អន្តរជាតិ
នាយកប្រតិបត្តិBoeing ប្រកាសលាលែងក្រោយឧបទ្ទវហេតុរបើកទ្វារយន្តហោះ
26, Mar 2024 , 3:49 pm        
រូបភាព
លោក Dave Calhoun នឹងចាកចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing នៅចុងឆ្នាំនេះ ក្នុងការរុះរើគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន (Board Management)។ ការរុះរើក្បាលម៉ាស៊ីនក្រុមហ៊ុនបែបនេះ ធ្វើឡើងស្របពេលBoeing ប្រឈមនឹងបញ្ហាសុវត្ថិភាពលើយន្តហោះ។
 
ក្រុមហ៊ុនផលិតយន្តហោះ Boeing នៅថ្ងៃទី២៥ ខែមីនា បានប្រកាសពីការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រុមហ៊ុនជាបន្តបន្ទាប់។ ក្នុងនោះនាយកប្រតិបត្តិលោក Dave Calhoun នឹងចាកចេញពីតំណែងនៅចុងឆ្នាំនេះ។
 
លោក Dave Calhoun បានស្ថិតក្រោម​សម្ពាធ​ពី​ឧប្បត្តិហេតុ​យន្តហោះ Boeing នាពេលថ្មីៗនេះ។ កាលពីថ្ងៃទី៥ ខែមករា យន្តហោះ Boeing 737 MAX 9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានចុះចតបន្ទាន់ក្រោយបន្ទះទ្វារយន្តហោះបានរបើកនៅរយៈកម្ពស់ ៥០០០ម៉ែត្រ។ បីថ្ងៃក្រោយមក ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានរកឃើញថា យន្តហោះ 737 MAX 9 មានវីសរលុងកំឡុងពេលត្រួតពិនិត្យបឋម។
 
ឧបទ្ទវហេតុ​នេះ បាន​​ធ្វើ​ឲ្យ​ក្រុមហ៊ុន Boeing ទទួលការមិន​ទុក​ចិត្ត​ពី​មន្ត្រី​អាម៉េរិក និង​ការមិនពេញចិត្តជាច្រើនពីបណ្តា​​ក្រុមហ៊ុន​អាកាសចរណ៍នានា។ កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកមួយក្រុម បានជួបជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Boeing ដើម្បីបង្ហាញពីការព្រួយបារម្ភជុំវិញឧបទ្ទវហេតុជាមួយក្រុមហ៊ុនអាកាសចរណ៍ Alaska។
 
ជុំវិញការលាលែងតំណែងនេះ ប្រធានក្រុមហ៊ុន Boeing លោក Larry Kellner ក៏នឹងចាកចេញពីក្រុមប្រឹក្សាភិបាលដែរ។ អតីតនាយកប្រតិបត្តិ Qualcomm លោក Steve Mollenkopf ត្រូវបានតែងតាំងជំនួស។
 
បច្ចុប្បន្ន​ ក្រុមហ៊ុន Boeing កំពុងតែកាត់បន្ថយការផលិតមួយចំនួន ដើម្បីព្យាយាមកែលម្អគុណភាពយន្តហោះឡើងវិញ។ ការណ៍នេះ នឹងធ្វើឱ្យក្រុមហ៊ុនចំណាយប្រាក់ច្រើនជាងមុន។ នៅក្នុងសន្និសីទធនាគារអាម៉េរិកកាលពីថ្ងៃទី២០ ខែមីនា លោក Brian West ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Boeing បានព្យាករថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ ក្រុមហ៊ុន Boeing អាចបាត់បង់សាច់ប្រាក់ពី ៤ទៅ ៤,៥ពាន់លានដុល្លារ។ ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុនរបស់ Boeing បានបាត់បង់ជិត ២៥ភាគរយ។
 
ឧប្បត្តិហេតុរបស់ក្រុមហ៊ុន Boeing បណ្តាលឱ្យការបញ្ជាទិញហូរទៅកាន់ក្រុមហ៊ុន Airbus ដែលជាគូប្រជែងរបស់ខ្លួនយ៉ាងច្រើន។ កាល​ពី​សប្តាហ៍​មុន Airbus ​​ទទួល​ការ​បញ្ជា​ទិញ​យន្តហោះ​ចំនួន ៦៥គ្រឿង​ពី​អតិថិជនចម្បង ២ របស់ Boeing នៅ​អាស៊ី គឺ​ក្រុមហ៊ុនJapan Airlines (JAL) និង Korean Air៕ 

Tag:
 Boeing
  Dave Calhoun
© រក្សាសិទ្ធិដោយ thmeythmey.com