FIFA
កីឡាជាតិ
ជាតិ
ជំនួបប្រវត្តិសាស្ត្រ រវាងកម្ពុជា និង ហ្គីយ៉ាន នៅ FIFA Series
26, Mar 2024 , 10:57 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបន្តជួបក្រុម ហ្គីយ៉ាន ដែលជាជំនួបប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ទល់ក្រុមពី CONCACAF ក្នុងការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ចុងក្រោយក្នុងពូល A នៅរាត្រីថ្ងៃទី២៦ ខែមីនា វេលាម៉ោង ២ រំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ក្រុមទាំងពីរ សុទ្ធតែត្រូវការពិន្ទុជាលើកដំបូងរៀងខ្លួន ដ្បិតបរាជ័យនៅជំនួបបើកឆាកដូចគ្នា។


ជំនួបរវាងគោព្រៃកម្ពុជា និងក្រុមហ្គីយ៉ាន មកពីតំបន់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) នឹងធ្វើនៅកីឡដ្ឋាន Prince Abdullah Al-Faisal ដដែល ដែលស្ថិតក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ កាលពីជំនួបដំបូងក្រុមទាំងពីរសុទ្ធតែបរាជ័យរៀងខ្លួន ក្នុងនោះកម្ពុជាចាញ់ ក្រុមពីទ្វីអាហ្វ្រិក ហ្គីណេអេក្វាទ័រ ២-០ ស្របពេល ហ្គីយ៉ាន ចាញ់ កាប់វែរ ដែលជាក្រុមខ្លាំងមកពីអាហ្វ្រិក ក្នុងលទ្ធផល ១-០។
 
សម្រាប់ការជួបគ្នាចុងក្រោយក្នុងការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្នុងពូល A ទាំងក្រុមកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកអាហ្សង់ទីនលោក Filix Dalmaz និង ហ្គីយ៉ាន ដែលមានលោក Jamaal Shabazz សញ្ជាតិទ្រីនីដាន និងតូបាហ្កោជាគ្រូបង្វឹក សុទ្ធតែត្រូវការពិន្ទុជាលើកដំបូងរៀងខ្លួន។ យ៉ាងណាក៏ដោយ បើមើលលើកម្រិត និងស្ថិតិប្រកួត ហ្គីយ៉ាន ជាក្រុមមានប្រៀបជាងកម្ពុជា។
 
ហ្គីយ៉ាន ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ពិភពលោក ក្នុងតារាង FIFA Ranking បច្ចុប្បន្ន ធ្លាប់មានប្រវត្តិប្រកួតជាមួយក្រុមកម្រិតខ្លាំងៗនៅតំបន់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) ដោយក្នុងនោះឈ្នះ ព័រតូរីកូ និងស្មើ ទ្រីនីដាន និងតូបាហ្កោជាដើម។ បន្ទាប់ពី ប៉ះកម្ពុជានៅ FIFA Series នេះ ក្រុមហ្គីយ៉ាន ត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ជុំទី២ តំបន់ CONCACAF នៅខែមិថុនា ដោយស្ថិតក្នុងពូល D ជាមួយក្រុមគីឡូ World Cup ប៉ាណាម៉ា និង៣ក្រុមទៀត។
 
ដោយឡែកក្រុមកម្ពុជាវិញ សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី១៧៩ពិភពលោក និងបង្ហាញខ្លួនមិនសូវបានល្អឡើយក្នុងរយៈពេលចុងក្រោយ។ យ៉ាងណាក៏ដោយ សម្រាប់ជំនួបទល់ហ្គីយ៉ាន ដែលជាជំនួបប្រវត្តិសាស្ត្ររបស់កម្ពុជា ទល់នឹងក្រុមមកពី CONCACAF រំពឹងថានឹងទទួលបានពិន្ទុត្រឡប់មកផ្ទះវិញ។
 
ស្របពេល កម្ពុជា និង​ហ្គីយ៉ានមិនទាន់មានពិន្ទុរាប់ ក្រុមពីរទៀតក្នុងពូល A ដែលមាន កាប់វែរ និង ហ្គីណេអេក្វាទ័រ រកបានពិន្ទុរួចហើយ។ ឆ្លងកាត់ពីរប្រកួត កាប់វែរ ឈរកំពូលតារាង រកបាន៦ពិន្ទុពេញ តាមរយៈការយកឈ្នះ ហ្គីយ៉ាន ១-០ និង ឈ្នះ ហ្គីណេអេក្វាទ័រ ១-០ ដូចគ្នា។ ហ្គីណេអេក្វាទ័រ មាន៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ក្រោយឈ្នះកម្ពុជានៅជំនួបបើកឆាក ២-០។ ទោះក្នុងមួយពូល មាន៤ក្រុម ប៉ុន្តែកម្មវិធី FIFA Series តម្រូវឱ្យមានការប្រកួតតែ២លើកម្នាក់ប៉ុណ្ណោះ ក្នុងនោះក្រុមខ្លះមិនប៉ះគ្នាឡើយ ដូចជាកម្ពុជា និង កាប់វែរ រួមជាមួយហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន៕

© រក្សាសិទ្ធិដោយ thmeythmey.com