អន្តរជាតិ
អ្នក​សង្កេតការណ៍​ព្រួយ​បារម្ភ​ចំពោះ​សារាចរ​ណែនាំ​របស់​វៀតណាម
25, Mar 2024 , 7:59 am        
រូបភាព
រូបឯកសារ៖ ស្ត្រីម្នាក់ដើរកាត់ទង់ជាតិវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់ដើរកាត់ទង់ជាតិវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
ដោយ: VOA
អ្នកជំនាញ​ និង​សកម្មជន​កំពុង​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​សារាចរ​ណែនាំ​ផ្ទៃក្នុង​របស់​ការិយាល័យ​នយោបាយ​របស់​វៀតណាម ​ដែល​ពួកគេ​និយាយ​ថា​អាច​ធ្វើឱ្យ​កាន់តែ​យ៉ាប់យ៉ឺន​ដល់​សិទ្ធិមនុស្ស​ និង​ការខាតបង់​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការកើនឡើង​ការត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​បរទេស។
អង្គការ​គម្រោង​៨៨ ​ឬ​ Project 88​ ដែលជា​អង្គការ​មិនរកប្រាក់​ចំណេញ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និង​ធ្វើ​ការងារ​ផ្តោត​លើ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​វៀតណាម​ បាន​បង្ហាញ​ឯកសារ​ដែល​មាន​ចំណងជើង​ថា​សារាចរ​ណែនាំ​លេខ​ ២៤ (Directive 24) ដែល​អង្គការ​នេះ​បាន​និយាយ​ថា​ដាក់​បញ្ជា​ឱ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​បង្កើន​ការត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បង្ក្រាប​សង្គម​ស៊ីវិល​ បង្កើន​ការឃ្លាំមើល​ពលរដ្ឋ​វៀតណាម​ និង​ទប់ស្កាត់​ឥទ្ធិពល​នៃ​អំណាច​មកពី​ខាងក្រៅ​ប្រទេស​ និង​អាជីវកម្ម​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស។
 
ក្រុមសិទ្ធិមនុស្ស​នេះ​បាន​បោះពុម្ពផ្សាយ​ការវិភាគ​របស់ខ្លួន​រួមជាមួយ​នឹង​ការបកប្រែ​ជា​ភាសា​អង់គ្លេស​នៃ​សារាចរ​ណែនាំ​នៅ​ថ្ងៃទី​ ១​ ខែមីនា។
 
នៅក្នុង​ការឆ្លើយតប​កាលពី​ថ្ងៃទី ​១៩​ ខែមីនា ​ចំពោះ​សំណួរ​របស់​ VOA ​សេវា​ភាសា​វៀតណាម ​ក្រសួង​ការបរទេស​វៀតណាមមិនបាន​លើកឡើង​អំពី​ឯកសារ​នេះ​ចំៗ​នោះ​ទេ​ ប៉ុន្តែ​បានសម្តែង​ការប្រឆាំង​របស់ខ្លួន​ចំពោះ​ «ព័ត៌មាន​មិនពិត»​ ដែល​មាន​បំណង​ព្យាបាទ​វៀតណាម​ ដែល​ក្រសួង​ហៅថា​ជា​ការជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម។
 
ឯកសារ​នេះ​ចុះ​ថ្ងៃទី​ ១៣​ ខែកក្កដា​ ឆ្នាំ ២០២៣​ ហើយ​គោលដៅ​ដែល​បាន​បញ្ជាក់​របស់​វា​គឺ​ដើម្បី​ធានា​ «សន្តិសុខ​ជាតិ​ក្នុង​បរិបទ​នៃ​សមាហរណកម្ម​អន្តរជាតិ​ដ៏​ទូលំទូលាយ​ និង​ស៊ីជម្រៅ»។
 
