ជាតិ
គ្មានច្រកចេញ! អ្នកភូមិចុងឃ្នៀសទ្រាំរស់ជាមួយការខ្វះទឹកស្អាត និងអនាម័យ
08, Apr 2024 , 9:09 am        
រូបភាព
លោក វណ្ណ វី កំពុងលើកទឹកធុងដែលទើបនឹងទិញដាក់លើទូក។
លោក វណ្ណ វី កំពុងលើកទឹកធុងដែលទើបនឹងទិញដាក់លើទូក។
សៀមរាប៖ មានផ្ទះនៅក្នុងទឹកទន្លេ មិនប្រាកដថាមានទឹកប្រើប្រាស់ប្រាស់គ្រប់គ្រាន់នោះទេ។ ជាក់ស្ដែងនារដូវក្ដៅនេះ ពលរដ្ឋនៅតំបន់ចុងឃ្នៀស នៃបឹងទន្លេសាប កំពុងប្រឈមការខ្វះទឹកស្អាត ប្រើប្រាស់ និងរស់នៅដោយកង្វះអនាម័យ។
 
ទឹកទន្លេសាបបានរួមតូច រាក់ និងមានពណ៌ក្រហមនារដូវប្រាំង។ ផ្ទះរបស់ពលរដ្ឋនៅតាមមាត់ព្រែក​ចុងឃ្នៀស ក៏មិនអាចចល័តដូចនៅរដូវវស្សាបានទៀតនោះដែរ គឺនៅទើរជាប់ភក់ជ្រាំ ដែលលាយឡំដោយសំរាមចម្រុះជាច្រើន ដូចជាកាកសំណល់ផ្ទះបាយ បង្គន់ និងថង់ប្លាស្ទិករាប់​សិបម៉ឺន។ល។ ការណ៍នេះកំពុងធ្វើឱ្យពលរដ្ឋនៅតំបន់មិនរៀបរយនេះ មានជំងឺជាច្រើន ពិសេសបញ្ហាផ្លូវដង្ហើម និងជំងឺពោះវៀន។
 
គ្រូពេទ្យបានប្រាប់អ្នកស្រី គា សុគន្ធ ថាកូនស្រីទី២របស់អ្នកស្រី មានជំងឺផ្លូវដង្ហើម និងសួត ដោយបានរកឃើញផ្សែងពុលជាច្រើននៅក្នុងសួនទារកតូចមួយនេះ។ ស្រ្តីរូបនេះ ក៏មិនសង្ស័យដែរ ដ្បិតតំបន់ខ្លួនរស់នៅពិតជាមានការបំពុលដោយសារផ្សែងថង់ប្លាស្ទិក និងបរិស្ថានជុំវិញ មិនមានអនាម័យពិតមែន។
 
អ្នកស្រី គា សុគន្ធ ជាមួយកូនតូចនៅលើផ្ទះបណ្ដែតទឹកនាតំបន់ចុងឃ្នៀស។ 

មានវ័យ៣៣ឆ្នាំ អ្នកស្រី គា សុគន្ធ កំពុងថែទាំកូនស្រីទី២អាយុខ្ទង់មួយឆ្នាំ ដែលទើបចេញពីមន្ទីរពេទ្យ ដោយសារជំងឺសួត និងគ្រុនពោះវៀនកាលពីពេលថ្មីៗនេះ។ ទារកនេះ បានរកឃើញថាមានជំងឺផ្លូវដង្ហើម កាលពីទើបសម្រាលបានខ្ទង់៥ខែ។ អ្នកភូមិចុងឃ្នៀសរូបនេះបន្ថែមថា កូនខ្លួនចូលគេងមន្ទីរពេទ្យ​ម្ដងៗចូលដល់ខែ ដោយសារ​ជំងឺ​សួត​​ពីកំណើត ធ្វើឱ្យទារកពិបាកដកដង្ហើម។ អ្នកស្រីបន្តថា៖« ទៅពេទ្យគាត់ពិនិត្យទៅឃើញថា ដកដង្ហើមចេញមក​ស្រូបសុទ្ធតែផ្សែង​ជាតិពុល គាត់ថាកុំឱ្យដុតសំរាម ប្លាស្ទិក និងសំបកកង់ឡានអី ព្រោះវាគ្រោះថ្នាក់​ណាស់»។ 
 
