ជាតិ
ព័ត៍មានសុខភាព
សុខភាព
អត់ពិបាកទេ ! បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺថ្លើម​អ្នក​ត្រូវធ្វើ​បែប​នេះ
06, Apr 2024 , 6:59 am        
រូបភាព
ជំងឺថ្លើម​មាន​ដល់​ទៅ ៦ ប្រភេទ ឯណោះ គឺ​ជំងឺថ្លើម​ប្រភេទ A, B, C, D, E និង F ប៉ុន្តែ​ជំងឺ​ដែល​យើង​ធ្លាប់​ឮ និង​កើត​ញឹកញាប់​ជាងគេ គឺ​ជំងឺថ្លើម​ប្រភេទ A B និង C​។ ក្នុង​ចំណោម​ជំងឺ​រលាក​ថ្លើម​ទាំងអស់ មាន​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ទេ​ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ វិ​វត្ត​ទៅ​ជា​ក្រិន​ថ្លើម និង​មហារីក​ថ្លើម​។
 
ចំពោះ​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺថ្លើម​វិញ​បណ្តាល​មក​ពី​មេរោគ​ទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាង​កាយ​។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ពី​វិធី ៦ យ៉ាង ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺថ្លើម​។
 
១- ចាក់​វ៉ាក់សាំង
បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។
 
២- កុំ​ប្រើ​ម្ជុល ច្រាស​ដុសធ្មេញ និង​ឡា​ម​រួម​គ្នា
ក្រៅពី​រួម​ភេទ ជំងឺថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​ប្រើ​ម្ជុល ច្រាស​ដុសធ្មេញ និង​ផ្លែ​ឡា​ម​ដែរ អ៊ីចឹង​យើង​មិន​ត្រូវ​ប្រើ​វត្ថុ​ទាំងនោះ​រួម​គ្នា​នោះ​ទេ​។
 
៣- ពេល​មាន​ផ្ទៃពោះ​ត្រូវ​ជជែក​ជាមួយ​ពេទ្យ
ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ បើ​មាន​ផ្ទុកមេរោគ​ថ្លើម និ ដើម្បី​បង្ការ​កូន​ពី​ការ​ឆ្លង​ជំងឺថ្លើម​ដោយ​ប្រការ​ណាមួយ​នោះ ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំងឺថ្លើម​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ ឬ​ក្រោយ​ពេល​សម្រាលកូន​ហើយ​។
 
៤- ប្រើ​ឧបករណ៍ និង​ម្ជុល​សាក់​គ្មាន​មេរោគ
ជំងឺថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​សាក់​នៅ​លើ​ស្បែក​ដែរ ដូច្នេះ​មុន​នឹង​សាក់​យើង​ត្រូវ​ឲ្យ​គេ​ស្ងោរ​ឧបករណ៍ ឬ​ម្ជុល​សម្រាប់​សាក់ ដើម្បី​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ​។
 
៥- ប្រើ​ស្រោមអនាម័យ
ប្រើ​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ និង​រាល់ពេល​រួម​ភេទ មិន​ត្រឹមតែ​អាច​បង្ការ​ខ្លួន​យើង​ពី​ជំងឺថ្លើម​គ្រប់​ប្រភេទ​នោះ​ទេ ថែម​ទាំង​អាច​បង្ការ​ពី​ជំងឺ​កាមរោគ ការ​មាន​ផ្ទៃពោះ ពិសេស​ជំងឺអេដស៍​។
 
៦- លេបថ្នាំ ជា​ជាង​ចាក់​ថ្នាំ
បើសិនជា​អាច ឬ​មាន​ជំងឺ​ល្មម​ៗ បើ​យើង​ទៅ​ជួប​គ្រូពេទ្យ​មិនសូវ​មាន​ជំនាញ យើង​គួរតែ​លេបថ្នាំ ជា​ជាង​ការ​ចាក់​ថ្នាំ​ដោយ​ប្រើ​ម្ជុល សឺ​រ៉ាំ​ង​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com