ជាតិ
កម្ពុជា រកឃើញអ្នកកើត អុត​ស្វា ​៣ករណីបន្ថែមទៀត
07, Apr 2024 , 3:39 pm        
រូបភាព
 រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាស​រកឃើញអ្នកឆ្លង​ជំងឺអ៊ឹមផក(​អុត​ស្វា)​ ចំនួន៣ករណី នៅថ្ងៃទី៧ ខែមេសា២០២៤នេះ។ ករណីឆ្លងជំងឺអ៊ឹមផកនេះ  ភាគច្រើនឆ្លងអ្នករស់នៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺចំនួន៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។


ជំងឺអុតស្វានេះ មានរោគសញ្ញា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខ ក្នុងនោះក៏មានគ្រុនក្ដៅលើស ៣៨.៥ អង្សាសេ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំក្នុងរយៈពេលជាច្រើនសប្ដាហ៍។ ការរកឃើញនេះ ធ្វើឱ្យអ្នកឆ្លងជំងឺអុតស្វានៅកម្ពុជា កើនដល់១៧ករណី។ 
 
អ្នកឆ្លងជំងឺអ៊ឹមផកទាំង១៧ករណីនេះ សុទ្ធតែជាបុរសទាំងអស់ ដែលមានអាយុចន្លោះពី២០ឆ្នាំទៅ៤៣ឆ្នាំ ហើយភាគច្រើនអ្នករស់នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ បង្ការការចម្លងនូវជំងឺនេះ អ្នកត្រូវចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ឹមផក ឬចៀសវាងប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រាឬពែង ឬផ្ទៃនៃទីតាំង និងហាមប៉ះដំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវជាដើម។
 
សូមជម្រាបថា ការឆ្លងជំងឺវីរុសអុតស្វានេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះផ្ទាល់ ឬម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល និងឪពុកម្តាយមានជំងឺអ៊ឹមផក។ ក្រសួងសុខាភិបាល រំលឹកដល់ពលរដ្ឋសារជាថ្មីឱ្យបង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការចម្លងជំងឺអ៊ឹមផក ជាពិសេសត្រូវអនុវត្តវិធានការបង្ការនានា៕

Tag:
 ក្រសួងសុខាភិបាល
  ជំងឺអឹមផក
© រក្សាសិទ្ធិដោយ thmeythmey.com