អន្តរជាតិ
រដ្ឋសភាថៃ អនុម័តសេចក្តីព្រាងច្បាប់គាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា
28, Mar 2024 , 10:16 am        
រូបភាព
សហគមន៍ស្រលាញ់ភេទដូចគ្នានៅថៃ។ រូបភាព AFP
សហគមន៍ស្រលាញ់ភេទដូចគ្នានៅថៃ។ រូបភាព AFP
រដ្ឋសភាថៃ នៅថ្ងៃទី ២៧ ខែមីនា បានអនុម័តក្នុងសំឡេងគាំទ្រដ៏ច្រើនលើសលុបលើសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលគាំទ្រឱ្យអ្នកស្រលាញ់ភេទដូចគ្នាមានចំណងផ្លូវច្បាប់ ដូចប្រុស និងស្រី្តដែរ។ យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះ នៅឆ្លងកាត់ព្រឹទ្ធសភា និងការចុះហត្ថលេខាពីព្រះមហាក្សត្រទៀត ដើម្បីចូលជាធរមានបាន។
 
ក្រោយពីតាក់តែងនៅមួយទសវត្សរ៍មុន សេចក្តីព្រាងច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ត្រូវបានរដ្ឋសភាថៃ អនុម័តហើយ នៅថ្ងៃទី២៧ ខែមីនា។ នេះជាជំហានដ៏សំខាន់មួយ ដែលធ្វើឱ្យថៃខិតទៅដែនដីទីបី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ នៅក្នុងតំបន់អាស៊ី គាំទ្រអ្នកស្រលាញ់ភេទដូចគ្នាតាមផ្លូវច្បាប់។ 
 
សេចក្តីព្រាងច្បាប់ផ្ដល់សិទ្ធិរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា ត្រូវបានទទួលការគាំទ្រពីបក្សធំៗទាំងអស់របស់ថៃ ដោយត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភាចំនួន ៤០០នាក់ក្នុងចំណោមសមាជិកសរុប ៤១៥ រូបដែលមានវត្តមាន។ ចំណែកសមាជិកសភាចំនួន ១០នាក់ប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំង។ 
 
«ពួកយើងបានធ្វើការងារនេះសម្រាប់ប្រជាជនថៃទាំងអស់ ដើម្បីកាត់បន្ថយភាពខុសគ្នានៅក្នុងសង្គម និងចាប់ផ្តើមបង្កើតសមភាព»។ ប្រធានគណៈកម្មាធិការសភាលើសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍ លោក Danuphorn Punnakanta​ បានប្រាប់សមាជិកសភាមុនការបោះឆ្នោតបែបនេះ។ 
 
ការអនុម័តសេចក្តីព្រាងច្បាប់នេះ ជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការពង្រឹងជំហរ របស់ថៃជាសង្គមសេរីបំផុតមួយរបស់អាស៊ី លើបញ្ហាស្ត្រីស្រឡាញ់ភេទដូចគ្នា, បុរសស្រឡាញ់ភេទដូចគ្នា, បុគ្គលដែលស្រឡាញ់ទាំងពីរភេទ និងបុគ្គលកែភេទ ជាមួយនឹងការបើកចំហ និងអាកប្បកិរិយាសេរី ព្រមទាំងការរស់ជាមួយតម្លៃព្រះពុទ្ធសាសនាបែបប្រពៃណី និងអភិរក្សនិយម។
 
ថៃ​ជា​កន្លែង​ទាក់ទាញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​យូរ​មក​ហើយ​ជាមួយ​នឹងការបង្ហាញពីសង្គម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​រស់រវើក​សម្រាប់​អ្នក​ក្នុង​ស្រុក និង​ជនបរទេស ហើយយុទ្ធនាការ​ជា​គោលដៅ​ដើម្បី​ទាក់ទាញ​អ្នក​ធ្វើ​ដំណើររបស់អ្នកស្រឡាញ់ភេទដូចគ្នា ស្រឡាញ់ភេទទាំងពីរ និងមនុស្សប្តូរភេទជារួមផងដែរ (LGBT)។
 
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា និងការចុះហត្ថលេខាពីព្រះមហាក្សត្រជាមុនសិន។ ក្រោយទទួលបានការអនុម័តពីព្រឹទ្ធសភា និងការយល់ព្រមពីព្រះមហាក្សត្រ ច្បាប់ខាងលើ នឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះចូលជាធរមាន បុគ្គលដែលស្រលាញ់ភេទដូចគ្នា នឹងមានចំណងផ្លូវច្បាប់ពេញលេញ ដូចបុរស និងស្រ្តីដែរ ពោលគឺអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន (អេតាស៊ីវិល)។
 
គួររំលឹកថា សេចក្ដីព្រាងច្បាប់​នេះ​ពន្យា​រពេល​ជាង​មួយ​ទសវត្សរ៍​​មកហើយ ក្នុងការស្វែងរកការ​បង្កើតជាច្បាប់ដោយ​សារ​តែភាព​ចលាចល​ផ្នែក​នយោបាយ និង​ការ​ខ្វែង​គំនិត​គ្នា​លើ​វិធីសាស្ត្រ​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​គួរ​ដាក់​បញ្ចូល​ក្នុង​ច្បាប់​នេះ។
 
ទន្ទឹមនេះសភាកាលពីខែធ្នូបានអនុម័តសេចក្តីព្រាងច្បាប់ចំនួនបួនផ្សេងគ្នាស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នានៅក្នុងការបោះឆ្នោតលើកដំបូង ហើយបានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការ មួយដើម្បីបង្រួបបង្រួមជាសេចក្តីព្រាងតែមួយ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com