សារាចរ​នេះ​បញ្ជា​ឱ្យ​ក្រសួង​រដ្ឋាភិបាល​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​នូវ​ជនជាតិ​វៀតណាម​ដែល​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​បរទេស ​និង​បញ្ឈប់​ការបង្កើត​ចលនា​នយោបាយ​ឯករាជ្យ​ អង្គការ​ការងារ​ និង​ការតវ៉ា​នានា។ សារាចរ​នេះ​ក៏​បញ្ជាក់​ផងដែរ​អំពី​តម្រូវការ​ក្នុងការឃ្លាំមើល​ និង​ការយល់ដឹង​ខ្ពស់​ ដើម្បី​ទប់ស្កាត់​ការគំរាម​កំហែង​សន្តិសុខ​ជាតិ​ រួមទាំង​ការផ្លាស់ប្តូរ​មនោគមវិជ្ជា​ និង​ការលុប​បំបាត់​វប្បធម៌​ ដែល​ខ្លួន​អះអាង​ថា​អាច​បណ្តាល​មកពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ខាងក្រៅ។
 
លោក Tran Anh Quan ​សកម្មជន​សង្គម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ ​បានប្រាប់​ VOA​ កាលពី​ថ្ងៃទី ១៣ ​ខែមីនា​ថា​ លោក​ជឿជាក់​ថា​ សារាចរ​ណែនាំ​នេះ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​វៀតណាម​បន្ថែម​ទៀត។
 
លោក​បាន​សរសេរ​ជា​ភាសា​វៀតណាម​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ Telegram ថា​៖ «​សារាចរ​ណែនាំ​លេខ​ ២៤ ​គឺ​ជា​វេទិកា​សម្រាប់​កម្លាំង​ប៉ូលិស​ក្នុង​ការ​ប្រើ​កម្លាំង​ដើម្បី​បង្រ្កាប​មនុស្ស​កាន់​តែ​ខ្លាំង។ បក្ស​កុម្មុយនិស្ត​ប្តេជ្ញា​លុបបំបាត់​សិទ្ធិមនុស្ស​នៅ​វៀតណាម»។
 
លោក ​Zachary Abuza ​អ្នកជំនាញ​កិច្ចការ​អាស៊ី​អាគ្នេយ៍​ និង​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​ National War College ​ក្នុង​រដ្ឋធានី​ Washington ​បាន​ប្រាប់ VOA ​នៅ​ថ្ងៃដដែល​នោះ​ថា​ ការបង្ក្រាប​លើ​សង្គម​ស៊ីវិល​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​របប​នេះ​ទេ។ ប៉ុន្តែ ​លោក​បាន​និយាយ​ថា ការ​ចាត់​ទុកសហគ្រាស​បរទេស ​និង​ជន​វៀតណាម​រាប់​ម៉ឺន​នាក់​ដែល​កំពុង​សិក្សា​នៅ​បរទេស​ជា​ការ​គំរាម​កំហែង​គឺ​ជា​របត់​ថ្មី​មួយ​សម្រាប់​ទីក្រុង​ហាណូយ។
 
ទោះជាសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការតាមដាន​យ៉ាងដិតដល់​លើ​ការធ្វើដំណើរ​ និង​ការរស់នៅ​ក្រៅ​ប្រទេស​របស់​ជនជាតិ​វៀតណាម​នៅ​មាន​កម្រិត​ក៏ដោយ ក៏លោក ​Abuza​ បាន​និយាយ​ថា​លោក​បារម្ភ​ថា​ការកើនឡើង​នៃ​ការឃ្លាំមើល​អាជីវកម្ម​បរទេស​អាច​រារាំង​ដល់​សេដ្ឋកិច្ច។
 
លោក​បាន​បន្ត​ថា​៖ «​សន្តិសុខ ​និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការបើក​ទ្វារ​អន្តរជាតិ​។ ពួកគេ​ពិតជា​ត្រូវការ​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បាន​ការវិនិយោគ​ពី​បរទេស។ ... ប៉ុន្តែ​ពួកគេ​កំពុង​បញ្ជូន​សញ្ញា​ខុស​ទាំងស្រុង»។
 
