កីឡាជាតិ
ជាតិ
ក្រសួងសេដ្ឋកិច្ច ឈ្នះមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ជើងឯកយុវជន ស.ស.យ.ក លើកទី១
02, Apr 2024 , 3:59 pm        
រូបភាព
ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជនយុវនារី ស.ស.យ.ក។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជនយុវនារី ស.ស.យ.ក។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
សហព័ន្ធខ្មែរកីឡាហែល សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន យុវនារី លើកទី១ ឆ្នាំ២០២៤ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ឆ្លងកាត់ការប្រកួតនេះ ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ ។


តាមការបញ្ជាក់របស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ព្រឹត្តិការណ៍នេះ ជាការបើកឱកាសឲ្យយុវជន-យុវនារី និងក្មេងៗជំនាន់ក្រោយ ដែលស្រឡាញ់វិស័យកីឡាហែលទឹក បានបញ្ចេញសមត្ថភាព ហើយក៏ជាការបំផុសស្មារតីកីឡាហែលទឹកផង។ 
 
«នេះ គឺជាការប្រកួតបើកចំហរសម្រាប់យុវជន កុមារា កុមារី ទូទាំងប្រទេស។ គោលបំណង យើងចង់បំផុសវិស័យកីឡាហែលទឹក និងផ្ដល់ឱកាសឲ្យកុមារា កុមារី និងយុវជន។ យើង បើកឲ្យទូលាយក្នុងការប្រកួតដោយមិនក្រឹតក្រមលើស្ថាប័នចូលរួមឡើយ។ យើង ចង់បំផុសវិស័យកីឡា ជាពិសេសវិស័យកីឡាហែលទឹក។ ទី២ យើងផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ កុមារ ដែលស្រឡាញ់ប្រភេទកីឡាមួយនេះ ដែលចង់ចូលរួម ប្រកួត គឺយើងផ្ដល់ឱកាសឲ្យគាត់។»។ អគ្គលេខាធិការរូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកដូច្នេះ។
  
ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជនយុវនារី ស.ស.យ.ក។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

សម្រាប់ការប្រកួតនេះ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយមាស១០ ប្រាក់៣ និងសំរិទ្ធ២។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបហែលទឹកក្រសួងព័ត៌មាន មេដាយមាស៩  និងសំរឹទ្ធ១ តាមពីក្រោយដោយ​ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចំណាត់ថ្នាក់លេខ៣ ដណ្ដើមបានមេដាយ មាស៣ និងប្រាក់១។ រីឯ ចំណាត់ថ្នាក់លេខ៤ ក្លិបហែលទឹកខេត្តបាត់ដំបង ដណ្ដើមបានមេដាយមាស៣ និងសំរឹទ្ធ៣។ សាលាបង្រៀន OCEAN Happy ឈរចំណាត់ថ្នាក់លេខ៥ មេដាយមាស២ និងប្រាក់១២។ 
 
ព្រឹត្តិការណ៍នេះ មានក្រសួង ក្លិប និងសាលារៀន ចូលរួមសរុបចំនួន២០ ដោយមានអត្ដពលិក ១២៧នាក់ចូលរួមប្រកួត៕

Tag:
 ហែលទឹក
  ហែម គិរី
© រក្សាសិទ្ធិដោយ thmeythmey.com