អន្តរជាតិ
ម៉ិកស៊ិក ផ្ដាច់ចំណងទូតជាមួយអេកា្វឌ័រ ក្រោយការសម្រុកចូលស្ថានទូតខ្លួនដើម្បីចាប់មនុស្ស
07, Apr 2024 , 11:39 am        
រូបភាព
រដ្ឋាភិបាលម៉ិកស៊ិក បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ បន្ទាប់ពីប៉ូលិសអេក្វាឌ័រចូលស្ថានទូតម៉ិកស៊ិក ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ។ ទង្វើរបស់អេក្វាឌ័រ ដែលឈានដល់ប្រើកម្លាំងចូលស្ថានទូតបរទេសបែបនេះ បង្កការភ្ញាក់ផ្អើលខ្លាំង ដោយម៉ិកស៊ិកចោទថា ជាការបំពានអនុសញ្ញាក្រុងវីយែនស្ដីពីទំនាក់ទំនងការទូត។
 
ប៉ូលិសអេក្វាឌ័រ នៅល្ងាចថ្ងៃទី៥ ខែមេសាបានទម្លុះទ្វារខាងក្រៅនៃស្ថានទូតម៉ិកស៊ិកក្នុងរដ្ឋធានីគីតូ ដើម្បីចាប់ខ្លួនលោក Jorge Glas ដែលជាអតីតអនុប្រធានាធិបតីអេក្វាឌ័រ។ លោក Glas បានស្នាក់នៅក្នុងស្ថានទូតម៉ិកស៊ិកតាំងពីខែធ្នូ បន្ទាប់ពីបានស្វែងរកសិទ្ធិជ្រកកោននយោបាយ ក្រោយត្រូវបានចោទប្រកាន់ពីបទពុករលួយ។
 
ការវាយឆ្មក់នេះ ក៏នាំឱ្យប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obrador ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាឌ័រនៅថ្ងៃដដែល។ ម៉ិកស៊ិក ក៏មានបំណងយករឿងទៅតវ៉ានៅតុលាការអន្តរជាតិក្រុងឡាអេដែរ។
 
«វាមិនអាចទៅរួចនោះទេ។ វា​មិន​អាច​ឡើយ។» លោក Roberto Canseco ប្រធានផ្នែកកុងស៊ុលនៃស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅខាងក្រៅស្ថានទូតភ្លាមៗបន្ទាប់ពីការវាយឆ្មក់។ លោក​ព្រួយ​បារម្ភពីសុវត្ថិភាពរបស់លោក Glas ដែរ​។
 
នៅថ្ងៃទី៦ ខែមេសា លោក Glas ត្រូវ​នាំ​ចេញ​ពី​អគ្គរដ្ឋអាជ្ញា​ទៅ​កាន់​ទីក្រុង​កំពង់ផែ Guayaquil ជា​កន្លែង​ដែល​លោក​នឹង​បន្ត​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដែល​មាន​សន្តិសុខ​កម្រិតខ្ពស់។ លោកស្រី Sonia Vera មេធាវីលោក Glas បានប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថា ប៉ូលិសប្រើកម្លាំងបាយដាក់លោក Glas ដែលព្យាយាមតដៃ។ 
 
ពាក់ព័ន្ធរឿងនេះ អាជ្ញាធរអេក្វាឌ័រ កំពុងស៊ើបអង្កេតលោក Glas ជុំវិញភាពមិនប្រក្រតីក្នុងការចាត់ចែងការងាររបស់លោកបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាក្នុងឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សរាប់រយនាក់។ អតីតអនុប្រធានាធិបតីរូបនេះ ​ត្រូវ​បាន​កាត់ទោស​ពី​បទ​ស៊ីសំណូក និង​បទ​ពុករលួយ​ក្នុង​ករណី​ផ្សេង​ទៀត។
 
រដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ Gabriela Sommerfeld ប្រាប់អ្នកយកព័ត៌មានដែរថា ការសម្រេចចិត្តចូលស្ថានទូតម៉ិកស៊ិកត្រូវបានធ្វើឡើងដោយប្រធានាធិបតី Daniel Noboa បន្ទាប់ពីបានពិចារណាអំពីលទ្ធភាពដែលលោក Glas អាចហោះទៅក្រៅប្រទេស ហើយការចរចាជាមួយម៉ិកស៊ិកក៏មិនបានផល។
 
ម៉ិកស៊ិក បានផ្តល់សិទ្ធិជ្រកកោនឱ្យលោក Glas ប៉ុន្មានម៉ោងមុនពេលការវាយឆ្មក់។ លោក Sommerfeld បាននិយាយថា ការធ្វើបែបនេះមិនស្របច្បាប់ទេក្នុងការផ្តល់សិទ្ធិជ្រកកោនដល់មនុស្សដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មទូទៅពីសំណាក់តុលាការមានសមត្ថកិច្ច។
 
យ៉ាងណាមិញ លោកស្រី Alicia Bárcena រដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក បានបង្ហោះលើបណ្ដាញសង្គមX ថាអ្នកការទូតម៉ិកស៊ិកមួយចំនួនបានរងរបួសក្នុងអំឡុងពេលវាយឆ្មក់នេះ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។ 
 
តាមអនុសញ្ញាវីយែន បរិវេណការទូតត្រូវបានចាត់ទុកថាជាដីបរទេស ហើយមិនអាចបំពានបានឡើយ។ លើសពីនេះ ភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសម្ចាស់ផ្ទះ មិនអាចចូលដោយគ្មានការអនុញ្ញាតពីឯកអគ្គរដ្ឋទូតឡើយ៕

Tag:
 ម៉ិកស៊ិក
  អេក្វាឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com