RFI
អន្តរជាតិ
វៀតណាមផ្តន្ទាទោសមហា​សេដ្ឋី​​​ម្នាក់ទៀត​ឲ្យជាប់​ពន្ធធនាគារ៨ឆ្នាំ​ពី​បទ​ពុករលួយគៃបន្លំ
28, Mar 2024 , 7:29 pm        
រូបភាព
ថ្ងៃទី២៧មីនា តុលាការក្រុងហាណូយ បានផ្តន្ទាទោស មហាសេដ្ឋីអចលនទ្រព្យ លោក ដូ អាញ ឌុង ឲ្យជាប់ក្រោយចម្រឹងដែក ៨ឆ្នាំ។ AFP - ANH TUC
ថ្ងៃទី២៧មីនា តុលាការក្រុងហាណូយ បានផ្តន្ទាទោស មហាសេដ្ឋីអចលនទ្រព្យ លោក ដូ អាញ ឌុង ឲ្យជាប់ក្រោយចម្រឹងដែក ៨ឆ្នាំ។ AFP - ANH TUC
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
យុទ្ធនាការ​ប្រឆាំងអំពើ​ពុករលួយនៅវៀតណាមកំពុង​សកម្ម​ជាខ្លាំង​​​​។ ថ្ងៃទី២៧មីនា តុលាការក្រុង​ហាណូយ បាន​ផ្តន្ទាទោស មហាសេដ្ឋី​អចលនទ្រព្យ លោក ដូ អាញ ឌុង ​ឲ្យ​ជាប់​ក្រោយ​ចម្រឹងដែក ៨ឆ្នាំ​។  ចំណែក​នៅក្រុង​ហូជីមីញ រដ្ឋអាជ្ញាទាមទារ​ពីសប្តាហ៍​មុន ឲ្យ​កាត់ទោសប្រហារជីវិត ​ មហាសេដ្ឋីនី​អចលនទ្រព្យ ​លោកស្រី ជឿង មី ឡាន ក្នុង​បទ​លួច​គៃបន្លំ​ហិរញ្ញវត្ថុ។


មហាសេដ្ឋី​អចលនទ្រព្យ លោក ដូ អាញ ឌុង (Đỗ Anh Dũng) ត្រូវ​តុលាការ​ហាណូយ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ពី​បទ​ពុករលួយ ក្លែង​បន្លំ​ បោកបញ្ឆោត​អ្នក​វិនិយោគទុន​។​ ទំហំទឹកប្រាក់​ដែល​ខាត​បង់​ក្នុង​អំពើ​ល្មើសនេះ ត្រូវ​កាសែត​រដ្ឋវៀតណាម​ ប៉ាន់​​​ប្រមាណថា ​៣៥៥ លា​នដុល្លារ ហើយ​មា​នជន​រងគ្រោះ​ ប៉ះពាល់ ប្រមាណជាង​​ ៦ ៦០០ នាក់​។
 
លោក ដូ អាញ ឌុង ត្រូវ​រដ្ឋអំណាច​វៀតណាម​ចាប់ឃុំខ្លួន​ កាលពីខែមេសា​ឆ្នាំទៅមិញ​។​ លោកជាម្ចាស់ក្រុម​ហ៊ុនអភិវឌ្ឈ​អចលនទ្រព្យ​ តាន់ ហ័ង មីង (Tân Hoàng Minh) ដែល​មាន​ជំនាញ​ខាង​ផ្ទះល្វែង និងគ្រឿង​សង្ហារិម​ការិយាល័យ​ ហើយ​​ក៏​មាន​ក្រុមហ៊ុន​ច្រើន​ផ្សេង​ទៀតដែល​​គ្មាន​សកម្មភាព​ច្បាស់លាស់​។ តាម​ការ​ផ្សាយ​របស់​កាសែត​រដ្ឋ​វៀតណាម, អង្គហេតុ​ដំបូង​ ក្រុម​ហ៊ុន​ តាន់ ហ័ង មីង ប្រកាស​នៅ​ដើម​ឆ្នាំ២០២២​ថា ​ខ្លួនជួប​​វិបត្តិ​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​គម្រោង​សាងសង់​ជាច្រើន​​ស្ទះ​ជាប់គាំង ហើយនិង​​ជំពាក់​កម្ចីធនាគារ​ ប្រហែល ៨១០ លានដុល្លារ​ ​ចាំបាច់​ត្រូវ​រក​មូលនិធិ​ដោះ​បំណុល​ជាបន្ទាន់។ ក្រុមហ៊ុន​​បាន​ប្រកាស​លក់​មូលបត្រ​បំណុល​ ដោយ​បូក​ទាំង​កញ្ចប់​បំណុល​របស់​ក្រុម​ហ៊ុន​៣ទៀត ដែលមានតែឈ្មោះ និង​​គ្មាន​សកម្មភាព​សេដ្ឋកិច្ច​សោះ​។​