មុនកើតជំងឺសួតនេះ កូនរបស់អ្នកស្រី សុគន្ធ ក៏ធ្លាប់កើតជំងឺហឺតផងដែរ។ ដោយសារកូនឧស្សាហ៍​ឈឺដូច្នេះ ធ្វើឱ្យជីវភាពនៅក្នុងគ្រួសាររបស់ប្រជានេសាទរូបនេះ មិនបានប្រសើរប៉ុន្មានទេ។ ប្ដីអ្នកស្រី សុគន្ធ ចេញទៅនេសាទបាត់ៗ រហូតដល់រសៀលបានត្រឡប់មកផ្ទះវិញ ហើយរកត្រីក៏មិនសូវបានទៀត ហើយរកបានល្មមទិញថ្នាំ និងយកកូនទៅពេទ្យ។ អ្នកស្រី សុគន្ធ រៀបរាប់ដូច្នេះដូចទឹកមុខក្រៀមក្រំ។
 
ព្រែកចុងឃ្នៀសរួមតូចនារដូវប្រាំង និងធ្វើឱ្យផ្ទះបណ្ដែតទឹករបស់ប្រជានេសាទ គោកទើរលើដីភក់ សល់ទឹកមិនដល់កន្លះម៉ែត្រ។ ទឹកមានពណ៌ក្រហមល្អក់ខ្លាំង និងធុំក្លិនស្អុយ។ កំពុងយោលអង្រឹងបណ្ដើរ ងាកមកនិយាយបណ្ដើរនៅលើផ្ទះបណ្ដែតទឹក អ្នកស្រី សុគន្ធ បំន្លឺថា៖« ធំក្លិនណាស់ ស្អុយណាស់ ធ្វើម៉េចយើងគ្មានដីអី​នៅលើគោក នៅតែក្នុងទឹក ធំហួសពីធំហើយ តែមិនដឹងធ្វើម៉េច ចេះតែទ្រាំ ទម្រាំទឹកវាឡើងមកទៅ»។
 
កុមារីម្នាក់នៅផ្ទះបណ្ដែតទឹកតំបន់ចុងឃ្នៀស កំពុងផឹកទឹកធុងដែលទិញពីឈ្មួញខាងលើ។

សំដីមួយៗ និងដកដង្ហើមធំ អ្នកស្រី សុគន្ធ បន្តរអ៊ូដូច្នេះថា៖« រោគាដោយសារដូច្នេះឯង កូនចៅឧស្សាហ៍ឈឺ គ្រុនពោះវៀន ក្រពេះពោះវៀន ផ្ដាសាយធំ គ្រុនឈាម មូសច្រើន ដោយសារសំរាម មិនដឹងអណ្ដែត​មកពីណាខ្លះ»។
 
ដោយសារទឹកព្រែកមានក្លិនស្អុយ និងមិនអាចប្រើប្រាស់បាននារដូវនេះ ដូច្នេះគ្រួសារអ្នកស្រី សុគន្ធ យកទឹកអណ្ដូងដែលជីកនៅជាប់មាត់ព្រែក សម្រាប់ប្រើប្រាស់ដូចជាងូត បោកខោអាវ និងលាងសម្អាត​សម្ភារទូទៅ។ ដោយឡែកទឹកសម្រាប់ផឹក និងដាំស្ល គឺត្រូវទិញទឹកធុងធំដែលគេដាក់លក់​នៅខាងលើ​មាត់ព្រែក។ ដោយសារមានសមាជិកជិត១០នាក់ ដូច្នេះក្នុងមួយថ្ងៃគ្រួសារនេះត្រូវប្រើទឹកអស់២ធុង ដែលក្នុងមួយធុងតម្លៃ២០០០រៀល។ 
 
មានទីកំណើតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម អ្នកស្រី ស៊ន គាត មានវ័យ៥១ឆ្នាំ បានមករស់នៅតំបន់ ចុងឃ្នៀសនេះរយៈពេល៣០ឆ្នាំមកហើយ។ អ្នកស្រីក៏រអ៊ូពីការចំណាយប្រាក់លើការ​ទិញទឹកប្រើប្រាស់ច្រើននារដូវនេះផងដែរ។ ក្រៅពីចំណាយលុយ៤០០០រៀលក្នុងមួយថ្ងៃ​សម្រាប់ទិញ​ទឹកស្អាតផឹក ស្រ្តីចំណាស់រូបនេះ ក៏រអ៊ូពីជីវិតលំបាកនៅលើផែបណ្ដែតទឹកនេះដែរ។ ការនេសាទ​ក៏រកពុំសូវ​បាន តែត្រូវចំណាយប្រាក់​ទិញទឹកស្អាតប្រើប្រាស់ ដ្បិតមិនចង់កើតរោគាផ្សេងៗ។ 

