ជាតិ
លោក ហ៊ុន ម៉ានី៖ យើងត្រូវដើរឱ្យទាន់បច្ចេកវិទ្យា ដើម្បីសុវត្ថិភាពនិងប្រយោជន៍
07, Apr 2024 , 6:29 pm        
រូបភាព
ភ្នំពេញ៖ នាថ្ងៃទី៦ មេសា មជ្ឍមណ្ឌលកម្ពុជា៤.០ បានរៀបចំវេទិកាកម្ពុជា៤.០ លើកទី២ ស្តីពី«សន្តិសុខសាយប័រ» ដើម្បីជំរុញការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីនិន្នាការនឹងសន្តិសុខសាយប័រ។ វេទិកានេះ ត្រូវបានធ្វើឡើងដើម្បីជំរុញផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីនិន្នាការពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ក្នុងបរិបទសាកល និងកម្ពុជា។


ក្នុងវេទិកាកម្ពុជា៤.០ លោក ហ៊ុន ម៉ានី ឧបនាយរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងថា​ បច្ចុប្បន្ន បដិវត្តន៍ឧស្សាហកម្ម៤.០ និងឌីជីថលភាវូបនីយកម្ម បានក្លាយជានិន្នាការសាកល ដែលមិនអាចជៀសផុត។  បច្ចេកវិទ្យា បានជ្រៀតចូលយ៉ាងជ្រៅនៅក្នុងទំនាក់ទំ​នងគ្រប់ផ្នែក ទាំងសង្គម សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃ។ 
 
បើតាមលោក ហ៊ុន ម៉ានី ដើម្បីសម្រេចបានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឌីជីថលមួយពេញលេញ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយបង្កើនការយល់ដឹង និងសាក់ចេញយុទ្ធសាស្រ្ត ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា។  យ៉ាងណាមិញ មនុស្ស និងបច្ចេកវិទ្យា ត្រូវដើរទន្ទឹមគ្នា ដោយត្រូវ ការចំណេះ និងជំនាញ ការស្រាវជ្រាវថ្មីៗ និងប្រើប្រាស់ប្រកបដោយសុវត្ថិភាព សម្រាប់ទាញប្រយោជន៍ពីបច្ចេកវិទ្យា។
  


«ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាថ្មីៗក៏បានកើតមានឡើងផងដែរ។ ក្នុងនោះហានិភ័យចម្បងមួយដែល ត្រូវយកចិត្តទុកដាក់គឺ«សន្តិសុខសាយប័រ»។ បញ្ហានេះ ត្រូវបានរាប់បញ្ចូលថាជាសន្តិសុខមិនមែនប្រពៃណី ដែលបានគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។  ហើយក្លាយជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាល ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាជន ដែលនេះខុសប្លែកទាំងស្រុងពីសន្តិសុខបែបប្រពៃណី ដែលផ្តោតតែលើការគំរាមកំហែងពីការប្រើប្រាស់កម្លាំងយោធាលើការការពារសន្តិសុខជាតិក្នុងប្រទេស។» លោក ហ៊ុន ម៉ានី បានបញ្ជាក់ដូច្នេះ។ 
 
សូមជម្រាបថា វេទិការកម្ពុជា៤.០ បានរៀបចំឡើង ដោយផ្តោតលើប្រធានបទចំនួន៤ ៤.០ លើកទី២ ស្តីពី«សន្តិសុខសាយប័រ» រួមមាន ទី១. «សន្តិសុខសាយប័រក្នុងបរិបទសាកល និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជា»,ទី ២.«គន្លឹះក្នុងការការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីធឺណេត»។ ដោយឡែក ទី៣ គឺ «សន្តិសុខសាយប័រសម្រាប់វិស័យឯកជននៅកម្ពុជា» និងទី៤.«ការសិក្សាជំនាញសន្តិសុខសាយប័រ និងតម្រូវការទីផ្សារ»៕





Tag:
 ThmeyThmey
  សន្តិសុខសាយប័រ
 វេទិកាកម្ពុជា៤.០
© រក្សាសិទ្ធិដោយ thmeythmey.com