ជាតិ
សង្គមជាតិ
សមាគមអ្នកប្រើប្រាស់ នឹងត្រូវបង្កើតឡើងដើម្បីការពារផលប្រយោជន៍ ​និងសិទ្ធិពលរដ្ឋ
26, Mar 2024 , 9:29 pm        
រូបភាព
រូបតំណាង៖ ក្រុមការងារ ក.ប.ប ចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។ រូបថត៖ ក.ប.ប​
រូបតំណាង៖ ក្រុមការងារ ក.ប.ប ចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។ រូបថត៖ ក.ប.ប​
សមាគមអ្នកប្រើប្រាស់ ក្នុងវិស័យចំណីអាហារ នឹងត្រូវបង្កើតឡើងដើម្បីការពារផលប្រយោជន៍ ​និងសិទ្ធិអ្នកប្រើប្រាស់។ ជាពិសេស សមាគមមួយនេះ នឹងតួនាទីសំខាន់ ក្នុងការនាំយកបណ្តឹងនានារបស់អ្នកប្រើប្រាស់ ទៅកាន់គណៈកម្មការជាតិការពារអ្នកប្រើប្រាស់​  ឬតុលាការដើម្បីដោះស្រាយផ្ទាល់តែម្តង។​ នេះជាការលើកឡើងរបស់លោក ប្រាក់ សេរីវឌ្ឍន៍ អ្នកតំណាងក្រុមការងាររៀបចំបង្កើតសមាគមអ្នកប្រើប្រាស់ក្នុងវិស័យចំណីអាហារ។
 
បើតាមលោក សេរីវឌ្ឍន៍ បេសកកម្មរបស់សមាគមអ្នកប្រើប្រាស់​ នឹងជួយការពារអ្នកប្រើប្រាស់ លើសុវត្ថិភាពផ្នែក​ចំណីអាហារ។  ក្នុងពិធីសន្និបាតកំណើតនៃសមាគមអ្នកប្រើប្រាស់កម្ពុជាក្នុងវិស័យសុវត្ថិភាពអាហារ នាថ្ងៃទី២៣មីនា សេរីវឌ្ឍន៍ បានបញ្ជាក់ថា៖ «មិនត្រឹមតែការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ,​ តែយើងក៏នឹងលើកកម្ពស់ការយល់ដឹងរបស់អ្នកផ្គត់ផ្គង់អាហារ ផងដែរ ដោយធ្វើយ៉ាងណាឱ្យផ្គត់ផ្គង់​ដែលជាអ្នកផលិត ឬកែច្នៃអាហារ មានភាពប្រុងប្រយ័ត្នចំពោះចំណីអាហារ​ដែលខ្លួនបានផលិត»។​
 
អ្នកតំណាងក្រុមការងាររៀបចំបង្កើតសមាគមអ្នកប្រើប្រាស់ ក្នុងវិស័យចំណីអាហាររូបនេះ បានបន្ថែមថា​ អ្នកផលិតត្រូវយល់ពីកាតព្វកិច្ច​ និងការទទួលខុសត្រូវសង្គម ពោលគឺមិនត្រូវផលិតអាហារ ដែល គ្មានសុវត្ថិភាព ធ្វើឱ្យពលរដ្ឋប៉ះពាល់សុខភាព ក្រោយទទួលទានឡើយ។ «អ្នកផលិតត្រូវយល់ថា នៅពេលពលរដ្ឋទទួលទានអាហារទៅប៉ះពាល់សុខភាព នឹងនាំឱ្យសង្គមយើងមានធនធានមិនល្អ។ ធនធានមនុស្សមិនល្អ នឹងក្លាយជាបញ្ហាសង្គមជាតិយើងទាំងមូល»។ នេះជាការមើលឃើញរបស់លោក ប្រាក់ សេរីវឌ្ឍន៍។ 
 
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប 

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានគាំទ្រ និងមើលឃើញថា សមាគមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ និងសិទ្ធិអ្នកប្រើប្រាស់ ឱ្យចៀសពីហានិភ័យ ឬគ្រោះថ្នាក់ ឬផលប៉ះពាល់នៃការពុលពីចំណីអាហារ។​ លើសពីនេះ សមាគម ក៏អាចដើរតួនាទីតំណាងឱ្យអ្នកប្រើប្រាស់ ដែលរងគ្រោះពីការប្រើប្រាស់ចំណីអាហារ នៅចំពោះមុខគណៈកម្មការជាតិការពារអ្នកប្រើប្រាស់ ឬនៅក្នុងក្នុងតុលាការ។ 
 
លោក ផាន អូន បានបញ្ជាក់ថា ៖ « សមាគមនេះ នឹងដើរតួនាទីជាសេនាធិកាកណ្តាលក្នុងការភ្ជាប់ទំនាក់ទំនងពីអ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរ ដែលជាអ្នកអនុវត្តច្បាប់ ហើយ​ក៏នឹងជាអ្នកតំណាងមួយសម្រាប់អ្នកប្រើប្រាស់នៅពេលមានបញ្ហាអ្វី ក៏គាត់អាចយកបណ្តឹងពីអ្នកប្រើប្រាស់ទៅគណៈកម្មការ និងទៅតុលាការបាន ផងដែរ»។​
 
ជាមួយគ្នានេះ​ សមាគម ក៏អាចបញ្ចេញទស្សនទាន នៅពេលក្រសួង-ស្ថាប័នតាក់តែងឯកសារគតិយុត្ត ជាពិសេស គឺនៅក្នុងការរៀបចំឯកសារដែលពាក់ព័ន្ធស្តង់ដា​ និងបទប្បញ្ញត្តិចំណីអាហារ។ សមាគមនេះ ក៏អាចបង្កើតជាក្រុមតូចៗ ទៅតាមបណ្តារាជធានី-ខេត្ត ផងដែរ៕

Tag:
 សមាគមអ្នកប្រើប្រាស់​
© រក្សាសិទ្ធិដោយ thmeythmey.com