អន្តរជាតិ
តុលាការធម្មនុញ្ញថៃទទួលបណ្តឹងសុំរំលាយបក្សឆ្ពោះទៅមុខ
03, Apr 2024 , 3:39 pm        
រូបភាព
សមាជិកបក្សឆ្ពោះទៅមុខ នៅក្នុងខែមករា ឆ្នាំ២០២៤។ រូបភាព AFP
សមាជិកបក្សឆ្ពោះទៅមុខ នៅក្នុងខែមករា ឆ្នាំ២០២៤។ រូបភាព AFP
អនាគតបក្សឆ្ពោះទៅមុខថៃ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយតុលាការធម្មនុញ្ញ បានទទួលពាក្យបណ្តឹងពីគណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលសុំរំលាយបក្សនយោបាយមួយនេះចោល ដោយសារប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ នៅថ្ងៃទី៣ ខែមេសា។ ទន្ទឹមនេះ អ្នកនយោបាយបក្សឆ្ពោះទៅមុខជាច្រើននាក់ ប្រឈមនឹងការហាមឃាត់ក្នុងនយោបាយពេញមួយជីវិតផងដែរ។


នៅថ្ងៃទី៣ ខែមេសា ពាក្យបណ្តឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោត ត្រូវបានតុលាការធម្មនុញ្ញថៃទទួលហើយ។ ពាក្យបណ្តឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតធ្វើឡើងក្រោយពីមានពាក្យបណ្តឹងរបស់លោក Ruangkrai Leekitwattana និងលោកមេធាវី Theerayut Suwankesorn។ បក្សឆ្ពោះទៅមុខ មានរយៈពេល ១៥ថ្ងៃ ក្នុងការដាក់បណ្តឹងតវ៉ា។ 
 
តាមពាក្យបណ្តឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខ្លួនមានព័ស្តុតាងគ្រប់គ្រាន់ ដើម្បីជឿថាបក្សឆ្ពោះទៅមុខមានចេតនាផ្តួលរលំរបបរាជានិយមដោយផ្អែកតាមរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងច្បាប់រៀបចំបក្សនយោបាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។
 
យ៉ាងណាមិញ អ្នកនាំពាក្យបក្សឆ្ពោះទៅមុខ លោក Parit Wacharasindhu បានប្តេជ្ញាថា៖ «បក្ស និងក្រុមការងារផ្នែកច្បាប់របស់ខ្លួន បានត្រៀមខ្លួនជាស្រេចសម្រាប់រយៈពេលនេះ»។ បើតាមលោក Parit ខ្លួននឹងត្រៀមខ្លួនការពារគ្រប់មធ្យោបាយទាំងអស់។ 
 
អ្នកនាំពាក្យបក្សរូបនេះ នៅថ្ងៃទី៣ ខែមេសា បានអំពាវនាវអ្នកសារព័ត៌មានកុំយល់ថាបក្សឆ្ពោះទៅមុខនឹងត្រូវបានរំលាយ ព្រោះមិនទាន់មានសេចក្តីសម្រេចរបស់តុលាការ ហើយបក្សនឹងបង្ហាញថាខ្លួនគ្មានកំហុស។
 
កន្លងមក គណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ជាក់ថា បក្សឆ្ពោះទៅមុខ បានបំពានមាត្រា៩២ នៃច្បាប់រៀបចំបក្សនយោបាយ។ មាត្រា ៩២នេះ អនុញ្ញាតឱ្យតុលាការធម្មនុញ្ញរំលាយបក្សនយោបាយណាមួយ ដែលគំរាមដល់ស្ថាប័នមហាក្សត្រថៃ។
 
ទន្ទឹមនេះ ពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រឆាំងស្ថាប័នព្រះមហាក្សត្រ ក៏ត្រូវបានដាក់ទៅកាន់ស្ថាប័នប្រឆាំងអំពើពុករលួយផងដែរ ដើម្បីស្វះស្វែងរកការហាមឃាត់អ្នកនយោបាយរបស់បក្សឆ្ពោះទៅមុខចំនួន ៤៤នាក់ ពីការធ្វើនយោបាយពេញមួយជីវិត។
 
សូមបញ្ជាក់ថា ថៃ ជាប្រទេសកាន់យករបបរាជានិយមមួយ ដែលផ្តល់តម្លៃ និងគោរពមហាក្សត្រយ៉ាងតឹងរឹង តាមរយៈផ្លូវច្បាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមនុស្សយ៉ាងហោចណាស់ ២៦០នាក់ ត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងការប្រឆាំងស្ថាប័នព្រះមហាក្សត្រ៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com