អន្តរជាតិ
ប្រទេស​នូវែលសេឡង់​ភ្ជាប់​ក្រុម​ចោរ​លួច​ព័ត៌មានវិទ្យា​​ពី​សភា​​របស់​ខ្លួន​ទៅ​នឹង​រដ្ឋចិន
28, Mar 2024 , 7:59 am        
រូបភាព
មន្ត្រីបាននិយាយថា អគ្គនាយកការិយាល័យសន្តិសុខទំនាក់ទំនងរបស់រដ្ឋាភិបាលនូវែលសេឡង់ លោក Andrew Clark ថ្លែងនៅក្នុងទីក្រុង Wellington ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។
មន្ត្រីបាននិយាយថា អគ្គនាយកការិយាល័យសន្តិសុខទំនាក់ទំនងរបស់រដ្ឋាភិបាលនូវែលសេឡង់ លោក Andrew Clark ថ្លែងនៅក្នុងទីក្រុង Wellington ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។
ដោយ: VOA
ប្រទេស​នូវែលសេឡង់​និយាយ​​ថា​ មាន​ប្រតិបត្តិការ​លួចទិន្នន័យ​មួយ​ ដែល​គាំទ្រ​ដោយ​រដ្ឋចិន​ ​បានសំដៅ​លើ​សភា​ប្រទេស​នូវែលសេឡង់​កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ​។​ ការ​ចោទប្រកាន់នេះ​កើត​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​ចាត់​វិធានការដើម្បី​ឆ្លើយតប​ទៅ​នឹងការ​វាយប្រហារ​ដែលក្រុម​ចោរលួចព័ត៌មានវិទ្យា​ចិន​បាន​ធ្វើ​ទៅ​លើប្រទេស​ខ្លួន។


ការិយាល័យ​ទំនាក់ទំនង​សន្តិសុខរដ្ឋាភិបាល​នូវែលសេឡង់(GCSB) ​និយាយ​ថា​ ​ខ្លួន​បាន​ភ្ជាប់សកម្មភាព​វាយប្រហារ​អ៊ីនធឺណិតលើ​សភា​របស់​ខ្លួន​ ទៅ​នឹង​ក្រុមដែល​មាន​ឈ្មោះថា​Advanced Persistent Threat 40 ដែលការិយាល័យ​ GCSB ​របស់​នូវែលសេឡង់​និយាយ​ថា​ មាន​ទំនាក់ទំនង​ជា​មួយក្រសួង​សន្តិសុខ​រដ្ឋ​ចិន។ ​
 
ស្ថានទូតចិន​ក្នុង​ទីក្រុង​វែលលីងតោន​ ប្រទេស​នូវែលសេឡង់​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​នេះ​ ដោយ​ចាត់​ទុក​ថា​ នេះ​ការ​ចោទ​ប្រកាន់​ដែល​«គ្មាន​ការ​ទទួល​ខុសត្រូវ​និង​គ្មាន​មូលដ្ឋាន»។
 
អាជ្ញាធរ​អង់គ្លេស​និង​អាមេរិកបាន​ប្រកាស​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​និង​ដាក់ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ប្រឆាំង​នឹង​ក្រុម​ចោរ​លួចព័ត៌មាន​វិទ្យា​ចំនួន​៧​នាក់​ ដែល​ត្រូវ​គេ​ជឿជាក់​ថា​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ចិន​ និង​មាន​ទំនាក់ទំនង​ជា​មួយ​រដ្ឋាភិបាល​ចិន។​ ​
 
ប្រតិបត្តិការ​នេះ​ត្រូវ​បាន​អនុវត្ត​ឡើង​ដោយក្រុម​លួចព័ត៌មាន​វិទ្យា​ដែល​មាន​ឈ្មោះថា​Advanced Persistent Threat 31​ឬ​ APT31 ដែល​ជា​សាខាប្រតិបត្តិការ​ដែល​មាន​ការ​គាំទ្រ​ដោយ​រដ្ឋចិន​ និង​មាន​ទិសដៅ​ទៅ​លើ​មន្ត្រី​សហរដ្ឋ​អាមេរិក​ ​អ្នកកាសែត​ ​ក្រុមហ៊ុនជំនួញ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ក្រុម​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ប្រទេស​អង់គ្លេស។ ​
 
យុទ្ធនាការ​របស់​ក្រុម​នេះ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១០​ ​ ដោយព្យាយាម​ស៊ើបការណ៍​និង​បំភ័យ​មន្ត្រី​ជាន់ខ្ពស់​និង​អ្នករិះគន់​ទៅ​លើរដ្ឋាភិបាល​ចិន។ ​យុទ្ធនាការ​នេះ​ក៏​មាន​បំណង​ប្រមូល​ព័ត៌មានពាណិជ្ជកម្មសម្ងាត់​ពី​ក្រុមហ៊ុន​អាមេរិកាំង​ផង​ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com