អ្នកស្រី ស៊ុន គាត នៅលើផ្ទះបណ្ដែតទឹកនាតំបន់ចុងឃ្នៀស។

និយាយបណ្ដើរចង្អុលទៅស្រែនៅផ្នែកខាងលើបណ្ដើរ អ្នកស្រី ស៊ន គាត ថាករណីកសិករបាញ់ថ្នាំ​សម្លាប់សត្វល្អិត ​ហើយថ្នាំទាំងនោះខ្លះហូរចូលក្នុងទឹក និងហើរតាមបរិយាកាស ដែលធ្វើឱ្យអ្នកភូមិមាន​ជំងឺផ្លូវដង្ហើមផ្សេងៗ។ ក្នុងបញ្ហាដែលកំពុងជួបប្រទះនេះ អ្នកស្រី ស៊ន គាត ចង់ឱ្យអាជ្ញាធរ ក៏ដូចជាអង្គការ សមាគមទឹកស្អាត ជួយជីកអណ្ដូងខ្នាតធំ និងមានគម្របលូដាក់ត្រឹមត្រូវ ខណៈដែល សព្វថ្ងៃ គ្រួសារមួយនេះប្រើប្រាស់ទឹកអណ្ដូងជីកមានជម្រៅជាង២ម៉ែត្រ និងចំហ មិនមាន​អនាម័យនោះទេ។ 
 
ចំណែកលោក វណ្ណ វី កំពុងលើកទឹកធុងដែលទើបទិញពីកំពង់ដាក់លើទូកសម្រាប់យកទៅផ្ទះ បានប្រាប់ថា រដូវនេះទឹកអណ្ដូងធម្មតាមិនអាចយកប្រើប្រាស់ដាំស្ល និងផឹកបានទេ ដោយសារធុំក្លិន។ បុរសវ័យ៥៤ឆ្នាំរូបនេះបន្តថា៖« ទី១បារម្ភសុខភាពផង ទី២យើងប្រើប្រាស់ទឹកនោះមិនសូវល្អ អាចមានមេរោគ ជួនកាលគេបាញ់ថ្នាំស្រូវ វាជះមកដល់ មានច្រើន»។ 
 
លោក វណ្ណ វី បន្តថា ទាំងរដូវប្រាំង និងរដូវវស្សា នៅតំបន់ទន្លេសុទ្ធតែមានបញ្ហារឿងទឹកប្រើប្រាស់ តួយ៉ាងនៅខែវស្សាវិញ ដ្បិតមានទឹកច្រើនពិតមែន តែទឹកទាំងនោះមិនអាចយកមកប្រើទេ ពេលទឹកទើបជន់ឡើងថ្មីៗ ព្រោះទឹកហូរពីតំបន់ផ្សេងៗ ធ្វើឱ្យទឹកនោះមានជាតិរមាស់។​ លោកពន្យល់ដូច្នេះថា៖« ព្រែកយើងរាក់ហើយ វាពិបាកអារឿងទឹកប្រើប្រាស់ ហើយយើងបាន​ទឹកអណ្ដូង បើថាអត់ពីអណ្ដូង​យើងដូរគេមិនមែនធម្មតាទេ ខ្ញុំដូរមួយថ្ងៃអី២ម៉ឺនអីក៏មានដែរនៅរដូវទឹកឡើង ព្រោះយកមិនអាចងូតទឹកទន្លេបានទេ»។
 
លោក វណ្ណ វី កំពុងដងទឹកក្នុងអណ្ដូងជីកមិនមានគម្របត្រឹមត្រូវ។

ក្នុងទឹកមុខស្ងប់ស្ងាត់ និងគិតទៅឆ្ងាយ ពលរដ្ឋចុងឃ្នៀសលោក វណ្ណ វី ក៏មានការបារម្ភចំពោះ​ជំងឺផ្សេងៗ ដែលតែងមានយីយារគ្រួសាររបស់ខ្លួន ដូចជាផ្ដាសាយ គ្រុនពោះវៀន គ្រុនក្ដៅ ដោយសារការបរិភោគទឹក និងរស់នៅមិនមានអនាម័យ។ លោកបន្ថែមថា៖« ការដេក អង្គុយលេង គ្រាន់តែកាណូតបើកកាត់មក ក៏ធុំចំហាយស្អុយចូលដង្ហើមដែរ មិនដឹងស្រែកប្រាប់ទៅអ្នកណាឱ្យផុត មានតែទ្រាំ អត់ធ្មត់ ទើបអាចនៅបាន»។ 
 
កំពុងអង្គុយបោកខោអាវជាមួយម្ដាយ និងក្មួយៗនៅអណ្ដូងជីកដែលអង្គការមួយធ្វើឱ្យ អ្នកស្រី ឃុន ពី និយាយថា ទឹកអណ្ដូងនេះប្រើបានតែសម្រាប់ងូត និងបោកខោប៉ុណ្ណោះ ហើយមិនសូវថ្លាប៉ុន្មានទេ។ ទឹកធុំក្លិនច្រេះ និងក្រហម បើយកទៅបោកខោអាវពណ៌ស នោះនឹងឆាប់ប្រឡាក់។ អ្នកស្រី ឃុន ពី បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖« ទឹកពណ៌ក្រហម ពិបាកប្រើដែរ ជួនកាលកូរសាជូអី ដាំស្លទិញទឹកគេ (ទឹកធុង)»។
 
