អន្តរជាតិ
ក្រុមហ៊ុនវៀតណាម Vinfast ចង់ដណ្តើមទីផ្សាររថយន្តអគ្គិសនីនៅថៃ
04, Apr 2024 , 2:31 pm        
រូបភាព
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Vinfast។ រូបភាពFacebook_Vinfast
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Vinfast។ រូបភាពFacebook_Vinfast
ក្រុមហ៊ុនវៀតណាម Vinfast ​កំពុងស្វះស្វែងរកការដណ្តើមទីផ្សាររថយន្តអគ្គិសនី (EV) នៅថៃ ដែលកំពុងតែអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលសម្រាប់រថយន្តអគ្គិសនី នៅក្នុងអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិក្រុមហ៊ុន Vinfast ប្រចាំនៅថៃ។
 
ថៃ ជាប្រទេសមួយ ដែលបានដាក់ចេញគោលនយោបាយប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលសម្រាប់រថយន្តអគ្គិសនីដ៏ធំនៅក្នុងតំបន់។ កន្លងមក ថៃ បានទាក់ទាញក្រុមហ៊ុនរថយន្តអគ្គិសនីធំៗជាច្រើនទៅដំឡើងរោងចក្រនៅប្រទេស ក្នុងនោះមានដូចជា BYD ជាដើម។
 
ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនអគ្គិសនីវៀតណាម Vinfast បានមើលឃើញថៃជាគោលដៅថ្មីសម្រាប់ទីផ្សាររថយន្តអគ្គិសនី។ 
 
«រដ្ឋាភិបាលថៃបានផ្សព្វផ្សាយពីឧស្សាហកម្មរថយន្តអគ្គិសនីតាមរយៈកញ្ចប់លើកទឹកចិត្ត»។ លោកស្រី Vu Dang Yen Hang ប្រធានប្រតិបត្តិក្រុមហ៊ុន Vinfast ប្រចាំនៅថៃ បានបញ្ជាក់បែបនេះ ដោយបន្តថា ថៃជាគោលដៅរបស់ក្រុមហ៊ុន ដោយសារមានកំណើនរថយន្តអគ្គិសនីបានកើនដ៏រហ័ស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាកកកប៉ុស្តិ៍នៅថ្ងៃទី៤ ខែមេសា។ 
 
ទោះថៃជាទីផ្សាររថយន្តអគ្គិសនីសំខាន់ ប្រធានក្រុមហ៊ុន Vinfast បានបន្លុយថា ក្រុមហ៊ុន មិនទាន់បានសម្រេចក្នុងការកសាងរោងចក្រអគ្គិសនីនៅថៃនោះទេ ក្រោមហេតុផលខ្លួនកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ យ៉ាងណាមិញ លោកស្រីHang បានអះអាងថា ក្រុមហ៊ុន មានគម្រោងសាងសង់រោងចក្រនៅឥណ្ឌូណេស៊ី ដោយបន្ថែមពីលើអាម៉េរិក និងឥណ្ឌា។
 
បង្កើតឡើងនៅក្នុងឆ្នាំ២០១៧ និងផ្តោតលើរថយន្តអគ្គិសនីនៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Vinfast បានផ្តោតគោលដៅនាំចេញរថយន្តទៅកាន់ប្រទេសចំនួន ៥០ ក្នុងឆ្នាំ២០២៤។ បណ្តាប្រទេសទាំងនោះមាននៅទ្វីបអាម៉េរិក អាហ្រ្វិក និងអាស៊ីជាដើម។ 
 
នៅប្រទេសថៃ ក្រុមហ៊ុន Vinfast មានតំណាងទិញរថយន្តចំនួន១៥ និងមានហាងដាក់បង្ហាញរថយន្តចំនួន ២២កន្លែង នៅក្នុងក្រុងបាងកក, ឈៀងមៃ, អយុធ្យា និងឈុនបុរីជាដើម៕ 

Tag:
 វៀតណាម
  រថយន្ត EV
© រក្សាសិទ្ធិដោយ thmeythmey.com