កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ត្រឡប់ទៅកំពូលតារាង ស្របពេល Man Utd ខើចឱកាសប្រជែង Top 4
01, Apr 2024 , 10:34 am        
រូបភាព
Liverpool ឡើងទៅឈរកំពូលតារាង Premier League ជាថ្មី ក្រោយឈ្នះ Brighton ២-១ ក្នុងជំនួបលីគសប្តាហ៍ទី២៩ នៅយប់ថ្ងៃទី៣១ ខែមីនា។ Arsenal ធ្លាក់មកលេខ២ វិញ បន្ទាប់ពីស្មើក្រុមលេខ៣ Manchester City ០-០។ Manchester United ដែលស្មើ Brentford ១-១ ពិបាកក្នុងការប្រជែងយកតំណែង Top4 សម្រាប់កៅអី UEFA Champions League រដូវកាលក្រោយ ដ្បិត Aston Villa និង Tottenham Hotspur កាន់តែកើនគម្លាតពិន្ទុ។


ការប្រជែងតំណែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ នៅតែប្រទាញប្រទង់គ្នាខ្លាំង បន្ទាប់ពី Liverpool, Arsenal និង Man City បន្តរកបានពិន្ទុរៀងខ្លួន។ 
 
ក្រោយរកបាន៣ពិន្ទុពី Brighton ក្រុមរហស្សនាមហង្សក្រហមត្រឡប់ទៅឈរកំពូលតារាងវិញ ដោយរកបាន៦៧ពិន្ទុ នាំមុខ Arsenal ចំនួន២ពិន្ទុ និង Man City ៣ពិន្ទុ។ កាំភ្លើងធំ និងក្រុមការពារតំណែងជើងឯកមេឃខៀវ រកបាន១ពិន្ទុម្នាក់បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ក្នុងជំនួបលីគសប្តាហ៍ទី២៩។
 
Man Utd ឯណោះវិញ ទំនងជាពិបាកក្នុងការដណ្តើមយកតំណែង Top4 ក្រោយបានត្រឹមស្មើ Brentford ១-១។ ២៩ប្រកួត ក្រុមបិសាចក្រហម រកបាន៤៨ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៦បណ្តោះអាសន្ន តាមពីក្រោយក្រុមលេខ៥ Spurs ចំនួន៨ពិន្ទុ និងតាមក្រុម Aston Villa ដែលឈរលេខ៤ និងប្រកួត៣០លើក ចំនួន ១១ពិន្ទុ។
 
Nottingham Forest ឡើងទៅតំបន់សុវត្ថិភាព ក្រោយស្មើ Crystal Palace ១-១ ស្របពេល Luton Town ធ្លាក់ចូលតំបន់គ្រោះថ្នាក់វិញ តាមរយៈបរាជ័យក្រោមថ្វីជើង Spurs ២-១។ Nottingham Forest និង Luton Town មាន២២ពិន្ទុស្មើគ្នា ខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ។ Burnley និង Sheffiel United បន្តនៅតំបន់ត្រូវកាត់ចោលដដែល។
 
គិតត្រឹមសប្តាហ៍ទី២៩ Erling Haaland ខ្សែប្រយុទ្ធឆ្នើម Man City នៅតែរក្សាគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន១៨គ្រាប់ តាមពីក្រោយដោយ Ollie Watkins របស់ Aston Villa, Mohamed Salah របស់ Liverpool និង Dominic Solanke របស់ AFC Bournemouth ដែលរកបាន១៦គ្រាប់ដូចគ្នា៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com