អន្តរជាតិ
កូរ៉េខាងជើងច្រានចោលរាល់ជំនួបទាំងអស់ជាមួយជប៉ុន
30, Mar 2024 , 11:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ថា កូរ៉េខាងជើង មិនមានចំណាប់អារម្មណ៍ក្នុងការសន្ទនាជាមួយជប៉ុននោះទេ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានKCNA នៅថ្ងៃទី២៩ ខែមីនា។
 
កន្លងមក នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ បានបង្ហាញចេតនាចង់ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌណាមួយ ហើយកំពុងត្រួតពិនិត្យដោយផ្ទាល់នូវកិច្ចខិតខំ ដើម្បីសម្រេចបានកិច្ចប្រជុំកំពូលមេដឹកនាំជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ក្នុងគោល បំណងលុបបំបាត់ភាពតានតឹងជាច្រើនទសវត្សរ៍មកនេះ។ 
 
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ថា ក្រុងព្យុងយ៉ាងគ្មានចំណាប់អារម្មណ៍ចូលរួមកិច្ចប្រជុំកំពូលជាមួយជប៉ុនឡើយ ហើយនឹងបដិសេដរាល់កិច្ចសន្ទនាផងដែរ។ 
 
លោកស្រី Choe បន្តថា កូរ៉េខាងជើងមិនមានបំណងជួយដោះស្រាយបញ្ហាពលរដ្ឋជប៉ុនដែលត្រូវបានចាប់ខ្លួននោះទេ ព្រមទាំងសន្យាឆ្លើយតបយ៉ាងម៉ឺងម៉ាត់នឹងការជ្រៀតជ្រែករបស់ជប៉ុនក្នុងអធិបតេយ្យភាពរបស់ខ្លួន។
 
«ខ្ញុំមិនយល់ទេថាហេតុអ្វីបានជា លោក(គីស៊ីដា) ប្រកាន់ខ្ជាប់នូវបញ្ហាដែលមិនអាចដោះស្រាយបាន»។ លោកស្រី Choe បានបញ្ជាក់បែបនេះ ដោយទំនងជាសំដៅលើបញ្ហាអ្នកត្រូវបានកូរ៉េខាងជើងចាប់ខ្លួន។
 
កូរ៉េខាងជើងបានទទួលស្គាល់កាលពីឆ្នាំ២០០២ ថាបានចាប់ពង្រត់ពលរដ្ឋជប៉ុន ១៣ នាក់ កាលពីទសវត្សរ៍មុន។ អ្នកចាប់ពង្រត់ ៥ នាក់ និងក្រុមគ្រួសាររបស់ពួកគេក្រោយមកបាន ត្រឡប់ទៅជប៉ុនវិញ ដោយអះអាងថា អ្នកផ្សេងទៀតត្រូវបានស្លាប់។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូជឿថា ជនជាតិជប៉ុនសរុបមានរហូតដល់ ១៧ នាក់ដែលត្រូវបានចាប់ពង្រត់ ហើយនៅតែបន្តស៊ើបអង្កេតពីពួកគេបន្ថែមទៀត។
 
កន្លងមក ប្អូនស្រីរបស់មេដឹកនាំគីម លោកស្រី គីម យ៉ូចុង ធ្លាប់ប្រកាសថា លោកស្រី ស្វាគមន៍រាល់កិច្ចសន្ទានាណាមួយ លុះត្រាតែជប៉ុនត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្ដើមជាថ្មី ដោយមិនលើកឡើងពីបញ្ហាចាស់ច្រំដែល។
 
ទំនាក់ទំនងប្រទេសទាំងពីរមានភាពតានតឹងជុំវិញជម្លោះ រួមទាំងការកាន់កាប់របស់ជប៉ុនលើឧបទ្វីបកូរ៉េក្នុងឆ្នាំ ១៩១០-១៩៤៥ ដែលបង្កឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំ ហើយទាសភាពផ្លូវភេទ និងការចាប់ពង្រត់ពលរដ្ឋជប៉ុនដោយកូរ៉េខាងជើងនៅដើមទសវត្សរ៍ឆ្នាំ ២០០០។
 
ថ្មីៗនេះ ជប៉ុនដាក់សម្ពាធកូរ៉េខាងជើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនដែលបានធ្វើការបាញ់សាកល្បងជាច្រើនលើកច្រើនសាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕
 

Tag:
 ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com