អន្តរជាតិ
លោក ស៊ី ប្រាប់លោក បៃឌិន ថា ការកៀបសង្កត់ក្រុមហ៊ុនចិន មានតែបង្កើតហានិភ័យប៉ុណ្ណោះ
03, Apr 2024 , 10:29 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) និងសមភាគីអាម៉េរិក លោកចូ បៃឌិន។ រូបភាព AFP និងXinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) និងសមភាគីអាម៉េរិក លោកចូ បៃឌិន។ រូបភាព AFP និងXinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី២ ខែមេសា បានប្រាប់សមភាគីអាម៉េរិក លោក ចូ បៃឌិនថា ការកៀបសង្កត់ក្រុមហ៊ុនចិន តាមរយៈវិធានការមួយចំនួន និងទណ្ឌកម្ម មិនមែនជាការកាត់បន្ថយហានិភ័យនោះទេ ប៉ុន្តែវារឹតតែបង្កឱ្យមានហានិភ័យ។
 
ទំនាក់ទំនងអាម៉េរិក និងចិន នៅតែរកាំរកូសជុំវិញបញ្ហាជាច្រើន ខណៈមួយរយៈចុងក្រោយ អាម៉េរិកកំពុងធ្វើច្បាប់ ដើម្បីបង្ខំឱ្យក្រុមហ៊ុន ByteDance លក់បណ្តាញសង្គម TikTok ឱ្យក្រុមហ៊ុនខ្លួនក្រោមហេតុផលប៉ះពាល់ដល់សន្តិសុខជាតិ បើមិនចង់បិទចោលនៅក្នុងដីអាម៉េរិក។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី២ ខែមេសា ប្រធានាធិបតីចិ​ន លោកស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន បានជជែកពីពាណិជ្ជកម្ម និងការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំងពីរ។
 
តាមរយៈកិច្ចសន្ទនាលើកដំបូង បើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកស៊ី បានព្រមានអាម៉េរិកពី វិធានការកៀបសង្កត់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនខ្លួន ដោយវាមិនបានកាត់បន្ថយហានិភ័យនោះទេ ប៉ុន្តែមានតែបង្កគ្រោះថ្នាក់ប៉ុណ្ណោះ។ 
 
«នេះមិនមែនជាការកាត់បន្ថយហានិភ័យទេ ប៉ុន្តែមានតែបង្កើតហានិភ័យប៉ុណ្ណោះ»។ មេដឹកនាំចិន បានសង្កត់ធ្ងន់បែបនេះនៅថ្ងៃទី២ ខែមេសា ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនឈរមើលក្រុងវ៉ាស៊ីនតោនធ្វើអ្វីស្រេចតែចិត្តលើក្រុមហ៊ុនខ្លួននោះឡើយ។ ការលើកឡើងរបស់ប្រមុខរដ្ឋចិន ទំនងសំដៅដល់ការរឹតត្បិតអាម៉េរិកលើក្រុមហ៊ុនTikTok និងក្រុមហ៊ុនចិនជាច្រើនទៀត ក្រោមហេតុផលផ្សេងៗ។ 
 
តាមសេចក្តីថ្លែងការណ៍របស់សេតវិមានចេញនៅថ្ងៃដដែល ប្រធានាធិបតីអាម៉េរិក លោក បៃឌិន បានបង្ហាញពីក្តីបារម្ភពីគោលនយោបាយពាណិជ្ជកម្មមិនត្រឹមត្រូវរបស់ចិន ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករអាម៉េរិក និងគ្រួសារពួកគេ។ មេដឹកនាំរូបនេះ បានប្តេជ្ញាចាត់វិធានការការពារបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនអាម៉េរិក មិនឱ្យធ្លាក់ក្នុងដៃចិន ដែលអាចធ្វើឱ្យប៉ះពាល់សន្តិសុខជាតិផងដែរ។ 
 
ក្រៅពីប្រធានបទពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ ប្រជាធិបតេយ្យនៅហុងកុង ជម្លោះសមុទ្រចិនខាងត្បូង ការប្រឆាំងថ្នាំញៀន បញ្ញាសិប្បនិម្មិត​ សង្រ្គាមនៅរុស្ស៊ី ក៏ជាប្រធានបទដែលមេដឹកនាំទាំងពីរ នៅតែបន្តជជែកគ្នាដែរ។ ទន្ទឹមនេះ លោកបៃឌិន បានបញ្ជាក់ថា លោកនឹងបញ្ជូនលោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេស និងលោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុឱ្យធ្វើទស្សនកិច្ចនៅចិន ក្នុងពេលឆាប់ៗខាងមុខផងដែរ៕ 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com