ឆ្ពោះ​ទៅ​រក​ការប្រព្រឹត្តដូចទីក្រុង​ប៉េកាំង​ចំពោះ​សហគ្រាស​

លោក Abuza ​បាន​និយាយ​ថា ​លោក​មើលឃើញ​សារ​នៅក្នុង​សារាចរ​ណែនាំ​នេះ​ថា​ កំពុងតែ​ខិត​ទៅជិត​ដូច​ការប្រព្រឹត្តរបស់​ទីក្រុង​ប៉េកាំង​ ចំពោះ​សហគ្រាស​បរទេស​ ដែល​អាច​ជា​ឧបសគ្គ​ដល់​លំហូរ​នៃ​មូលធន​ចូល​ប្រទេស​វៀតណាម ​ខណៈដែល​សាជីវកម្មនានា​កំពុង​សំឡឹង​មើល​វិធី «កាត់​បន្ថយ​ហានិភ័យ»​ ពី​ប្រទេស​ចិន។
 
​លោក​បាន​និយាយ​ថា៖​ «សម្រាប់​រដ្ឋាភិបាល​វៀតណាម​ដែលសរសេរ​ជា​លាយលក្ខ​អក្សរ​ និង​និយាយ​ថា​ក្រុមហ៊ុន​ទាំងនេះ​ត្រូវតែ​ដាក់​ក្រោម​ការឃ្លាំមើល ​និង​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​ ដើម្បី​កុំឱ្យ​ពួកគេ​បង្កើត​បដិវត្តន៍​ពណ៌​ណាមួយ​ ​ចំពោះ​ខ្ញុំ​ នោះ​គឺ​ជាអ្វី​ដែល​បង្ហាញ​យ៉ាងច្បាស់​ពី​ឥទ្ធិពល​របស់​ប្រទេស​ចិន។ ខ្ញុំ​មិន​ដែល​ឃើញ​មាន​នៅក្នុង​ឯកសារ​វៀតណាម​ទេ»។
 
សារាចរ​ណែនាំ​នេះ​បញ្ជា​ឱ្យ​អង្គភាព​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​ចំពោះ​វិនិយោគិន​បរទេស​ដែល​ «លាក់ខ្លួន​នៅក្នុង​ស្រមោល»​ កាន់កាប់​ទីផ្សារ​ និង​អាជីវកម្ម​ក្នុង​ស្រុក​ និង​កាន់កាប់​ផ្នែក​សេដ្ឋកិច្ច​សំខាន់ៗ​ ខណៈដែល​កំពុង​កាន់មុខ​តំណែង​ដ៏​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ​ ដែល​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ឯករាជ្យភាព​ ស្វ័យភាព​សេដ្ឋកិច្ច ​និង​ស្ថិរភាព​នយោបាយ​របស់​យើង»។
 
អ្នកស្រី Nguyen Ngoc Nhu Quynh​ សកម្មជន​វៀតណាម​ដែល​គេ​ស្គាល់​តាម​ឈ្មោះ​និពន្ធ​ថា«មេ​ផ្សិត»​ បាន​ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​មីនា ​ថា​ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ក្រុង​ហាណូយ​បាន​ចេញ​សារាចរ​ណែនាំលេខ ២៤ ​ក្នុង​ខែ​កក្កដា ​ប្រហែល​បី​ខែ​មុន​ពេល​ខ្លួន​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ឋានានុក្រម​ការទូត។
 
លោកស្រី​បាន​និយាយ​ថា​ ទីក្រុង​ហាណូយ​មើលឃើញ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ដទៃទៀត​ថា​ជា​មធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុង​ការកែលម្អ​សេដ្ឋកិច្ច​ ប៉ុន្តែ​ក៏ជា​ការធ្លាក់​ចុះ​សក្តានុពល​របស់​បក្ស​កុម្មុយនិស្ត​ផងដែរ។
 
