ជាតិ
សង្គមជាតិ
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កៀរគរសមាជិកបានជាង៥ពាន់នាក់ក្នុងឆ្នាំ២០២៣ 31, Mar 2024 , 2:59 pm
× ភ្នំពេញ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានពង្រីកខ្លួនកាន់តែធំជាងមុន ដោយកៀរគរសមាជិកបានចំនួន៥០៨៤នាក់ នារយៈពេល១ឆ្នាំ ឆ្នាំ២០២៣។ សមាជិកនៃសមាគម IPA ជាអ្នកសារព័ត៌មានឯករាជ្យមកពីតំបន់នានា ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងពីតំបន់ខ្លួន និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។
ក្នុងសន្និបាតសរុបលទ្ធផលការងារឆ្នាំ២០២៣ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាព្រឹកថ្ងៃទី៣១ ខែមេសា លោក ទូច វណ្ណៈ ប្រធាន IPA បានបញ្ជាក់ថា រយៈពេលមួយឆ្នាំ២០២៣ សមាគមខ្លួនបានគៀរករសមាជិកបានជាង៥ពាន់នាក់ និងកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន អង្គការ និងសមាគមដទៃទៀតជាង៩០ស្ថាប័នផងដែរ។
លោកបន្ថែមថា សមាជិកទាំងអស់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញសរសេរអត្ថបទព័ត៌មាន ការធ្វើអធិប្បាយព័ត៌មាន របៀបរាយការណ៍ព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះ និងការពង្រឹងសមត្ថភាពសម្រាប់ការបំពេញការឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមនិយាយជារួម និងនិយាយដោយឡែក គឺការចូលរួមអភិវឌ្ឍន៍សហគមន៍នីមួយ។
លោក អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លើកឡើងថា វត្តមានរបស់យុវជនក្នុងវិស័យសារព័ត៌មាន ជាការចូលរួមដ៏សំខាន់មួយក្នុងដំណើរអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាល IPA រូបនេះ ចាត់ទុកថា វាជាការចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងវិស័យព័ត៌មាន ដែលមានក្រមសីលធម៌ និងមានជំនាញច្បាស់លាស់ បន្ថែមគុណតម្លៃនៃសារព័ត៌មានសម្រាប់មនុស្សទូទៅ និងសង្គមជាតិ៕
Tag:
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com