អន្តរជាតិ
អ្នកជំងឺផ្លាស់ប្តូរតម្រងនោមពីជ្រូកដំបូង បានចាកចេញពីមន្ទីរពេទ្យហើយ
05, Apr 2024 , 8:29 am        
រូបភាព
រូបភាព AFP និងNew York Times.jpg
រូបភាព AFP និងNew York Times.jpg
លោក Richard Slayman អ្នកជំងឺដែលមានវ័យ ៦២ឆ្នាំ និងទទួលបានបានផ្លាស់ប្តូរតម្រងនោមជ្រូកជាលើកដំបូង បានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី៣ ខែមេសា បន្ទាប់ពី២សប្តាហ៍នៃការវះកាត់។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Massachusetts General Hospital។
 
ការផ្លាស់ប្តូរអវយវៈសត្វទៅមនុស្ស កាន់តែអាចមានភាពច្បាស់លាស់ហើយ ក្រោយអ្នកជំងឺម្នាក់ទទួលបានជោគជ័យ ក្នុងការផ្លាស់ប្តូរតម្រងនោមជាមួយជ្រូក ដែលត្រូវបានផ្លាស់ប្តូរហ្សែនរួច (Genetically Modified Pig)។ លោក Richard Slayman អ្នកជំងឺវ័យ ៦២ឆ្នាំ បានទទួលវះកាត់ដោយជោគជ័យ ខណៈប្រព័ន្ធសេរីរាង្គខាងក្នុង អាចដំណើរការបានល្អ។
 
«ពេលនេះ ជាពេលចាកចេញពីមន្ទីរពេទ្យជាមួយសុខភាពដ៏ល្អ ដែលខ្ញុំធ្លាប់មានពីមុនមក និងធ្លាប់ប្រាថ្នាជាច្រើនឆ្នាំមកហើយ»។ លោក Richard Slayman បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយមន្ទីរពេទ្យ Massachusetts General Hospital នៅថ្ងៃទី៣ ខែមេសា។
 
ជុំវិញភាពជោគជ័យការផ្លាស់ប្តូរតម្រងនោមមនុស្សនេះ វេជ្ជបណ្ឌិត David Klassen ប្រធានមន្រ្តីផ្នែកវេជ្ជសាស្រ្តនៃអង្គការចែករំលែកសេរីរាង្គ United Network for Organ Sharing បានបញ្ជាក់ថា នីតិវិធីរបស់មន្ទីរពេទ្យ Massachusetts General Hospital កាន់តែធ្វើឱ្យទស្សនៈផ្លាស់ប្តូរសរីរាង្គសត្វជាមនុស្ស កាន់តែជិតក្លាយជាការពិត។ 
 
បន្ថែមពីនេះ លោក Klassen បានទទូចឱ្យធ្វើការសាកល្បងបន្ថែមទៀតលើអ្នកជំងឺផ្សេង ដើម្បីធានាសុវត្ថិភាពនៃការផ្លាស់ប្តូរសរីរាង្គពីសត្វមកមនុស្ស និងអាចធ្វើឱ្យវាមានលក្ខណៈទូលំទូលាយ។ 
 
តម្រង់នាមជ្រូកដែលដាក់ទៅក្នុងរាងកាយលោក Slayman គឺបានមកពីជ្រូកដែលផ្លាស់ប្តូរហ្សែនរួច ហើយការផ្លាស់បប្តូរហ្សែននោះ ធ្វើឡើងដោយក្រុមហ៊ុន eGenesis។ 
 
ប្រជាជនអាម៉េរិកប្រមាណ ៥៥ម៉ឺននាក់ មានបញ្ហាតម្រង់នោម និងត្រូវឱ្យមានការព្យាបាល។ ទន្ទឹមនេះ អ្នកជំងឺលើសពី១០ម៉ឺននាក់ ស្ថិតនៅក្នុងបញ្ជីរង់ចាំ ដើម្បីចាំទទួលតម្រងនោមពីអ្នកបរិច្ចាគ។ 
 
កន្លងមក ការផ្លាស់ប្តូរសរីរាង្គសត្វទៅមនុស្ស ក៏ធ្លាប់ត្រូវបានធ្វើឡើងលើអ្នកជំងឺចំនួន ២នាក់ផងដែរ ប៉ុន្តែត្រូវបរាជ័យ។ ការផ្លាស់ប្តូរនោះ ធ្វើលើផ្នែកបេះដូង ហើយបានធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិត នៅរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់៕ 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com