អន្តរជាតិ
ជនសង្ស័យវាយប្រហារកន្លែងប្រគំតន្រ្តី៤នាក់ រងបទចោទភេរវកម្ម
25, Mar 2024 , 9:28 am        
រូបភាព
ជនសង្ស័យដែលវាយប្រហារនៅទីតាំងប្រគុំតន្រ្តី Crocus Concert Hall ក្នុងក្រុងមូស្គូ ក្នុងថ្ងៃទី២២ ខែមីនា។ រូបភាព AFP
ជនសង្ស័យដែលវាយប្រហារនៅទីតាំងប្រគុំតន្រ្តី Crocus Concert Hall ក្នុងក្រុងមូស្គូ ក្នុងថ្ងៃទី២២ ខែមីនា។ រូបភាព AFP
បុរស៤នាក់ ដែលជាជនសង្ស័យវាយប្រហារកន្លែងប្រគុំតន្រ្តីនៅរុស្ស៊ី បានរងបទចោទភេរវកម្ម នៅថ្ងៃទី២៤ ខែមីនា ហើយត្រូវស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន រហូតដល់មានសវនាការកាត់ក្តី។ ក្នុងការវាយប្រហារកន្លែងប្រគុំតន្រ្តីនេះ មនុស្សយ៉ាងហោចណាស់ ១៣៧នាក់ បានបាត់បង់ជីវិត។


ក្នុងចំណោមបុគ្គលពាក់ព័ន្ធដែលត្រូវបានចាប់ខ្លួនចំនួន ១១នាក់ បុរស៤នាក់ ត្រូវបានចោទពីបទភេរវកម្ម ហើយប្រឈមនឹងជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញពីតុលាការសង្កាត់Basmanny ក្នុងក្រុងមូស្គូ នៅថ្ងៃទី២៤ ខែមីនា។ 
 
បើតាមតុលាការ ខ្មាន់កាំភ្លើងទាំង ៤នាក់ដែលសុទ្ធតែជាជនបរទេសនោះ ត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី២២ ខែឧសភា។ អ្នកទាំង ៤នាក់នោះ មានឈ្មោះដូចជា លោក Dalerdzhon Mirzoyev, លោក Saidakrami Rachabalizodu, លោក Shamsidin Fariduni និងលោកMuhammadsobir Fayzov។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។ 
 
តាមសេចក្តីថ្លែងការណ៍ដដែលនោះ​ តុលាការរុស្ស៊ី បានបញ្ជាក់ផងដែរថា ជនសង្ស័យចំនួន ២នាក់ បានសារភាពកំហុស ដោយម្នាក់ក្នុងចំណោមនោះ មកពីតាហ្ស៊ីគីស្ថាន។ ក្នុងថ្ងៃដដែលនោះ តុលាការរុស្ស៊ី បានបង្ហោះវីដេអូជុំវិញការនាំខ្លួនជនសង្ស័យទាំង ៤នាក់ ដែលទ្រុឌទ្រោម និងមានរបួសពេញខ្លួនចូលបន្ទប់សវនាការផងដែរ។  
 
បន្ទាប់ពីហេតុការណ៍នៅទីតាំងប្រគុំតន្រ្តី Crocus Concert Hall ក្នុងក្រុងមូស្គូ ក្នុងថ្ងៃទី២២ ខែមីនា រុស្ស៊ី បានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១១នាក់ ដោយក្នុងនោះមាន ៤នាក់ជាខ្មាន់កាំភ្លើង។ ទោះមានការប្រកាសការទទួលខុសត្រូវពីក្រុមរដ្ឋឥស្លាម (ISIS) ក្តី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៣ ខែមីនា កន្លងទៅ ហាក់ចង់ទាញអ៊ុយក្រែនឱ្យពាក់ព័ន្ធនឹងរឿងក្តីឧក្រិដ្ឋកម្មបាញ់ប្រហារនេះ តាមរយៈជនសង្ស័យមានបំណងភៀសខ្លួនទៅអ៊ុយក្រែន ហើយភាគីអ៊ុយក្រែនបានត្រៀមច្រកសម្រាប់អ្នកទាំង ៤រូបនោះផង។ 
 
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអាម៉េរិក បានច្រានចោលការពាក់ព័ន្ធក្នុងការវាយប្រហារនោះ។ មកទល់ពេលនេះ អ្នកស្លាប់ក្នុងការបាញ់ប្រហារខាងលើ បានកើនដល់ ១៣៧នាក់ និងមានអ្នករបួស ១៨២នាក់៕ 

Tag:
 រុស្ស៊ី
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com