អ្នកស្រី​បាន​និយាយ​ពី​រដ្ឋតិចសាស់​ថា៖ «សារាចរ​ណែនាំ​លេខ​ ២៤​ គឺ​គ្រាន់តែ​ដើម្បី​ការពារ​ពួក​កុម្មុយនិស្ត​ប៉ុណ្ណោះ»។​
 
អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ពី​រដ្ឋតិចសាស់​ជា​កន្លែង​ដែល​អ្នកស្រី​រស់នៅ​ចាប់តាំងពី​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៨​ បន្ទាប់ពី​ជាប់គុក​នៅ​ប្រទេស​វៀតណាម​ពី​បទចោទ​ប្រកាន់​ប្រឆាំង​នឹង​រដ្ឋ។
អ្នកស្រី​បន្ថែម​ថា៖​ «រដ្ឋាភិបាល​មាន​ការភ័យខ្លាច​យ៉ាង​ខ្លាំង​ចំពោះ​សង្គម​ស៊ីវិល​ ជាពិសេស​នៅពេល​ដែល​ទំនាក់ទំនង​រវាង​វៀតណាម ​និង​សហរដ្ឋ​អាមេរិក​បាន​ផ្លាស់ប្តូរ»។
 

រូបឯកសារ៖ កម្មករម្នាក់កំពុងធ្វើការ​នៅ​រោងចក្រ​គ្រឿងចក្រ​មួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
សិទ្ធិមនុស្ស
 
លោក Phil Robertson ​នាយករង​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ប្រាប់​ VOA​ តាម​អ៊ីមែល​កាលពី​ថ្ងៃទី ១៣ ​ខែមីនា​ថា​ ការអនុវត្ត​សារាចរ​ណែនាំ​នេះ​កំពុង​ដំណើរការ​យ៉ាងល្អ​ ហើយ​ជា​ភស្តុតាង​ច្បាស់លាស់​បំផុត​រហូត​មក​ដល់​បច្ចុប្បន្ន​ដែលបង្ហាញថា​គណបក្ស​កុម្មុយនិស្ត​ចាត់ទុក​សិទ្ធិមនុស្ស​ជា​ការគំរាម​កំហែង​ដល់​ការកាន់​អំណាច​របស់​ខ្លួន។
លោក Robertson ​បាន​សរសេរ​ថា៖​ «ចលនា​របស់​សកម្មជន​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវបាន​លុបចោល​ ដោយ​បន្សល់​ទុកតែ​សាច់ញាតិ​របស់​អ្នក​ដែល​ជាប់គុក ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ និង​រៀបចំ​សាមគ្គីភាព​សម្រាប់​គ្នាទៅវិញទៅមក​ ហើយ​សូម្បីតែ​សកម្មភាព​ទាំងនោះ​កំពុង​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ដោយ​អរិភាព​ពី​រដ្ឋ»។
 
លោក​បាន​បន្ថែម​ថា បុគ្គល​ដែល​គ្មានប្រវត្តិ​ធ្វើសកម្មភាព​នយោបាយ​កំពុង​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ត្អូញត្អែរ​តាម​អ៊ីនធឺណិត​អំពី​រដ្ឋាភិបាល​ក្នុង​តំបន់។
 
អ្នកស្រី Quynh ក៏​បាន​ថ្លែង​ថា​ ប្រជាជន​ក្នុង​ប្រទេស​វៀតណាម​ភ័យខ្លាច​ ហើយ​រដ្ឋាភិបាល​តាម​ចាប់​មនុស្ស​ដែល​អ្នកស្រីស្គាល់​ថា​បាន​ចូលរួម​ក្នុង​ចលនា​សង្គម​ស៊ីវិល​ពី​ដំបូងៗ​គឺ​ប្រហែល​មួយ​ទសវត្សរ៍​មុន ​ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក​មិនបាន​រិះគន់​រដ្ឋាភិបាល​ដោយ​ចំហរ​នោះ​ទេ។
 
