ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះការវាយប្រហារ នៅទីក្រុងមូស្គូ
24, Mar 2024 , 12:05 pm        
រូបភាព
សាលប្រគំតន្ត្រីមួយកន្លែង ក្បែររដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ដែលត្រូវបានក្រុមភេរវកម្មវាយប្រហារ នៅថ្ងៃទី២២ ខែមីនា ២០២៤។ រូបភាពពី Xinhau។
សាលប្រគំតន្ត្រីមួយកន្លែង ក្បែររដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ដែលត្រូវបានក្រុមភេរវកម្មវាយប្រហារ នៅថ្ងៃទី២២ ខែមីនា ២០២៤។ រូបភាពពី Xinhau។
ពីទីក្រុងភ្នំពេញ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពវាយប្រហារសាលប្រគំតន្ត្រីមួយកន្លែង ក្បែររដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃទី២២ ខែមីនា ។ ការវាយប្រហារនេះ បានសម្លាប់មនុស្សជាង១០០នាក់។

 
«យើងមានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហាស្រពទីក្រុងមូស្គូ »។ ក្រសួងការបរទេសកម្ពុជា បានផ្ញើសេចក្តីថ្លែងការណ៍បែបនេះ ទៅកាន់រដ្ឋាភិបាលលោក ពូទីន ។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ចុះថ្ងៃទី២៣ មីនា រដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើវាយប្រហារដ៏សាហាវឃោឃៅនេះ។ កម្ពុជា ចាត់ទុកទង្វើភេរវកម្មតាមគ្រប់រូបភាពទាំងអស់ ជាបទឧក្រិដ្ឋ ទោះជាប្រព្រឹត្តក្នុងគោលបំណងណាមួយ ឬដោយបុគ្គលណាក៏ដោយ។
 
«យើងសូមសម្ដែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី នៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ»។ នេះបើតាមក្រសួងការបរទេសកម្ពុជា ដែលបានចែករំលែកទុក្ខ ជាមួយប្រជាជន និងរដ្ឋាភិបាលរុស្សី។
 
ភ្លាមៗក្រោយវាយប្រហារ អាជ្ញាធររុស្ស៊ីក៏ចាប់ខ្លួនខ្មាន់កាំភ្លើង៤នាក់ដែរ ហើយបន្តស៊ើបអង្កេតអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការវាយប្រហារដ៏បង្ហូរឈាមមួយនេះ។ ជុំវិញករណីនេះ ក្រុមរដ្ឋឥស្លាម ISIS-K ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅទឹកដីរុស្ស៊ីនេះ។ 
 
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានហៅជនដៃដល់ជាភេរវកម្មអន្តរជាតិ ហើយប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្ដារដ្ឋណា ដែលចង់កម្ចាត់ក្រុមជ្រុលនិយមនេះ៕
 
 

Tag:
 ការវាយប្រហារ
  រុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com