ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ហេតុអ្វីហូលពិតានពិបាកផលិត ជាងហូលធម្មតា?
31, Mar 2024 , 9:29 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ ហូលពិតាន ឬអ្នកខ្លះទៀតស្គាល់ថាជាព្រះបត់ មានលក្ខណៈ ខុសពីហូលធម្មតា ត្រង់ក្បាច់ ឬគោមផ្សេងៗ។ ហូលពិតាន ជាប្រភេទហូលនៅលើផ្ទាំងកំណាត់គ្មានគោម ឬក្បាច់ទេ ដែលមានរូបតួអង្គផ្សេងៗ និងមិនអាចយកមកស្លៀកពាក់បាន។ ទម្រាំក្លាយជាហូលពិតាន អ្នកតម្បាញត្រូវចំណាយពេលជិតមួយឆ្នាំ ខណៈហូលធម្មតាចំណាយពេលត្រឹមតែ៣ខែ ទៅ៥ខែយ៉ាងយូរ។

 
ក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ហូលពិតាន៖ ការវិវឌ្ឍ និងបញ្ហាប្រឈម» អ្នកស្រី ប៉ិច គីម អ្នកតម្បាញហូលមកពីខេត្តតាកែវ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីថា៖«ហូលពិតានពិបាកផលិតជាងហូលធម្មតា ដោយសារហូលធម្មតាមានក្បាច់ ឬគោមដូចៗគ្នានៅលើផ្ទាំងកំណាត់តែមួយ។ ដូច្នេះការចងកៀត យកទៅជ្រលក់ល័ក្ត ឱ្យចេញជាគោម ឬក្បាច់ពុំសូវមានភាពស្មុគស្មាញដូចហូលពិតានឡើយ។ ដោយឡែកហូលពិតាន ក្បាច់ ឬគោមមិនដូចគ្នាទេ ឃើញថាការចងកៀតគឺមានភាពស្មុគស្មាញនិងច្រើនដំណាក់កាល»។ 
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក តុប វណ្ណារ៉ា អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ប៉ិច គីម អ្នកតម្បាញហូលមកពីខេត្តតាកែវ ដូចតទៅ៖
 
 
ហូលពិតានមួយផ្ទាំង ត្រូវបានគេច្នៃក្បាច់ ឱ្យទៅជារូបតួអង្គផ្សេងៗ មានព្រះ អទិទេព មនុស្ស សត្វ ទេវតា រុក្ខជាតិ ឬតួអង្គសក្ការៈដែលគេគោរពបូជា។ ក្បាច់នេះទៀតសោត កើតចេញតាមរយៈការចងកៀត រួចយកទៅជ្រលក់ល័ក្តជាច្រើនព័ណ៌ ទើបចេញជារូបតួអង្គនីមួយៗក្នុងដំណើររឿង ឬឈុតឆាកណាមួយក្នុងរឿងពុទ្ធប្រវត្តិ ឬក្នុងរឿងលទ្ធិព្រហ្មញ្ញសាសនា នៅលើផ្ទាំងកំណាត់ ដែលអ្នកតម្បាញចង់បាន។
 
ហូលពិតានចំនួន១៧ផ្ទាំង ក្នុងចំណោម៧០ផ្ទាំង ដែលកំពុងតាំងបង្ហាញក្នុងពិព័រណ៍មិនអច្រ្តៃយ៍ស្តីពី «ហូលពិតាន៖ ការវិវឌ្ឍ និងបញ្ហាប្រឈម» មានមួយចំនួន ជាស្នាដៃរបស់អ្នកស្រី ប៉ិច គីម និងក្រុមគ្រួសារ។ បើទោះបីបច្ចុប្បន្នអ្នកស្រី ប៉ិច គីម មានវ័យកាន់តែជ្រេទៅហើយក្តី ក៏អ្នកស្រីនៅតែបន្តការងារនេះ និងព្យាយាមផ្ទេរជំនាញ ទៅកាន់កូនចៅជំនាន់ក្រោយបន្តទៀត។

ហូលពិតានខ្មែរ
 
សូមបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍នេះ ធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២១ខែមីនា ដល់ថ្ងៃទី២១មិថុនា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិ។ កម្មវិធីនេះ មានគោលបំណងរួមចំណែកផ្សព្វផ្សាយ និងឈ្វេងយល់ពីគុណតម្លៃ នៃហូលពិតានខ្មែរ។ ក្រៅពីតាំងបង្ហាញហូល ក៏មានសម្ភារមួយចំនួននៃការផលិតសូត្រ រួមទាំងវត្ថុធាតុដើម សម្រាប់ធ្វើល័ក្ដធម្មជាតិ តាមបែបបទខ្មែរបុរាណផងដែរ៕
 

ហូលពិតានខ្មែរ


ហូលពិតានខ្មែរ


Tag:
 ហូលពិតាន
© រក្សាសិទ្ធិដោយ thmeythmey.com