សៀមរាប៖ ពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប ពិសេសអ្នករស់នៅក្បែរតំបន់សួនច្បារព្រះរាជដំណាក់ បានត្អួញត្អែរពីការរំខានដោយសារសំឡេងកងរំពងចេញពីឆាកតន្រ្តីធំៗ ដែលតែងប្រគំជាញឹកញាប់។ ពួកគេយល់ថា ការអនុញ្ញាតឱ្យមានការប្រគំតន្រ្តីខ្នាតធំៗកណ្ដាលក្រុងបែបនេះ កំពុងប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋ និងរំខានដល់ភ្ញៀវទេសចរ ដែលស្នាក់នៅសណ្ឋាគារធំៗក្បែរនោះ។
ដោយសារជាខេត្តទេសចរណ៍ដ៏ពេញនិយមមួយ សៀមរាបតែងមានកម្មវិធីកម្សាន្តជាញឹកញយ ពិសេសកម្មវិធីប្រគំតន្រ្តី។ ទីតាំងដែលនិយមរៀបចំពិធី និងប្រគំតន្រ្តី គឺសួនច្បារហាត់ប្រាណមុខព្រះរាជដំណាក់។ ទោះជាកម្មវិធីប្រគំតន្រ្តីធំៗទាំងនោះ បានផ្តល់ការកម្សាន្ត និងបានចំណូលជួយសេដ្ឋកិច្ចខេត្តមែន ប៉ុន្តែវាក៏បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្បែរនោះដែរ។
លោក វីរៈ ដែលអ្នកសារព័ត៌មានឌីជីថលថ្មីៗដាក់ឱ្យ ជាពលរដ្ឋរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប មិនពេញចិត្តនឹងការប្រគំតន្រ្តី ដែលរៀបចំជាញឹកញាប់ នៅបរិវេណសួនច្បារព្រះរាជដំណាក់នោះទេ។ លោក វីរៈ បានសង្កត់ធ្ងន់ថា សួនព្រះរាជដំណាក់ ,ទីអាសនៈព្រះអង្គចេក ព្រះអង្គចម ដែលជាទីសក្ការៈគោរពបូជារបស់ពលរដ្ឋខ្មែរ បែរជាមានការរំខានឥតស្រាកស្រាន្តពីសំឡេងតន្រ្តីទៅវិញ។
លោកបានសរសេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះសួននេះ (សួនព្រះរាជដំណាក់) កំពុងប្រែក្លាយខ្លួនជាជម្រកប្រគំតន្រ្តីស្រាបៀរស្ទើររាល់សប្ដាហ៍។ បើនិយាយពីឧបករណ៍បំពងសំឡេងវិញ រង្គើអស់ព្រៃ ញ័រដល់ហ្វូងសត្វជ្រឹង ពិសេសរំជួយដល់ទីសក្ការៈព្រះអង្គចេក ព្រះអង្គចមតែម្ដង»។
ឃ្លាចុងក្រោយនៃសំណេររបស់លោក វីរៈ បានដាក់ជាសំណួរយ៉ាងដូច្នេះថា៖«អាណិតតែភ្ញៀវដែលគេងនៅមហាសណ្ឋាគារអង្គរ មិនដឹងសម្រាន្តយ៉ាងម៉េចទេ»?
ការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក វីរៈ ក៏មានមិត្តភក្តិជាច្រើនចូលមកបញ្ចេញមតិគាំទ្រផងដែរ។ ពួកគេសុទ្ធយល់ថា ឆាកតន្រ្តីទាំងនោះកំពុងរំខានដល់អ្នករស់នៅជុំវិញ ហើយអាជ្ញាធរមិនគួរឱ្យមានការប្រគំតន្រ្តីធំៗ ក្នុងក្រុងដូច្នេះឡើយ។ ហ្វេសប៊ុកឈ្មោះ Kot Vanneth បានបញ្ចេញមតិថា «ពិតមែនហើយបង សំឡេងខ្ទរខ្លាំងណាស់ ហើយមួយរយៈនេះឃើញតន្រ្តីស្រាបៀរប្រគំញឹកណាស់។ ខុនសឺត (Concert) កងរំពងបែបនេះ គួរតែធ្វើទីតាំងផ្សេង មិនខ្វះទេកន្លែងល្អធ្វើក្រៅពីសួនព្រះរាជំណាក់។ គ្រាន់តែដើរហាត់ប្រាណចង់ញ័របេះដូងអស់ហើយ»។
ចំណែកហ្វេសប៊ុកឈ្មោះ Bot Mudita បានបញ្ចេញមតិថា « មិនគួរសោះ ហើយមិនឃើញមានចំណេញដល់ប្រយោជន៍សង្គមសោះ លទ្ធផលជាក់ស្ដែងដូចឃើញមានក្នុងព័ត៌មានស្រាប់»។
ចំណែកពលរដ្ឋម្នាក់ទៀតដែលនៅខាងកើតមាត់ស្ទឹង ទល់មុខឆាកតន្រ្តីក៏រអ៊ូពីបញ្ហានេះដែរ តែលោកថា មិនដឹងធ្វើបែបណាទេ ព្រោះក្នុងក្រុងមានតែបរិវេណសួនច្បារនេះហើយ ដែលទូលាយ មានមនុស្សច្រើន ប្រសិនរៀបចំកន្លែងផ្សេង អាចគ្មានមនុស្សទៅក៏ថាបាន។ និយាយសុំមិនបញ្ចេញឈ្មោះ បុរសរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដូច្នេះ៖«វាមានអី មានតែឮ(សំឡេង) ថ្លង់នេះហើយ។ បើចង់ដឹង! ថ្ងៃណាគេប្រគំតន្រ្តីមកស្ដាប់ខ្លួនឯងដឹងហើយ គេងមិនលក់ទេ ទាល់តែចប់កម្មវិធីបានគេងលក់»។
ទាក់ទងនឹងបញ្ហានេះ លោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប មិនបានបំភ្លឺក្បោះក្បាយទេ ដោយលោកគ្រាន់តែឆ្លើយថា រដ្ឋបាលបាលខេត្តបានគិតគូរពីបញ្ហានេះ និងរៀបចំឱ្យកម្មវិធីប្រគំតន្រ្តីត្រូវបិទ ឬបន្ថយសំឡេងនៅត្រឹមម៉ោង១១យប់។ លោក លី វណ្ណៈ ក៏សុំការយោគយល់ចំពោះបញ្ហានេះ ដែលបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ តែលោកឆ្លៀតបកស្រាយបន្តិចថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍ និងកំពុងព្យាយាមបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញទេសចរ៕