នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៥ ខែមីនា ប្រកាសលុបចោលទស្សនកិច្ចរបស់គណៈប្រតិភូទៅវ៉ាស៊ីនតោន។ ការលុបចោលទស្សនកិច្ចមួយនេះ ធ្វើឡើងក្រោយអាម៉េរិកបានបោះឆ្នោតអនុប្បវាទលើសំណើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងជម្លោះនៅកាហ្សា។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៥ ខែមីនា បានអនុម័តសេចក្តីសម្រេចលើបទឈប់បាញ់អំឡុងពេលបុណ្យរ៉ម៉ាឌន ដែលនឹងចប់ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ ក្រោយអាម៉េរិកបោះឆ្នោតអនុប្បវាទ។ សេចក្តីសម្រេចនេះ បានអំពាវនាវឱ្យក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងផងដែរ។ នេះជាសេចក្តីសម្រេចដ៏សំខាន់មួយ ក្រោយជម្លោះបានកើតមានប្រមាណ ៦ខែ។
យ៉ាងណាមិញ ការបោះឆ្នោតអនុប្បវាទរបស់អាម៉េរិក ធ្វើឱ្យអុីស្រាអែលមានការខឹងជាខ្លាំង។ អុីស្រាអែលថានេះជាការដកថយយ៉ាងច្បាស់ពីជំហររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើជម្លោះកាហ្សា។ ជាកាយវិការបង្ហាញការមិនពេញចិត្ត លោក លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអុីស្រាអែល បានរំសាយការបញ្ជូនគណៈប្រតិភូ ទីក្រុងវ៉ាស៊ីនតោន។
«ការប្តូរជំហរក្នុងសង្គ្រាមនៅកាហ្សា ធ្វើឱ្យប៉ះពាល់ទាំងកិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាម និងការខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ខ្មាំង ព្រោះវាផ្តល់សង្ឃឹមឱ្យក្រុមហាម៉ាសថាសម្ពាធអន្តរជាតិនឹងអនុញ្ញាតឱ្យពួកគេទទួលយកបទឈប់បាញ់ដោយគ្មានការដោះលែងចំណាប់ខ្មាំងរបស់យើង»។ ការិយាល័យលោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៥ ខែមីនា។
ទីប្រឹក្សាសន្តិសុខជាតិអុីស្រាអែល លោក Tzachi Hanegbi និងលោក Ron Dermer សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាម និងជាទីប្រឹក្សាជិតស្និទ្ធរបស់លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅយប់ថ្ងៃទី២៥ ខែមីនា។ ភាគីអុីស្រាអែល ចង់ជួបពិភាក្សាជាមួយអាម៉េរិកពីប្រតិបត្តិការយោធានៅតំបន់ Rafah ព្រមទាំង ការគាំទ្រផ្នែកយោធាអាម៉េរិកផងដែរ។
ដោយរងការចោទពីអុីស្រាអែល សេតវិមាន បានថ្លែងការពារថា ការបោះអនុប្បវាទរបស់ខ្លួន មិនបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើជម្លោះអុីស្រាអែល និងហាម៉ាសទេ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានបញ្ជាក់ថា អាម៉េរិកមិនវេតូ ដោយសារ សេចក្តីសម្រេចនោះមានការទាមទារឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ មុនសេចក្តីសម្រេចខាងលើ អាម៉េរិក ក៏ធ្វើសេចក្តីព្រាងសេចក្តីសម្រេចឱ្យមានបទឈប់បាញ់ដែរនៅក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែត្រូវបានបដិសេធ។
អ្នកនាំពាក្យសេតវិមានលោក John Kirby បានបង្ហាញការខកចិត្ត ក្រោយអុីស្រាអែលលុបចោទទស្សនកិច្ចមន្រ្តីខ្លួន។ ជំនួបនេះ នឹងអនុញ្ញាតឱ្យមានការសន្ទនាពេញលេញជាមួយអុីស្រាអែលអំពីជម្រើស ដែលរៀបចំនៅតំបន់ Rafah។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅលើបណ្តាញសង្គមថា X ប្រទេសលោក នឹងមិនគោរពតាមសេចក្តីសម្រេចនោះទេ។ លោក Katz បន្តថា «រដ្ឋអ៊ីស្រាអែលនឹងមិនឈប់បាញ់ទេ។ យើងនឹងកម្ទេចក្រុមហាម៉ាស ហើយបន្តប្រយុទ្ធរហូតដល់ចំណាប់ខ្មាំងចុងក្រោយត្រឡប់មកផ្ទះវិញ»។
ការលុបចោលគម្រោងនេះ បានបញ្ជាក់ឱ្យឃើញការខ្វែងគំនិតគ្នារវាងអាម៉េរិក និងអុីស្រាអែល។ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានCNN ថាការលុបចោលដំណើរទស្សនកិច្ចប្រតិភូអុីស្រាអែល ជាប្រតិកម្មហួសហេតុ ដែលទំនងជាឆ្លុះបញ្ចាំងពីកង្វល់នយោបាយក្នុងស្រុកផ្ទាល់ខ្លួនរបស់លោក ណេតាន់យ៉ាហ៊ូ៕