អន្តរជាតិ
អុីស្រាអែលកំពុងចរចាជាមួយកម្ពុជា ដើម្បីនាំពលករទៅប្រទេសខ្លួន
30, Mar 2024 , 10:39 am        
រូបភាព
រូបភាពបាងកកប៉ុស្តិ៍
រូបភាពបាងកកប៉ុស្តិ៍
អគ្គរដ្ឋទូតអុីស្រាអែល លោកស្រី Orna Sagiv បានបញ្ជាក់ថា អុីស្រាអែល កំពុងខ្វះកម្លាំងពលកម្មខ្លាំងនៅក្នុងប្រទេស ក្រោយពលករថៃមួយភាគបី ចាកចេញពីប្រទេសដោយសារជម្លោះ ខណៈពលករខ្លះ ចង់ត្រលប់មកផ្ទះវិញ។ ទាក់ទិននឹងបញ្ហានេះ អុីស្រាអែល កំពុងចរចាជាមួយកម្ពុជា ដើម្បីនាំពលករទៅបំពេញបន្ថែម និងជួយសេដ្ឋកិច្ចខ្លួន។
 
ជាងរយៈពេល ៦ខែហើយ ជម្លោះអុីស្រាអែល ជាមួយក្រុមហាម៉ាស នៅតែបន្ត។ ដោយសារការវាយប្រហាររបស់ក្រុមហាម៉ាសលើអុីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ ជនជាតិថៃ និងជនជាតិផ្សេងទៀតជាច្រើននាក់ បានបាត់បង់ជីវិត។ ទាក់ទិននឹងបញ្ហានេះ ប្រជាជនថៃ បានស្វះស្វែងត្រលប់មកប្រទេសវិញ ដើម្បីសុវត្ថិភាព។ 
 
តាមការបញ្ជាក់របស់ក្រសួងការងារថៃ ពលករថៃប្រមាណ ១ភាគ៣នៃពលករថៃសរុបបានត្រលប់មកស្រុកវិញ ហើយពេលនេះ អុីស្រាអែល កំពុងខ្វះកម្លាំងពលកម្ម។ ពេលនេះ អគ្គរដ្ឋទូតអុីស្រាអែលប្រចាំនៅថៃ លោកស្រី Orna Sagiv បានអំពាវនាវឱ្យពលករថៃត្រលប់ទៅវិញ ដោយអះអាងថា មិនអាចរង់ចាំបានរហូតទេ។ ត្រង់ចំណុចនេះ ទូតអុីស្រាអែល ថា ខ្លួនកំពុងចរចាជាមួយកម្ពុជា ដើម្បីនាំពលករទៅជួយជំរុញសេដ្ឋកិច្ច។ 
 
«យើងពេលនេះ មានពលករពីស្រីលង្ការ និងម៉ាឡាវី និងប្រទេសអាម៉េរិកខាងត្បូង។ ពេលនេះ យើងកំពុងចរចាជាមួយកម្ពុជា»។ លោកស្រី Orna Sagiv បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទូតអុីស្រាអែលប្រចាំនៅថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៣០ ខែមីនា។ 
 
បើតាមមន្រ្តីទូតរូបនេះ អុីស្រាអែលមិនចង់ឃើញការងាររបស់ជនជាតិថៃ ត្រូវបានបំពេញដោយជនជាតិដទៃឡើយ។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ថៃបានដាក់ផែនការនាំចេញពលករឱ្យបាន ១០ម៉ឺននាក់ ដោយក្នុងនោះអុីស្រាអែលមានចំនួន ៧៧០០នាក់៕ 
 

Tag:
 អុីស្រាអែល
  កម្ពុជា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com