ជាតិ
វីដេអូ
ក្រៅ​ពី​នេសាទ ពលរដ្ឋ​កំពង់​ភ្លុក ​រស់​ដោយសារ​ទេសចរណ៍
24, Mar 2024 , 6:59 pm        
រូបភាព
សៀមរាប៖ កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង ដែលអណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប។ ទីនេះ ជាទីទេសចរណ៍មួយដ៏មានប្រជាប្រិយ ដែលទេសចរភាគច្រើនបាន​ស្គាល់។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ដើម្បី​ផ្ដល់​សេវា​កម្ម​ទេសចរណ៍ ដល់​ភ្ញៀវឱ្យមាន​ភាពងាយស្រួល ប្រជាជន​កំពង់​ភ្លុកបាន​រួម​គ្នា​បង្កើត​សហគមន៍មួយ មានឈ្មោះ​​សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅ​ឆ្នាំ​២០១៣។ ក្រៅ​ពី​នេសាទ ពលរដ្ឋ​នៅ​តំបន់​កំពង់​ភ្លុក បាន​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់មួយ។
ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ សូម​អញ្ជើញ​លោក-អ្នក​ ទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖

 

 នារដូវវស្សា «កំពង់ភ្លុក» នឹងប្រែសម្រស់គួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តគយគន់សម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ លើផ្ទៃទឹកនៃបឹងទន្លេសាប។ទេសចរដែលមកទស្សនានៅទីនេះ តែងតែដើរមើលការរស់នៅរបស់ប្រជាពលរដ្ឋ ជិះទូកតាមព្រៃលិចទឹក គយគន់ថ្ងៃលិច និងការធ្វើត្រីឆ្អើរ ឬបង្គាជាដើម។ សម្រាប់​លោក សាង គង់ ប្រធានសហគមន៍ទេសចណ៍ធម្មជាតិកំពង់ភ្លុក បឹងទន្លេ​សាប គឺ​ជា​បេះ​ដូង​របស់​ពលរដ្ឋ​នៅ​កំពង់ភ្លុក និង​ពលរដ្ឋនៅកម្ពុជា។ 
  


នៅ​តំបន់​កំពង់ភ្លុក​ មាន​ព្រៃ​ចំនួន ៤៨​ហិកតា ដែល​ទេសចរ​អាច​អុំទូក​ទស្សនា​តាម​ព្រៃ​លិច​ទឹក។ ដើម្បី​អាច​ទស្សនា​ទិដ្ឋភាព​តំបន់​កំពង់​ភ្លុក​នៅ​រដូវវស្សា អម​ដោយ​ទេសភាព​ទឹក​ ភ្ញៀវទេសចរ​អាច​មក​កម្សាន្ត​នៅ​ខែ​សីហា ដល់​ខែ​មករា​។ 
  


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
 



Tag:
 កំពង់ភ្លុក
  សៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com