ជាតិ
សេដ្ឋកិច្ច
តារាចម្រៀង មាស សុខសោភា ប្តេជ្ញាលើកកម្ពស់ការប្រើប្រាស់«ប្រាក់រៀល» យ៉ាងពេញទំហឹង
25, Mar 2024 , 9:59 am        
រូបភាព
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
«ប្រាក់រៀល» តំណាងឱ្យអត្តសញ្ញាណជាតិ និងឯករាជ្យភាព​នៃសេដ្ឋកិច្ចកម្ពុជា។ ដើម្បីឱ្យការប្រើប្រាស់រូបិយវត្ថុ ​កាន់តែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ​ ​តារាចម្រៀង មាស សុខសោភា បានប្តេជ្ញាចិត្តចូលរួមយ៉ាងពេញទំហឹង ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់«ប្រាក់រៀល»​ដល់ប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែទូលំទូលាយ។
 
«ក្នុងនាមយើងជាកូនខ្មែរមួយរូប​ និងមានសក្កានុពល ដែលមានអ្នកគាំទ្រដ៏ច្រើនលាននាក់[…] គឺខ្ញុំចង់បំផុស និងជម្រាបជូនដល់ពុកម៉ែ បងប្អូន ឱ្យយល់ដឹងពីចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រាក់រៀល[…]»។ តារាចម្រៀង មាស សុខសោភា បានរៀបរាប់បែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី«ប្រាក់រៀល និងប្រព័ន្ធបាគង»​ក្នុងបរិវេណផ្សារទំនើប K Mall នាថ្ងៃទី២៤មីនា ។ 
 

មិនត្រឹមតែចូលរួមផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលប៉ុណ្ណោះទេ តែតារាចម្រៀងឈានមុខនៅកម្ពុជារូបនេះ ក៏បានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ក្នុងការប្រើប្រាស់ប្រាក់រៀល កាន់ច្រើនជាងប្រាក់ដុល្លារ នៅក្នុងសកម្មភាពប្រចាំថ្ងៃ ផងដែរ។ បើតាមតារាចម្រៀង មាស សុខសោភា ការប្រើប្រាស់ប្រាក់រៀល គឺមានភាពងាយស្រួលមែនទែន ក្នុងការដោះដូរជាមួយថ្លៃទំនិញ​ និងសេវាកម្មនានា។ លើសពីនេះ ការប្រើប្រាស់ប្រាក់រៀល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងជាតិ។​
 
តារាចម្រៀង មាស សុខសោភា បានរៀបរាប់បន្ថែមយ៉ាងដូច្នេះ៖ «​ នៅពេលដែលខ្ញុំហុចលុយឱ្យទៅនរណាម្នាក់ ខ្ញុំមានអារម្មណ៍ថា គឺមានតម្លៃ​ដែលយើងមានអត្តសញ្ញាណមួយច្បាស់លាស់! យើងមានប្រទេសមួយច្បាស់លាស់! យើងមានប្រាក់រៀលច្បាស់លាស់»។  
 
ស្របពេល​ជាមួយគ្នា តារាចម្រៀងរូបនេះ ក៏បានអំពាវឱ្យពលរដ្ឋ​ខ្មែរនៅទូទាំងប្រទេស សូមចូលរួមប្រើប្រាស់ប្រាក់​រៀលឱ្យកាន់តែកាន់ទូលំទូលាយ ដើម្បីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួន​ និងសេដ្ឋកិច្ចជាតិ៕  

Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com