កីឡាជាតិ
ជាតិ
ប្លុង ពេជ្រអក្ខរ៉ា៖ សំឡេងកញ្ចែ ស្មើនឹងទំនួលខុសត្រូវ របស់អាជ្ញាកណ្ដាលក្នុងទីលាន
04, Apr 2024 , 8:59 am        
រូបភាព
កញ្ញា ប្លុង ពេជ្រ អក្ខរ៉ា
កញ្ញា ប្លុង ពេជ្រ អក្ខរ៉ា
សំឡេងកញ្ចែ គឺជាទំនួលខុសត្រូវរបស់អាជ្ញាកណ្តាលក្នុងទីលាន។ នេះជាការយល់ឃើញរបស់កញ្ញា ប្លុង ពេជ្រអក្ខរ៉ា អាជ្ញាកណ្ដាលកម្រិត FIFA របស់កម្ពុជា។ ការប្រកួតដែលប្រើប្រព័ន្ធ VAR ប៉ុន្តែអាជ្ញាកណ្ដាល នៅតែបង្កើតកំហុសដោយអចេតនា។ ដូច្នេះ អាជ្ញាកណ្តាលស្ត្រីរូបនេះ មើលឃើញថាការរិះគន់ ការខឹងសម្បារចំពោះការកាត់ក្ដី ជាសម្ពាធមកលើអាជ្ញាកណ្ដាល ប៉ុន្ដែក៏មេរៀន ដែលត្រូវរៀនសូត្រ និងអភិវឌ្ឍខ្លួនបន្ថែមក្នុងអាជីពមួយនេះ។


កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ត្រូវបានគេស្គាល់ថា ជាអាជ្ញាកណ្ដាលស្ដ្រីកម្ពុជាដំបូងគេ ជាប់កម្រិត FIFA។ ស្រ្ដីវ័យ ២៩ឆ្នាំរូបនេះ បញ្ជាក់ថា ការជាប់ជាអាជ្ញាកណ្ដាល FIFA មិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវធ្វើតេស្ដកម្លាំងកាយសម្បទា ជារៀងរាល់ឆ្នាំ ជាពិសេសការតេស្ដ មុនពេលដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា។
 
ជាក់ស្ដែង អក្ខរ៉ា ជាអាជ្ញាកណ្ដាលស្ដ្រីកម្ពុជាម្នាក់ ដែលត្រូវបាន AFC ឲ្យចូលរួម និងដឹកនាំក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាងចូវ ប្រទេសចិន លើវិញ្ញាបាល់ទាត់នារី។ អាជ្ញាកណ្ដាលអន្ដរជាតិរូបនេះ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា ដើម្បីជាប់ជាអាជ្ញាកណ្ដាល FIFA ត្រូវតែថែរក្សាសមត្ថភាពរបស់ខ្លួនឲ្យបានល្អ បើមិនដូច្នេះទេ នឹងធ្លាក់គុណភាព ហើយក៏មិនជាប់តេស្ដនានាដែរ។ 
 
«អាជ្ញាកណ្ដាលអន្ដរជាតិ ពី១ឆ្នាំទៅ១ឆ្នាំ យើងធ្វើតេស្ដរហូត យ៉ាងតិចណាស់ ២ទៅ៣ដងក្នុង១ឆ្នាំ។ ប្រសិនជាយើង ធ្វើតេស្ដកម្លាំងកាយធ្លាក់ មានន័យថាយើងធ្លាក់ពីអាជ្ញាកណ្ដាល AFF និង AFC ហើយយើងគ្រាន់តែជាអាជ្ញាកណ្ដាលថ្នាក់ជាតិប៉ុណ្ណោះ។ រឿងជាតិសុរា ខ្ញុំមិនចេះផឹកតែម្ដង ហើយគ្រឿងកំប៉ុងផ្អែមៗ ខ្ញុំ មិនសូវផឹក។ ម្យ៉ាងវិញទៀត ខ្ញុំតែងចូលហាត់ប្រាណ មួយអាទិត្យ ២ទៅ ៣ដង ហើយហាត់កម្លាំងកាយខ្លួនឯងជាប្រចាំតែម្ដង។»។ 
 