អ្នកធ្វើការសកម្មទាក់ទងនឹងបរិស្ថានបឹងទន្លេសាប លោក ស៊ា សុផល ក៏បង្ហាញក្ដីបារម្ភជុំវិញបញ្ហា សុខភាពអ្នករស់នៅតំបន់នេះដែរ។ លោក សុផល ពន្យល់ដូច្នេះថា៖« ភូមិបណ្ដែតទឹកនៅពេលដែលទឹក រីងខ្លាំង គោកខ្លាំង ធ្វើឱ្យពួកគាត់ប្រឈមនឹងការរស់នៅខ្លាំងមែនទែន ពិសេសទាក់ទងនឹងការប្រើប្រាស់ ទឹកស្អាត គឺគាត់អត់មានទឹកប្រើទេ ពីព្រោះទឹកនោះវាមានកំហាប់ភក់ខ្លាំង មុននឹងអាចប្រើប្រាស់​ទឹកនោះបាន គាត់ត្រូវយកដាក់សាជូររងឱ្យថ្លា»។
 
អ្នកភូមិចុងឃ្នៀស កំពុងបោកខោអាវនៅអណ្ដូងទឹកក្នុងភូមិនៅរដូវប្រាំងនេះ។

សម្រាប់នៅតំបន់ចុងឃ្នៀសនេះទៀតសោត ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី លោក សុផល ក៏កត់សម្គាល់ពីកខ្វះអនាម័យខ្លាំងផងដែរ ពិសេសនារដូវប្រាំង។ លោកលើកឡើងដូច្នេះថា៖« ខែប្រាំងគាត់ទៅនៅផ្ដុំគ្នានៅប្រឡាយមួយ ហើយពេលមនុស្សច្រើននៅកកកុញ ហើយប្រឡាយទឹកមួយ ដែលទឹកល្អក់ខាប់ គឺបញ្ហាអនាម័យវាអាក្រក់មែនទែន កុំថាឡើយយើងប្រើប្រាស់ទឹកហ្នឹង សូម្បីតែយើងយូរៗទៅម្ដង គ្រាន់តែក្លិនទឹកនោះមកក៏ឈឺដែរ។ ទោះគាត់មិនប្រើប្រាស់ទឹកនោះផ្ទាល់ ដាក់ថ្នាំឱ្យថ្លា យកមកងូត ក៏ទឹកនោះតែនៅជាទឹកដែលគ្មានអនាម័យ»។
 
ជុំវិញបញ្ហានេះ ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ ណារី ប្រាប់ថា បញ្ហាកខ្វះទឹកស្អាតប្រើប្រាស់នៅតំបន់ ផ្ទះបណ្ដែតទឹករបស់ប្រជានេសាទនេះមានយូរមកហើយ និងមិនទាន់ដំណោះស្រាយនៅឡើយ។ លោក ណារី ថាកន្លងមកអាជ្ញាធរក៏បានចុះទៅសិក្សា និងបានត្រឹមជួយជីកអណ្ដូងខ្នាតតូចជូនពួកគេតែប៉ុណ្ណោះ តែទឹកនោះមិនអាចផឹកបានទេ។ ពួកគេនៅតែបន្តទិញទឹកធុងគេផឹកដដែល។ 
 
ចៅសង្កាត់ដដែលបន្ថែមថា កន្លងធ្លាប់មានអង្គការមួយ ដែលបានសង់ស្ថានីយទឹកស្អាតនៅក្នុងភូមិ និងបានលក់ក្នុងតម្លៃសមរម្យជូនពលរដ្ឋប្រើប្រាស់ផងដែរ។ យ៉ាងណា លោកទទួលស្គាល់ថា តំបន់នេះនៅតែប្រឈមបញ្ហាកខ្វះទឹកស្អាត ដែលជាបញ្ហាធំគួររួមគ្នាដោះស្រាយ។ លោក អ៊ុំ ណារី បន្តថា៖« បើមានគម្រោងទីតាំងជាក់លាក់ នោះប្រហែលនឹងអាចមានគម្រោងផ្តល់ទឹក ភ្លើងជូនពួកគាត់ ដល់តែការរសាត់អណ្ដែតនេះ មិននៅមួយកន្លែងដូច្នេះ មិនដឹងជួយគាត់យ៉ាងម៉េច»៕

ភូមិបណ្ដែតទឹកចុងឃ្នៀសនារដូវប្រាំង។

Tag:
 អនាម័យ
  ទឹកស្អាត
  ចុងឃ្នៀស
© រក្សាសិទ្ធិដោយ thmeythmey.com