ជាតិ
ស្ថានីយបណ្ដុះកូនឈើ«៨ហិកតា» បណ្ដុះឈើប្រណិតបាន៣ម៉ឺនដើមក្នុងមួយឆ្នាំ
07, Apr 2024 , 3:10 pm        
រូបភាព
សៀមរាប៖ ឈើប្រណិតចំនួន៤ប្រភេទ ត្រូវបានរៀបចំនិងបណ្ដុះនៅស្ថានីយមួយឈ្មោះថា ៨ហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងមួយឆ្នាំ ស្ថានីយមួយនេះបណ្ដុះពូជឈើ ប្រណិតបាន៣ម៉ឺនកូន សម្រាប់ដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយ។
 
អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា កញ្ញា ឆេង វុចនា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំស្ថានីយ​មួយនេះ មានសមត្ថភាពអាចបណ្ដុះកូនឈើបាន៣ម៉ឺនកូន សម្រាប់ទុកដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយដល់សាធារណជនយកទៅដាំនៅតំបន់ផ្សេងៗ។ កញ្ញាបន្តថា ឈើប្រណិតដែល​​បណ្ដុះ​នៅទីនេះ រួមមាន ឈើបេង ឈើធ្នង់ ឈើគ្រញូង និងឈើច្រេស។ 
 
តាមពិតទៅ ការបណ្ដុះប្រភេទឈើប្រណិត ដូចនឹងប្រភេទកូនឈើដទៃទៀតដែរ​ប៉ុន្តែមានតែឈើគ្រញូងប៉ុណ្ណោះ ដែលរៀងរើសរដូវបន្ដិច។ ឈើនេះបណ្ដុះ និងលូតលាស់ល្អនារដូវត្រជាក់ ដូច្នេះការបណ្ដុះនារដូវក្ដៅ វាប្រឈមនឹងបញ្ហាមួយចំនួន ដូចជាឆាប់រលួយ និងលូតលាស់មិនសូវល្អ ប្រសិនការថែទាំមិនដិតដល់។ នេះជាការបញ្ជាក់ពីអ្នកជំនាញដើមឈើ កញ្ញា វុចនា។ កញ្ញាបន្តថា កូនឈើគ្រញូងច្រើនបណ្ដុះនៅខែវិច្ឆិកា រហូតដល់ខែមករា ចំណែកឈើបេង ធ្នង់ និងច្រេស ដែលជាប្រភេទឈើប្រណិតដែរនោះ មិនរើសពេលវេលាឡើយ គឺខែណាក៏អាចបណ្ដុះ និងលូតលាស់​ល្អដែរ។
 
ដោយសារជារដូវក្ដៅ ដូច្នេះការថែទាំ​ និងស្រោចទឹកមានទំហំធំ ដែលទាមទារឱ្យពលករក្នុងស្ថានីយ បូមទឹកស្រោចស្រពច្រើនទ្វេរដង។ ចំណែកប្រភពទឹក មិនមានបញ្ហាអ្វីដែរ ព្រោះមានស្រះទឹកធំ​នៅក្បែរនោះ។ កញ្ញា វុចនា បញ្ជាក់ថា ទោះរដូវនេះការដាំដុះមានភាពលំបាកខ្លះ តែមិនមានអ្វីរាំងស្ទះដល់ដំណើរការបណ្ដុះកូនឈើក្នុងស្ថានីយឡើយ គឺជារៀងរាល់ឆ្នាំ អាចបណ្ដុះបានពី២ទៅ៣ម៉ឺនកូន ដើម្បីទុកដាំនារដូវវស្សា។ កញ្ញា បន្តថា៖« ការបណ្ដុះនេះ យើងបណ្ដុះច្រើន យើងអាចផ្គត់ផ្គង់ការដាំដុះនៅរដូវវស្សាបាន និងចែកចាយ​បាន​​គ្រប់គ្រាន់។ ការបណ្ដុះយើងធ្វើជាបន្តបន្ទាប់ មិនឱ្យដាច់ទេ។ យើងមើលស្ថានភាពជាក់ស្ដែង បើសិនឈើបេងបញ្ចេញអស់ច្រើន យើងនឹងបណ្ដុះកូនបេងបន្ថែមទៀត»។ 
 
ជាមួយនឹងបញ្ហាអាកាសធាតុ ប្រភេទឈើគ្រញូង ក៏មានបញ្ហាទៅលើរក្សាគ្រាប់ពូជផងដែរ។ ប្រភេទឈើនេះ ពិបាកទុកគ្រាប់បន្ដិច ដោយសារមានសត្វល្អិតស៊ីមកយីយារច្រើន។ ចំណែកការប្រមូល​គ្រាប់​ពូជឈើប្រណិតវិញ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចាត់ក្រុមការងារ​ចុះ​ប្រមូល​នៅតាមតំបន់ខ្លះ ដូចជាបុរីរដ្ឋបាល រដ្ឋបាលខេត្ត និងតាមព្រៃក្នុងតំបន់អង្គរ ឬតាមវត្តជាដើម។ 
 
បច្ចុប្បន្ននេះ ក្នុងស្ថានីយបណ្ដុះកូនឈើ៨ហិកតា មានកូនឈើសរុបប្រមាណ៦ម៉ឺនកូន និងគិតជាកម្ពស់ ចាប់ពី៣សង់ទីម៉ែត្រ រហូតដល់២ម៉ែត្រ។ កញ្ញា វុចនា បញ្ជាក់ថា កូនឈើដែលមានកម្ពស់កន្លះម៉ែត្រ គឺត្រូវស្ដង់ដាល្មមដែលអាចបញ្ចេញយកទៅដាំបាន។ ជាមួយគ្នានេះ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះ  ចង់ឃើញប្រជាពលរដ្ឋជាច្រើន បន្តចូលរួមដាំកូនឈើជាមួយអាជ្ញាធរឱ្យបានកាន់តែច្រើន ឬក៏អាចស្នើដើម្បីយកទៅដាំបានដោយឥតគិតថ្លៃ។ កញ្ញាយល់ថា ការបន្តធ្វើសកម្មភាពដ៏ប្រពៃនេះ កំពុងជួយភពផែនដីកាត់បន្ថយ​ការបម្រែបម្រួលអាកាសធាតុផងដែរ។
 
សូមបញ្ជាក់ថា​ ស្ថានីយបណ្ដុះកូនឈើទាំង១០របស់អាជ្ញាធរជាតិអប្សរា ដែលកំពុងដើរតួបណ្ដុះកូនឈើ​ចម្រុះទុកដាក់ដាំក្នុងឧទ្យានអង្គរ និងតំបន់ដទៃទៀតរួមមាន ស្ថានីយ៨ហិកតា, បារាយណ៍ខាងលិច, បាលឡុង, មណ្ឌល៣, ភ្នំបាខែង, ស្ពានឈើ, ព្រះខ័ន, អូរក្លូត, ប្រាសាទតាកែវ, អង្គម៉ោល, ក្រាំងក្រូច និងតាសោម។ ក្នុងឆ្នាំ២០២៣កន្លងទៅ ស្ថានីយទាំងនេះបណ្ដុះកូនឈើបានសរុបជាង២២ម៉ឺនកូន៕

Tag:
 បរិស្ថាន
  ស្ថានីយបណ្ដុះកូនឈើ៨ហិកតា
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com