ជាតិ
សង្គមជាតិ
សេចក្តីកែតម្រូវ៖ គណៈមេធាវី នឹងជួយដោះស្រាយបញ្ហាពលរដ្ឋជាមួយក្រុមហ៊ុន CIC
28, Mar 2024 , 7:51 pm        
រូបភាព
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយ: ថ្មីៗ
សារព័ត៌មានថ្មីៗ បានចុះផ្សាយអត្ថបទមួយ មានចំណងថា «ពលរដ្ឋ ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន CIC អាចពឹងពាក់មេធាវីរដ្ឋាភិបាលបាន» និងឃ្លា«ពលរដ្ឋ អាចពឹងពាក់ផ្នែកច្បាប់ពីមេធាវីរដ្ឋាភិបាលបាន»កាលពីថ្ងៃទី២៥ មីនា។ តាមរយៈអត្ថបទនេះ គឺមានកំហុសអចេតនា ត្រង់ពាក្យ«មេធាវីរដ្ឋាភិបាល»។ តាមពិតទៅគណៈមេធាវី ជាអ្នកបង្កើតក្រុមការងារមេធាវីមួយ ដើម្បីជួយប្រជាពលរដ្ឋ ជុំវិញករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc) ។ ដូច្នេះដើម្បីកុំឱ្យមានការភាន់ច្រឡំណាមួយ លើមេធាវីរដ្ឋាភិបាលនោះ សារព័ត៌មានថ្មីៗ សូមកែតម្រូវអត្ថបទនេះ ឱ្យបានត្រឹមត្រូវវិញ។
 
គណៈមេធាវី ជាអ្នកបង្កើតក្រុមការងារមេធាវីមួយ ដើម្បីជួយប្រជាពលរដ្ឋ ជុំវិញករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc) ។ពលរដ្ឋ អាចពឹងពាក់ផ្នែកច្បាប់ពីគណៈមេធាវីបាន។ នេះបើតាមសេចក្តីប្រកាសរបស់គណៈមេធាវីកម្ពុជា ដែលមានលោក លី ច័ន្ទតុលា ជាប្រធាន។
 
ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៥ មីនា គណៈមេធាវី បានសង្កត់ធ្ងន់ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូច តែងតែបង្កើតគម្រោងវិនិយោគ ដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងរូបភាពយកទៅវិនិយោគ ប៉ុន្តែលទ្ធផលចុងក្រោយ ប្រជាពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគ តែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។
 
ដោយសារឃើញរូបភាពបែបនេះ គណៈមេធាវី ដែលជាស្ថាប័នបម្រើវិស័យយុត្តិធម៌ ក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្សផងនោះ បានសម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋ ដែលពាក់ព័ន្ធករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc)។
 
ក្រុមមេធាវី មានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្ដឹង ក៏ដូចជាការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ នេះបើតាមគណៈមេធាវី។
 
«ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc) ហើយមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ ឬពឹងពាក់មេធាវីជួយការពារក្តី សូមអញ្ជើញមកកាន់ទីស្នាក់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ»។ គណៈមេធាវី បន្ថែម។
 
ជុំវិញករណីដាក់ទុនវិនិយោគនេះ លោក គួច ម៉េងលី ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច បានប្រកាសថា ខ្លួនបានចំណាយថវិកាជិត៣០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគជាមួយក្រុមហ៊ុន CIC ។ ជាមួយទំហំទឹកប្រាក់ដ៏ច្រើននេះ លោក គួច ម៉េងលី បានសរសេរលើហ្វេសប៊ុកខ្លួន ដោយស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើក្រុមហ៊ុន CIC ដើម្បីរកយុត្តិធម៌ និងការពារផលប្រយោជន៍ខ្លួន និងភាគទុនិកដទៃទៀត។
 
ក្រោយមានការបែកធ្លាយករណីអ្នកដាក់ទុនវិនិយោគ មិនសូវសប្បាយចិត្ត និងលែងទុកចិត្តលើក្រុមហ៊ុន CIC នេះ លោក ឃីម សុខហេង ដែលជាអ្នកជំនាញផ្នែកអប់រំ និងមានតួនាទីជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងក្រុមហ៊ុន CIC បានចេញវីដេអូបកស្រាយឆ្លើយតបទៅអ្នកនាង កនិដ្ឋា ដែលជាអ្នកអធិប្បាយលើបណ្ដាញសង្គមនៅក្រៅប្រទេសថា ក្រុមហ៊ុន CIC កំពុងដំណើរការប្រក្រតីធម្មតា មិនទាន់ក្ស័យធននោះទេ ដូច្នេះរាល់បញ្ហានានា នឹងត្រូវបន្តដោះស្រាយតាមលំដាប់លំដោយ។ 
 
អ្នកនាង កនិដ្ឋា បានអត្ថាធិប្បាយ ក្នុងកម្មវិធី Talk Show របស់ខ្លួនថា ក្រុមហ៊ុន CIC ដែលគៀរគលុយវិនិយោគពីប្រជាពលរដ្ឋ ហើយផ្ដល់កម្ចីទៅអាជីវកម្មនានា ដើម្បីទទួលបានការប្រាក់ និងផលចំណេញត្រឡប់មកវិញ កំពុងប្រឈមមុខក្ស័យធន និងធ្វើឱ្យអ្នកវិនិយោគ ខាតបង់ប្រាក់ជាច្រើន។
 
ឆ្លើយតបករណីនេះ លោក ឃីម សុខហេង ក៏បានលើកឡើងដែរថា រូបលោកជាអ្នកអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យចេះរំងាប់ផ្លូវចិត្ត ត្រិះរិះពិចារណា និងដើរលើផ្លូវត្រឹមត្រូវ ដូច្នេះលោកមិនគេចវេះពីបញ្ហាឡើយ ។
 
លោក ឃីម សុខហេង គឺជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងចំណោមមន្ត្រីជាច្រើនរូបផ្សេងទៀត នៅក្នុងក្រុមហ៊ុន CIC នេះ៕
 

Tag:
 CIC
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com