អន្តរជាតិ
វៀតណាមគាំទ្រប្រែក្លាយកោះPhu Quocជាទិសដៅទេសចរណ៍សកល
01, Apr 2024 , 3:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ (ក្នុងរង្វង់) និងគម្រោងអភិវឌ្ឍន៍លើកោះPhu Quoc។ រូបភាព AFP
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ (ក្នុងរង្វង់) និងគម្រោងអភិវឌ្ឍន៍លើកោះPhu Quoc។ រូបភាព AFP
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ នៅថ្ងៃទី៣១ ខែមីនា បានអំពាវនាវឱ្យប្រែក្លាយកោះPhu Quoc ទៅជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលមានការទទួលស្គាល់ពីប្រជាជននៅក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល បានជំរុញឱ្យរដ្ឋបាលកោះមួយនេះ បង្ហាញសក្តានុពេលឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍឱ្យបានឆាប់រហ័ស។
 
កោះPhu Quoc ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិ ត្រូវបានរដ្ឋាភិបាលវៀតណាមដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញ និងអភិវឌ្ឍដែនកោះមួយនេះ ឱ្យក្លាយជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ហើយអាចទាញចំណូលបន្ថែម រួមទាំងជួយសេដ្ឋកិច្ចក្នុងតំបន់។​
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៣១ ខែមីនា នៅក្នុងខេត្តKien Giang នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ បានលើកឡើងពីការអភិវឌ្ឍកោះ Phu Quoc និងបញ្ហាប្រឈម។
 
«ការអភិវឌ្ឍកោះ Phu Quoc មិនមែនត្រឹមតែជាកិច្ចការរបស់ដែនកោះ និងខេត្ត Kien Giang ប៉ុន្តែវាជារបស់ប្រជាជាតិទាំងមូល»។ សារព័ត៌មាន Vietnam Express បានស្រង់សម្តីនាយករដ្ឋមន្រ្តីវៀតណាមបែបនេះ ដោយមេដឹកនាំវៀតណាម បានបន្តថា កន្លងមក រដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីកែប្រែមុខមាត់ដែនកោះ និងធ្វើឱ្យពិភពលោកកាន់តែបានស្គាល់។ 
 
បន្ថែមពីនេះ លោកឈិន បានទទូចឱ្យមានការការពារបរិស្ថាន ការបង្កើនការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមផងដែរ។ នៅក្នុងឆ្នាំ២០២៣ កោះPhu Quoc បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកបានចំនួន ៥,៥៧លាននាក់ ដោយក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥៦ម៉ឺននាក់។ 
 
តាមទិន្នន័យមកគណៈកម្មាធិការប្រជាជនខេត្តKien Giang កោះស្ថិតនៅភាគខាងត្បូងមួយនេះ មានគម្រោងអភិវឌ្ឍចំនួន ១៦,៦១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដោយស្មើនឹង៤២,៨ភាគរយនៃគម្រោងអភិវឌ្ឍ នៅក្នុងខេត្តKien Giang៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com