អន្តរជាតិ
អ្នករបួសក្នុងគ្រោះរញ្ជួយដីតៃវ៉ាន់កើនដល់១ពាន់នាក់ និងបាត់ខ្លួន ៤៨នាក់
04, Apr 2024 , 10:18 am        
រូបភាព
គ្រោះរញ្ជួយដីនៅតៃវ៉ាន់ ក្នុងថ្ងៃទី៣ ខែមេសា។ រូបភាព AFP
គ្រោះរញ្ជួយដីនៅតៃវ៉ាន់ ក្នុងថ្ងៃទី៣ ខែមេសា។ រូបភាព AFP
ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតៃវ៉ាន់ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ មនុស្សយ៉ាងហោចណាស់ ១ពាន់នាក់ បានរងរបួស និង៤៨នាក់បាត់ខ្លួន។ ទន្ទឹមនេះ អ្នកស្លាប់មានចំនួន ៩នាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃទី៤ ខែមេសា។
 
តៃវ៉ាន់ នៅព្រឹកថ្ងៃទី៣ ខែមេសា បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតប្រមាណ ៧,២រ៉ិចទ័រ ដោយមានចំណុចរញ្ជួយនៅតំបន់ភាគអាគ្នេយ៍នៃតំបន់ Hualien។ ទន្ទឹមនឹងការខូចខាតទ្រព្យសម្បត្តិ ផ្ទះ និងអគារជាច្រើនខ្នង មនុស្សជាច្រើននាក់បានស្លាប់ និងរបួស។ 
 
«ចំនួនអ្នករបួសបានឈានដល់ ១០៣៨នាក់ និងធ្វើឱ្យ៤៨នាក់ បាត់ខ្លួន ដោយក្នុងនោះមានកម្មករសណ្ឋាគារចំនួន ៤២នាក់»។ ទីភ្នាក់ងារព័ត៌មានReuters បានស្រង់សម្តីរបស់នាយកអគ្គិភ័យបែបនេះ នៅថ្ងៃទី៤ ខែមេសា។ អ្នកបាត់ខ្លួនទាំងនោះ បានធ្វើដំណើរតាមរថយន្តក្រុងទៅសណ្ឋាគារមួយកន្លែងនៅឧទ្យានជាតិ Taroko Gorge។ ពេលនេះ អាជ្ញាធរកំពុងដុតដៃដុតជើង រុករកអ្នកបាត់ខ្លួនទាំងនោះ តាមរយៈការពង្រាយដ្រូន និងឧទ្ធម្ភាគចក្រជាដើម។ 
 
បន្ទាប់ពីគ្រោះរញ្ជួយដី អាជ្ញាធរតៃវ៉ាន់ បានសម្រេចវាយបំផ្លាញអគារមួយចំនួយ ដែលអាចបង្កគ្រោះថ្នាក់ និងមិនអាចជួសជុលបាន ដើម្បីការពារសុវត្ថិភាពប្រជាជន។ តាមការបញ្ជាក់របស់អភិបាលក្រុង Hualien លោកស្រី Hsu Chen-Wei ប្រជាជនដែលស្ថិតនៅកន្លែងគ្រោះថ្នាក់ ត្រូវបានជម្លៀសរួចហើយ ខណៈការងារវាយបំផ្លាញអគារ ក៏ចាប់ផ្តើមផងដែរ។ 
 
ទោះជាមានកម្រិតរញ្ជួយខ្លាំងក្តីប៉ុន្តែ ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ មិនបានរងផលប៉ះពាល់នោះទេ។ ក្រុមហ៊ុន Taipower បានបញ្ជាក់ថា អគ្គិសនី ត្រូវបានស្តារឡើងវិញរួចហើយ ខណៈស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួន២ មិនបានរងផលប៉ះពាល់នោះទេ។ ដោយជាដែនដីផលិតបន្ទះឈីបដ៏សំខាន់សម្រាប់ពិភពលោក ក្រុមហ៊ុនធំៗដូចជា Nvidia បានអះអាងថា កម្មកររបស់ខ្លួន បានទៅធ្វើការដូចធម្មតា ក្រោយគ្រោះរញ្ជួយដី ដោយធ្វើឱ្យច្រវាក់ផលិតកម្ម មិនត្រូវបានបង្អាក់ឡើយ។ 
 
ក្រោយគ្រោះរញ្ជួយដី លោកស្រីTsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រសួងទាក់ទងជាមួយអាជ្ញាធរថ្នាក់ ដើម្បីទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយ និងឆ្លើយតបចំពោះវិបត្តិ៕

Tag:
 តៃវ៉ាន់
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com