តាមរយៈ​ការ​លក់​មូលបត្របំណុលនិងការ​បង្វិល​លុយ​ចុះឡើង ​ធ្វើឲ្យ​លោក ដូ អាញ ឌុង អាច​គៃ​បន្លំ​ចំណេញ​បាន​ប្រាក់​ជាច្រើនរយលាន​ដុល្លារ។ នេះបើតាម​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម។​
 
កូនប្រុស​សេដ្ឋីរូបនេះ​ ឈ្មោះ ដូ ហ័ង វៀត ​មានតួនាទី​ជា​អគ្គនាយករង​​ក្រុមហ៊ុនតាន់ ហ័ង មីង ដែលជា​មេ​ផ្សំ​គំនិត ក៏ត្រូវ​តុលាការ ផ្តន្ទាទោស​​ពន្ធនាគារ ៣ ឆ្នាំ​។​ ក្នុង​សំណុំ​រឿង​តែមួយ តុលាការ​ហាណូយ កាត់​ទោស​អ្នក​ពាក់ព័ន្ធ​ ១៣ នាក់ទៀត ​ឲ្យ​ជាប់​ក្រោយ​ចម្រឹង​ដែក ទៅ​តាម​ទំហំ​ទោសផ្សេ​ង​ៗ​គ្នា រហូត​ដល់​កម្រិត​ជាប់ពន្ធនាគារ​​ ២ ឆ្នាំកន្លះ​​។​
 
​​​​​រដ្ឋ​អំណាច​កុម្មុយនិស្ត​វៀតណាម បាន​ធ្វើ​យុទ្ធនាការ​កម្ចាត់​អំពើ​ពុករលួយ​ យ៉ាង​សកម្ម​។ សូម្បីតែ ការ​លាចុះ​​ពី​តំណែង​របស់​​​​ប្រធានាធិបតី​វៀតណាម  ​វ៉ វ៉ាន់ ធឿង​  (Võ Văn Thưởng) ​​ពេល​ថ្មីៗនេះ ក៏ត្រូវ​គេ​សង្ស័យ​ថា​ទំនង​​ជាប់ព័ន្ធ​នឹងអំពើ​ពុករលួយ​ដែរ។ ដ្បិតថា​ អង្គការ​ប្រឆាំងអំពើ​ពុករលួយ​ បាន​ចាប់ឃាត់ខ្លួន​មន្ត្រីរដ្ឋការ ​ជាច្រើន​នាក់​ ​​ក្នុង​ខេត្ត​ដែល​លោកធ្វើ​ជា​ប្រធាន​សាខាបក្ស​។ កាសែត​រដ្ឋ​វៀតណាម ក៏​អះអាង​ថា​លោក វ៉ វ៉ាន់ ធឿង បាន​ប្រព្រឹត្តល្មើសច្បាប់ និងត្រូវបង្ហាញភាពជាគំរូ។
 
អ្នក​ដឹកនាំ​យុទ្ធនាការ​ប្រឆាំងអំពើពុករលួយ​វៀតណា​ម គឺ​​លោក ង្វៀន ភូចុង ​​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម។ AFP - MINH HOANG ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ដែរ ​កាលពីសប្តាហ៍​មុន​ ​នៅតុលាការ​​ក្រុង​ហូជីមីញ (ព្រៃនគរ) ​ រដ្ឋអាជ្ញាបាន​ទាមទារ​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត លោកស្រី ជឿង មី ឡាន មហាសេដ្ឋីនី​អចលនទ្រព្យ​ ដែល​ជាមេគំនិត ក្នុង​បទ​លួច​គៃបន្លំ​ហិរញ្ញវត្ថុ ខ្លីលុយពី​ធនាគារ​​ ចំនួន ១២,៥ ពាន់​លាន​ដុល្លារ​​។​
 
​នៅវៀតណាម ការ​បោសសម្អាតអំពើពុករលួយ នា​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ​​ធ្វើឡើង​ក្រោម​កណ្តាប់ដៃ​ដ៏តឹង ដែល​​ដឹកនាំ​ផ្ទាល់ របស់​ លោក ​​ង្វៀន ភូចុង (Nguyễn Phú Trọng)​ អគ្គលេខាធិការគណ​បក្ស​កុម្មុយនិស្ត​វៀត​ណាម។ ជាលទ្ធផល ចាប់ពីឆ្នាំ២០២១មក ​​ ទាំង​មន្ត្រីរដ្ឋ​ការ​និង​ឈ្មួញ​ អ្នក​​រកស៊ី​ ត្រូវ​ជាប់​បទចោទប្រកាន់​​ក្នុងសំណុំ​​បទល្មើស​ពុករលួយ សរុប​​​មនុស្សប្រមាណ​ ៤ ៤០០ នាក់៕​​​​

© រក្សាសិទ្ធិដោយ thmeythmey.com