អន្តរជាតិ
កូរ៉េខាងជើងថានាយករដ្ឋមន្រ្តីជប៉ុនស្នើជំនួបជាមួយលោកគីម ជុងអ៊ុន
25, Mar 2024 , 8:59 pm        
រូបភាព
លោកស្រី គីម យ៉ូចុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ រូបភាព AFP
លោកស្រី គីម យ៉ូចុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ រូបភាព AFP
លោកស្រី គីម យ៉ូចុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានស្នើរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ យ៉ាងណាមិញ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ បានច្រានចោលជំនួបទ្វេភាគី ដោយសារជប៉ុន មិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។
 
ជាច្រើនឆ្នាំហើយ ទំនាក់ទំនងជប៉ុន-កូរ៉េខាងជើង នៅតែល្អក់កករ និងមិនមានភាពល្អប្រសើរឡើយ ដោយសារតែគោលនយោបាយពង្រឹងអាវុធ និងការចាប់ជម្រិតជនជាតិជប៉ុនពីសំណាក់កូរ៉េខាងជើងនៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ យ៉ាងណាមិញ មួយរយៈចុងក្រោយ នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ តែងបង្ហើបពីគម្រោងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌដាក់ជាមុន។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA លោកស្រី គីម យ៉ូចុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំជប៉ុន បានស្នើជាលក្ខណៈបុគ្គល ដើម្បីជួបជាមួយលោកគីម។​
 
«លោកគីស៊ីដា... បានបង្ហាញបំណងរបស់លោក ដើម្បីជួបជាមួយប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឱ្យបានឆាប់បំផុត»។ លោកស្រីគីម បានបញ្ជាក់បែបនេះ​ នៅក្នុងសេចក្តីថ្លែងការណ៍ការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមីនា។ 
 
យ៉ាងណាក៏ដោយ ប្អូនស្រីលោកគីមរូបនេះ បានបង្ហើបថា លទ្ធភាពនៃជំនួបមេដឹកនាំទាំងពីរ មិនអាចកើតមាន​នោះទេ ដោយសារទំនាក់ទំនងទ្វេភាគីពោរពេញដោយភាពមិនទុកចិត្ត និងមិនយល់គ្នា។ ត្រង់ចំណុចនេះ កូរ៉េខាងជើង បានដាក់លក្ខខណ្ឌដូចពេលកន្លងមកដែរ ដោយឱ្យរដ្ឋាភិបាលក្រុងតូក្យូផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចេញ។ 
 
កន្លងមក ជប៉ុនតែងលើកយកពីបញ្ហាការចាប់ខ្លួនជនជាតិជប៉ុន នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ដែលភាគីកូរ៉េខាងជើងចាត់ទុក បានដោះស្រាយរួចរាល់។ នេះមិនមែនជាលើកទីមួយឡើយ ដែលកូរ៉េខាងជើងលើកឡើងពីជំនួបរវាងលោកគីស៊ីដា និងលោកគីម។ 
 
ក្រោយការចុះផ្សាយខាងលើ ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា លោកមិនបានដឹងពីរបាយការណ៍ចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានKCNA ឡើយ ប៉ុន្តែលោកបានយល់ថា ជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ ជារឿងសំខាន់។ 
 
«សម្រាប់ទំនាក់ទំនងជប៉ុន ការចរចាកម្រិតខ្ពស់ជារឿងសំខាន់ ក្នុងការដោះស្រាយបញ្ហា ដូចជាការចាប់ជំរិត»។ នាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់បែបនេះ ទៅកាន់សភានៅថ្ងៃទី២៥ ខែមីនា។ ត្រង់ប្រធានបទចាប់ជំរិតប្រជាជនខ្លួននេះ មេដឹកនាំជប៉ុនបញ្ជាក់ថា ការស្វះស្វែងរកមធ្យោបាយផ្សេងៗ ជារឿងល្អ ដើម្បីជជែកជាមួយភាគីកូរ៉េខាងជើង។
 
គួររម្លឹកថា អតីតនាយករដ្ឋមន្រ្តីជប៉ុន ក៏ធ្លាប់បំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដែរ ក្នុងឆ្នាំ២០០២ ដែលទស្សនកិច្ចនោះត្រូវបានចាត់ទុកជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ។ កាលនោះ លោក Junichiro Koizumi នាយករដ្ឋមន្រ្តីជប៉ុន បានបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងជាលើកដំបូង។ ទស្សនកិច្ចដ៏សំខាន់នេះ បាននាំឱ្យកូរ៉េខាងជើង ដោះលែងជនជាតិជប៉ុន ៥នាក់ មុនទំនាក់ទំនងប្រទេសទាំងពីរ មានបញ្ហាចម្រូងចម្រាសជាថ្មី៕ 

Tag:
 កូរ៉េខាងជើង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com