ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្នុងវេទិកាបូអាវនៅចិន សម្តេច ហ៊ុន សែន នឹងថ្លែងពីបញ្ហាប្រឈម និងការទទួលខុសត្រូវរួមគ្នា
27, Mar 2024 , 8:58 am        
រូបភាព
សម្តេច ហ៊ុន សែន មុន​ពេល​ដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ហៃណាន ប្រទេស​ចិន ព្រឹកថ្ងៃទី​២៧ ខែមីនា។ រូបថត SHS Media
សម្តេច ហ៊ុន សែន មុន​ពេល​ដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ហៃណាន ប្រទេស​ចិន ព្រឹកថ្ងៃទី​២៧ ខែមីនា។ រូបថត SHS Media
ដោយ: រួបរួម
សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា នេះ បានចេញដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាបូអាវ (Boao Forum) នៅខេត្តហៃណាន ប្រទេសចិន។ ក្នុងវេទិកាលំដាប់ខ្ពស់សម្រាប់កិច្ចសន្ទនាក្នុងចំណោមថ្នាក់ដឹកនាំនេះ ប្រធានគណបក្សប្រជាជនកម្ពុជា នឹងថ្លែងសុន្ទរកថា ក្នុងពិធីបើកក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។


ការអញ្ជើញទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំ៣ថ្ងៃក្នុងវេទិកាបូអាវ ជាដំណើរចេញទៅក្រៅប្រទេសផ្លូវការលើកដំបូងរបស់សម្តេច ហ៊ុន សែន បើគិតចាប់តាំងពីសម្តេចបានចាកចេញពីតំណែងនាយករដ្ឋមន្ត្រីសម្រាប់អណត្តិទី៧នេះ។ ឥស្សរជនដែលអមដំណើរសម្តេច ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រៅពីថ្លែងសុន្ទរកថា ក្នុងពិធីបើកក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»សម្តេច ហ៊ុន សែន នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ដូចជា លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះផងដែរ សម្ដេច ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា។

វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនស្វែងរកប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ វេទិកានេះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com