ជាតិ
អ្នករស់នៅតំបន់អង្គរមុនឆ្នាំ២០០៤ អាចបន្តរស់នៅ ដោយស្របច្បាប់
08, Apr 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ អ្នករស់នៅតំបន់អង្គរ មុនឆ្នាំ២០០៤ អាចចាត់ចូលជាអ្នកស្រុកដើម ដែលអាចមានដូនតាតាំងពីសម័យអង្គរ ដូច្នេះពួកគេអាចបន្តរស់នៅទីនោះ បន្តទៀតប្រសិនគាត់មិនចង់ចាកចេញ។ មិនត្រឹមតែពួកគាត់ទេ សូម្បីកូននិងចៅៗរបស់ពួកគាត់ ប្រសិនមិនចង់ចាកចេញទេ ពួកគេក៏មានសិទ្ធិរស់នៅលើដីដូនតា តទៅមុខរាប់រយជំនាន់ទៀតបានដែរ។


លោក រ៉ាអ៊ូល ម៉ាក ជេណា ដែលជាអ្នកសិក្សាស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និងជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់បទសម្ភាសផ្ដាច់មុខ ជាមួយសារព័ត៌មានថ្មីៗ ក្នុងថ្ងៃធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការរៀបចំលំនៅដ្ឋានឡើងវិញ សម្រាប់ពលរដ្ឋ​ ដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីដ្ឋានអង្គរ នៅថ្ងៃទី៥ខែមេសា ឆ្នាំ២០២៤ថា ប្រជាជនដែលបានចូលទៅរស់នៅ ក្នុងតំបន់អង្គរ នៅមុនឆ្នាំ២០០៤ ពួកគាត់មានសិទ្ធិពេញលេញ ក្នុងការបន្តរស់នៅ លើទឹកដីដែលពួកគាត់កំពុងរស់នៅបាន ដោយមិនចាំបាច់រើចេញ។
  


អ្នករស់នៅតំបន់អង្គរមុនឆ្នាំ២០០៤ មានសិទ្ធិរស់នៅបន្ត ក្នុងតំបន់ដែលពួកគាត់ធ្លាប់រស់នៅ ក៏ព្រោះតែរដ្ឋាភិបាល មើលឃើញថា ពួកគាត់ទាំងនោះ អាចជាជំនាន់ក្រោយ របស់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ ឬមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រាង្គប្រាសាទ ឬជាមួយធម្មជាតិ ដោយផ្នែកផ្សេងៗ។ 
 
លោក រ៉ាអ៊ូល បញ្ជាក់ទៀតថា មិនត្រឹមតែប្រជាជន ដែលចូលទៅរស់នៅទីនោះ មុនឆ្នាំ២០០៤ប៉ុណ្ណោះទេ ដែលមានសិទ្ធិ ជ្រើសរើសមិនចាកចេញបាន សូម្បីតែកូននិងចៅៗជំនាន់ក្រោយរបស់ពួកគាត់ ក៏ទទួលបានសិទ្ធិនេះពេញលេញដែរ។ លោក រ៉ាអ៊ូល ម៉ាក ជេណា ថាការរក្សាទុកប្រជាជន ដែលជាអ្នកស្រុកដើម ឱ្យរស់នៅក្នុងតំបន់អង្គរ ដូចដែលពួកគាត់ធ្លាប់រស់នៅ គឺជាការរួមចំណែកឱ្យអង្គរមានជីវិត។ 
 
យ៉ាងណាក៏ដោយ អ្នកដែលមានសិទ្ធិរស់នៅបន្ត ក្នុងតំបន់អង្គរ ពួកគាត់ក៏ត្រូវគោរពគោលការ និងលក្ខខណ្ឌ ដែលអង្គការយូណេស្កូ ក៏ដូចជារដ្ឋាភិបាលកម្ពុជាបានកំណត់ ដើម្បីរក្សាបេតិកភណ្ឌពិភពលោក ឱ្យមានជីវិតយូរអង្វែងទៅមុខដែរ។ គោលការទាំងនោះ រួមមាន ការមិនសង់ផ្ទះថ្មីបន្ថែមទៀត ឬមិនសង់សំណង់រឹងមាំ ការមិនកាប់បំផ្លាញពី ឬឈើ ឬដុតព្រៃ ដុតឈើ និងមានលក្ខខណ្ឌមួយចំនួនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ និងសំណង់ប្រាសាទ។
  
ផ្ទះនៅតំបន់រុនតាឯក
 
«ជាការពិតណាស់ គ្មានអ្នកណាចង់ចាកចេញ ពីតំបន់ដែលគាត់បានរស់នៅនោះទេ។ យើងឱ្យអ្នករស់នៅ ក្នុងតំបន់អង្គរ មុនឆ្នាំ២០០៤ និងកូនចៅរបស់ពួកគាត់រស់នៅទីនោះបន្តទៀត លុះត្រាណាគាត់មិនបង្កើនចំនួនផ្ទះ និងគោរពលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីថែរក្សាបេតិកភណ្ឌពិភពលោក។ ហើយការបន្តឱ្យគាត់រស់នៅទីនោះទៀត គឺជាការថែរក្សាបេតិកភណ្ឌមនុស្ស ដើម្បីឱ្យអង្គរមានជីវិត»។ នេះជាការបញ្ជាក់បន្ថែម របស់លោក រ៉ាអ៊ូល ម៉ាក ជេណា។
 
លោក រ៉ាអ៊ូល ម៉ាក ជេណា គូសបញ្ជាក់ថា ការរៀបចំលំនៅដ្ឋានឡើងវិញ សម្រាប់ពលរដ្ឋ​ ដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីដ្ឋានអង្គរ ធ្វើឡើងសម្រាប់តែប្រជាជន ដែលបានចូលទៅរស់នៅ ក្នុងតំបន់អង្គរក្រោយឆ្នាំ២០០៤ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រសិនប្រជាជន ដែលរស់នៅតំបន់អង្គរ មុនឆ្នាំ២០០៤ រួមទាំងកូនចៅជំនាន់ក្រោយរបស់ពួកគាត់ មានបំណងចង់ចាកចេញ រដ្ឋាភិបាល ក៏នឹងផ្ដល់ការគាំទ្រទៅលើការផ្ដល់ដីថ្មី នៅតំបន់រុនតាឯក  ហើយពួកគាត់ ក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដែលរដ្ឋាភិបាល នឹងផ្ដល់ឱ្យតាមគោលការដូចគ្នា។ សម្រាប់ការចាកចេញនេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំឡើយ។


 
សូមបញ្ជាក់ថា ប្រជាជនដែលចូលទៅរស់នៅក្នុងតំបន់អង្គរ មុនឆ្នាំ២០០៤ មានចំនួនប្រមាណ១សែននាក់ ដែលរស់នៅក្នុង១១២ភូមិ។ 
 
លោក រ៉ាអ៊ូល ម៉ាក ជេណា ដែលជាអ្នកសិក្សាស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និងជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាដើម្បីឱ្យអង្គរកាន់តែក្លាយជា បេតិកភណ្ឌពិភពលោកដ៏រស់រវើក ប្រជាជនស្រុកដើម ដែលរស់នៅក្នុងតំបន់អង្គរ គួរតែរួមគ្នា ថែរក្សាការពារបេតិកភណ្ឌមនុស្ស បេតិកភណ្ឌប្រាង្គប្រាសាទ និងបេតិកភណ្ឌព្រៃឈើ៕

Tag:
 អង្គរ
  ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com