អ្នកស្រីបាន​និយាយ​ថា​៖ «​មនុស្ស​ឥឡូវ​កាន់តែ​ភ័យ​ខ្លាច​។ វា​ហាក់​ដូច​ជា​យើង​វិល​ទៅ​រក​ចំណុច​សូន្យ​ក្នុង​ការបោះ​ជំហាន​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ»។
 
ទោះបីជា​មាន​ការគៀប​សង្កត់​បែបនេះក៏ដោយ ​ក៏​លោក Quan ​ដែល​នៅ​ទីក្រុង​ហូជីមិញ ​បាន​និយាយ​ថា​ បរិយាកាស​កាន់តែ​អាក្រក់​សម្រាប់​សិទ្ធិមនុស្ស​អាចនាំ​ឱ្យមាន​ចលនា​នយោបាយ​នាពេល​អនាគត។
 
លោក​បានថ្លែងថា​៖ «​នៅ​ពេល​មនុស្ស​ត្រូវ​បាន​គេ​ជិះជាន់​ខ្លាំង​បំផុត វា​នឹង​មាន​ការ​តស៊ូ​ដោយ​ជៀស​មិន​រួច។ មនុស្ស​ប្រហែល​ជា​មិន​និយាយ​ពី​រឿង​នយោបាយ​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​វែង​នឹង​មាន​ការ​តវ៉ា​ជា​ច្រើន​ដែល​អាជ្ញាធរ​មិន​អាច​ទាយ​ទុក​មុន​បាន»។
 
«ព័ត៌មានមិនពិត និងប្រឌិត»
 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន​មក​វីអូអេ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​បាន​និយាយ​ថា​ ក្រសួង​ប្រឆាំង​ «ព័ត៌មាន​មិនពិត​ និង​ប្រឌិត​ដោយ​ចេតនា​ទុច្ចរិត​សំដៅ​លើ​ប្រទេស​វៀតណាម»​ ដែល​ក្រសួង​ហៅ​ថា​ជា​ «ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម​ ដោយ​មាន​ផែនការ​បំផ្លាញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ចរបស់​វៀតណាម​ និង​បំបែក​វៀតណាម​ចេញពី​សហគមន៍​អន្តរជាតិ»។
 
សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា ​បន្ទាត់​នយោបាយ​ជា​ប្រចាំ​របស់​វៀតណាម​ និង​បក្សកុម្មុយនិស្ត​គឺ​ វៀតណាម​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សមាហរណកម្ម​អន្តរជាតិ​គ្រប់​ជ្រុងជ្រោយ​ និង​ទូលំទូលាយ​ក្នុង​នាម​ជា​សមាជិក​ដែល​មាន​ការទទួល​ខុសត្រូវ​របស់​សហគមន៍​អន្តរជាតិ​ ហើយ​ប្តេជ្ញា​គោរព​តាមការប្តេជ្ញាចិត្ត​អន្តរជាតិ​របស់​ខ្លួន​ រួមទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​សិទ្ធិមនុស្ស​ផងដែរ»។
 
សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា៖ «ដោយ​គិតគូរ​ពី​ការអភិវឌ្ឍ​ដ៏​ស្មុគស្មាញ​នៃ​ពិភពលោក​ និង​តំបន់​ វៀតណាម​បាន​ចេញ​ឯកសារ​ផ្សេងៗ ​និង​អនុវត្ត​វិធានការ​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​ រួមទាំង​ការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ដទៃ​ទៀត ​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​ជាតិ​ សន្តិសុខ​មនុស្ស ​និង​ធានា​ជីវភាពមាន​សន្តិភាព ​និង​សុភមង្គល​របស់​ប្រជាជន»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com