ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត ចំណាយថវិកាតិច ដើម្បីកាត់បន្ថយបន្ទុកគ្រួសារ
31, Mar 2024 , 5:59 pm        
រូបភាព
ភ្នំពេញ៖ យុវជនមួយចំនួន បានចំណាយថវិកាត្រឹមត្រូវតាមគោលការណ៍ ហើយយុវជនមួយចំនួនទៀត មិនមានផែនការចាយលុយប្រចាំថ្ងៃច្បាស់លាស់នោះឡើយ។ សិស្សភាគច្រើន ចំណាយប្រចាំថ្ងៃមិនច្រើននោះឡើយ ដោយសារពួកគេគ្មានចំណូល។ ប៉ុន្តែនៅពេលមានការងារធ្វើ ពួកគេ បានចំណាយថវិកាច្រើនជាងអំឡុងពេលសិក្សា។ ការចំណាយ គឺជាផ្នែកមួយដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ ការចំណាយខ្លះតាមភាពចាំបាច់ ដូចជាចំណាយលើម្ហូបអាហារ បង់ទឹក ភ្លើង សម្លៀកបំពាក់ ការធ្វើដំណើរប្រចាំថ្ងៃ ឬបង់ថ្លៃផ្ទះ និងបន្ទប់ជួលជាដើម។ ជាមួយគ្នានេះ និស្សិតភាគច្រើន បានកំណត់ការចំណាយប្រចាំថ្ងៃ ក្នុងគោលបំណងកាត់បន្ថយបន្ទុករបស់ឪពុកម្ដាយ។
 

យុវតី ឆុន នបរតី ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការចំណាយប្រចាំថ្ងៃរបស់កញ្ញា គឺលើកម្មវិធីជប់លៀង ខួបកំណើត អាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗជាដើម។ 
 
ទោះបីជានៅវ័យក្មេងពិតមែន តែ នបរតី មានផែនការចំណាយច្បាស់លាស់។ យុវតីអាយុ២០រូបនេះ បន្តថា ពេលខ្លះការចំណាយប្រចាំថ្ងៃមិនសូវត្រឹមត្រូវ ឬចាំបាច់នោះទេ ប៉ុន្តែ នបរតី បានកំណត់ខ្លួនឯងក្នុងមួយខែត្រូវចំណាយថវិកាត្រឹម៦០ម៉ឺនរៀលតែប៉ុណ្ណោះ។ 
 
«ដ្បិតតែលុយ និងទ្រព្យសម្បត្តិ ជារបស់ដែលមនុស្សម្នា អាចមានសមត្ថភាពរកវាបានពិតមែន ប៉ុន្តែក៏ត្រូវចេះគ្រប់គ្រងចាយវាយឱ្យបានត្រឹមត្រូវផងដែរ»។ នេះជាការបន្ថែមរបស់យុវតី ឆុន នបរតី ។ 

យុវតី ឆុន នបរតី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
 
បន្ថែមពីនេះ និស្សិតផ្នែកព័ត៌មានវិទ្យារូបនេះ បង្ហាញគំនិតបន្ថែមថា សិស្សនិស្សិត គួរតែចេះចាយសន្សំ ដើម្បីអាចសម្រេចគោលដៅជីវិតអ្វីមួយ ជាពិសេសធ្វើឱ្យមានប្រាក់បម្រុងសម្រាប់បង្ការហានិភ័យនានា។ បើចំណាយលើសចំណូល ធ្វើឱ្យមានហានិភ័យខ្ពស់ចំពោះគ្រួសារ និងខ្លួនឯង។ ប្រសិនបើ ការចាយលុយដោយមិនចេះបែងចែកប្រភពចំណាយ ឱ្យបានច្បាស់ទេ លុយ នឹងចេញទៅទាំងឥតន័យទៀតផង។ 
 
ជាមួយគ្នានេះ កញ្ញា រុង សុភា មិនខុសគ្នាពីយុវតី ឆុន នបរតីប៉ុន្មាននោះទេ។ សុភា បានចំណាយរាល់ថ្ងៃតែរបស់របរចាំបាច់ ដែលជាចំណាយថ្លៃម្ហូបអាហារ ថ្លៃសិក្សា ជួលផ្ទះ បង់ទឹក បង់ភ្លើង ជាដើម។ សុភា យល់ថា ការចំណាយដែលល្អ គឺត្រូវថ្លឹងថ្លែងនឹងចំណូល។ 
 
និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យកម្ពុជារូបនេះ ចំណាយថវិកាតែ ៥ពាន់រៀលតែប៉ុណ្ណោះ ដោយសារតែកញ្ញាបានយកបាយមកសាលា។ ជាពិសេស សុភា បានដាក់កំណត់ខ្លួនឯង មិនចាយលើសពី ១ម៉ឺនរៀលនោះទេ។ កញ្ញា រុង សុភា រៀបរាប់ថា ប្រសិនបើអ្នកគ្មានគម្រោងច្បាស់លាស់ក្នុងការចាយលុយនោះទេ គឺច្បាស់ណាស់អ្នកនឹងប្រឈមបញ្ហាខ្វះខាត ឬដាច់លុយចុងខែ។ ដូច្នេះការចាយវាយថវិការ គឺចាំបាច់ត្រូវតែគិតឱ្យបានច្បាស់ ព្រោះការចាយលុយគឺជាការចាយកម្លាំងញើសឈាម។ 

កញ្ញា រុង សុភា និងកញ្ញា សុខ ធានី
 
ដើម្បីសម្រួលការចំណាយប្រចាំថ្ងៃ កញ្ញា សុភា ត្រូវក្រោកពីព្រឹក ធ្វើបាយម្ហូប យកទៅសាលារៀន។  យុវតីវ័យ១៩ឆ្នាំរូបនេះ គិតថា យុវជនទាំងអស់គួរតែមានផែនការ ឬកំណត់ការចាយវាយប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងខ្វះខាត។ 
 
មនុស្សម្នាក់ៗមានហេតុផលផ្សេងៗគ្នាក្នុងការចាយលុយ។ កញ្ញា សុខ ធានី ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា យល់ថា និស្សិតមិនគួរចាយលុយដើម្បីបំពេញតម្រូវការ ប្រចំាថ្ងៃដែលមិនចាំបាច់នោះឡើយ។ កញ្ញា ធានី សង្កេតឃើញថាតម្រូវការខ្លួនមិនចេះចប់ មិនចេះគ្រប់ឡើយ។ ការចំណាយតាមតម្រូវការ គឺមិនអាចឱ្យកញ្ញា សុខ ធានីមានលុយគ្រប់តាមតម្រូវការឡើយ។ 
 
ក្រៅពីនេះ កញ្ញា សុខ ធានី ចំណាយថវិកាប្រចាំថ្ងៃអស់ប្រមាណ១ម៉ឺនរៀលក្នុងមួយ។ កញ្ញា ធានី ត្រូវកំណត់ខ្លួនឯង មួយថ្ងៃត្រូវចំណាយថវិកា ១ម៉ឺនរៀល ឬក្រោម១ម៉ឺន។ និស្សិតវ័យ២០ឆ្នាំរូបនេះ យល់ថា ការចេះចាយសន្សំ ឬមានផែនការក្នុងការចំណាយប្រចាំថ្ងៃ វាជារឿងល្អសម្រាប់យុវជនបច្ចុប្បន្ន។ 
 
នៅក្នុងសម័យឌីជីថល ការចាយលុយ កាន់តែងាយស្រួលជាងមុន។ ប៉ុន្មានឆ្នាំនេះ ប្រជាជនកម្ពុជា កំពុងពេញនិយមចាយលុយតាមប្រព័ន្ធធនាគារ ដោយប្រើប្រាស់មុខងារ QR Code។ បើតាមការសង្កេត ការចាយលុយ មានភាពទំនើបជាងមុនបែបនេះ ធ្វើឱ្យការចំណាយកាន់តែច្រើនជាងមុន។ ដូច្នេះ យុវជន ដែលមិនមានចំណូល គួរមានផែនការចំណាយ ដើម្បីកាត់បន្ថយបន្ទុករបស់ឪពុកម្ដាយ៕ 
 

Tag:
 បទសម្ភាស
  ការចំណាយថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com