ដោយឡែក ស្ដ្រីវ័យ ២៩ឆ្នាំរូបនេះ និយាយថា សំឡេងកញ្ចែរបស់អាជ្ញាកណ្ដាល គឺមានន័យជាខ្លាំង ហើយក៏បង្ហាញពីទំនួលទទួលខុសត្រូវរបស់អាជ្ញាកណ្ដាល ដែលកាត់សេចក្ដីដោយអព្យាក្រឹត និងផ្អែកលើគោលការណ៍ការប្រកួត។ «អាជ្ញាកណ្ដាល ត្រូវប្រកាន់ការកាត់សេចក្ដីអព្យាក្រឹត។ អ៊ីចឹងនៅពេលគាត់ដឹកនាំការប្រកួត គាត់តែងប្រមូលអារម្មណ៍ ហើយអ្វី គាត់អភិវឌ្ឍ គឺគាត់យកច្បាប់ការប្រកួត ដែលបានរៀនបានសិក្សាពីលោកគ្រូ មកដឹកនាំការប្រកួតលើទីលាន។  ការប្រើកញ្ចែ គឺជាទំនួលខុសត្រូវរបស់គាត់។»។ អក្ខរ៉ា បាននិយាយដូច្នេះ។
 
បើទោះជាស្ដ្រីដឹកនាំការប្រកួតបុរសក៏ដោយ អក្ខរ៉ា នៅតែជឿជាក់ចំពោះសមត្ថភាពខ្លួន ដោយសារតែឆ្លងកាត់ការកាត់សេចក្ដីប្រកួតអន្ដរជាតិនានា។ ក្នុងអាជីពមួយនេះ ស្ដ្រីវ័យ២៩ឆ្នាំរូបនេះ និយាយថា ការប្រកួតនីមួយៗ តែងតែមានសម្ពាធ ព្រោះការចង់ឈ្នះរបស់ក្រុមម្ខាងៗ ពេលខ្លះធ្វើឲ្យមានការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។ ប៉ុន្ដែ អក្ខរ៉ា ចាត់ទុកជារឿងធម្មតា ហើយក៏កែប្រើនូវអ្វី ដែលជាកំហុសបច្ចេកទេស ដោយអចេតនា ដើម្បីឲ្យមានការអភិវឌ្ឍខ្លួនបន្ថែមទៀត។ ដោយឡែក ពេលខ្លះ អាជ្ញាកណ្ដាលរូបនេះ ក៏សោកស្ដាយចំពោះកំហុសទាំងនោះ ព្រោះបានបង្ករជាផលប៉ះពាលដល់លទ្ធផលប្រកួតរបស់ក្រុមណាមួយ អំឡុងពេលប្រកួត។
 
«ខ្ញុំ មិនបន្ទោសពួកគាត់ទេ ដោយសារយល់ថា ពេលខ្លះក្រុមពួកគាត់ម្ខាងៗ លេងតែងតែចង់បានឈ្នះ។ ខ្ញុំ កាត់សេចក្ដីទៅក្រុមម្ខាង ហើយម្ខាងទៀតមិនពេញចិត្ត ខ្ញុំក៏មានការណែនាំ និងពន្យល់ប្រាប់គាត់ខ្លះៗ។ ពេលខ្លះ  ពួកគាត់ទទួលយកបាន។ ហើយពេលខ្លះ ពួកគាត់ ក៏មិនទទួលយកដែរ។ ខ្ញុំ មិនដែលតបត និងបន្ទោសអ្នកគាំទ្រទាំងនោះទេ មានពេលខ្លះ ពួកខ្ញុំ ត្រូវការការរិះគន់ ដើម្បីអភិវឌ្ឍខ្លួនបន្ថែម។ ខ្ញុំ ធ្លាប់មានសោកស្ដាយចំពោះការកាត់សេចក្ដីមួយនេះ។ គ្រប់ការប្រកួត ដែលខ្ញុំបានដឹកនាំ ខ្ញុំតែងតែមើលវីដេអូរហូត នៅចំណុចខ្វះខាតរបស់ខ្ញុំ ពេលខ្ញុំ គិតថាខ្ញុំមិនគួរណាបង្កើតឲ្យមានចំណុចមួយនេះ។ ខ្ញុំនៅតែព្យាយាមកែប្រែ ធ្វើយ៉ាងមិចមិនឲ្យបង្កើតកំហុសដដែលៗ កើតឡើង។»។ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បានប្រាប់ដូច្នេះ៕

Tag:
 ប្លុង ពេជ្រអក្ខរ៉ា
  អាជ្ញាកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com