា របរប្រចាំថ្ងៃនេះ អាចរកចំណូលបានតិចឬច្រើនតាមពេលវេលា ដោយថ្ងៃខ្លះបាន៥,០០០រៀលក៏មាន រីឯថ្ងៃបុណ្យទាន ក៏បានច្រើនតាមនោះដែរ។ ក្រៅពីអង្គរវត្ត រ៉ឺម៉កកង់បីរបស់ លោក ថាំង ថា ក៏មានសេវាកម្មដឹកភ្ញៀវទៅតាមប្រាសាទផ្សេងៗ តាមវង់តូចនិងវង់ធំផងដែរ។  
 
មានវ័យ៥៧ឆ្នាំ លោក អ៊ាន ប៊យ​ ជាពលរដ្ឋនៅភូមិគោកតាចាន់។ លោក អ៊ាន ប៊យ ក៏រអ៊ូពីរឿងខ្សត់ភ្ញៀវ ជិះរ៉ឺម៉កផងដែរ។ លោកលើកឡើងថា ប្រហែលដោយសារលោកចាស់ពេក និងមិនសូវចេះហៅភ្ញៀវ​ក៏មិនដឹង ទើបគេមិនសូវជិះរ៉ឺម៉ករបស់លោក។ ថ្ងៃខ្លះលោករកបានប្រាក់៥,០០០រៀលទៅផ្ទះវិញ ថ្ងៃខ្លះក៏បាន២ទៅ៣ម៉ឺនរៀលដែរ។ 
 


ដ្បិតស្ថានភាពបច្ចុប្បន្ន មិនសូវល្អប្រសើរដូចមុនវិបត្តិជំងឺកូវីដ-១៩ ​តែអ្នករត់កង់បី​ចាស់វស្សារូបនេះ ក៏បានកោតសរសើរទឹកចិត្តពលរដ្ឋខ្មែរ ដែលតែងតែជួយជិះកង់បីខ្មែរ មិនថាទៅជិតឬឆ្ងាយ។ ទោះបានប្រាក់តិចឬច្រើន ក៏ជាទឹកចិត្តដែលលោកទទួលបាន​ពីទេសចរខ្មែរផងដែរ។ 
 
ចំណែកលោក សឿយ ស៊ុន ក៏បានលើកឡើងប្រហាក់ប្រហែលអ្នករត់កង់បីខាងលើដែរ។ បុរសវ័យ៤៣ឆ្នាំរូបនេះថា មានតែថ្ងៃបុណ្យទានទេ ដែលមានភ្ញៀវជិះកង់បីច្រើន ដែលជួយលោករកចំណូលបានពី៥ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែ ថ្ងៃដែលរកលុយបាន គឺភាគតិចណាស់។  លោក សឿយ ស៊ុន បន្តថា៖« រកមិនបានដែរ! ពិបាក ណាមួយកូនរៀន ណាមួយឆ្ងាយផងពិបាក»។
 
សូមបញ្ជាក់ថា របររត់កង់បីជារបរពេញនិយមមួយ សម្រាប់ពលរដ្ឋខេត្តសៀមរាប។ ដ្បិតមិនបានចំណូលច្រើនលើសលប់ តែរបរនេះបានជួយចិញ្ចឹមក្រុមគ្រួសារពួកគេ ឱ្យបានរៀនសូត្រ និងមានជីវភាពរស់នៅបានសមរម្យ៕
 
 
 
 
 

Tag:
 រ៉ឺម៉កកង់បី
  អង្គរវត្
© រក្សាសិទ្ធិដោយ thmeythmey.com