កីឡាជាតិ
ជាតិ
ជ័យជម្នះរបស់បឹងកេត បញ្ចប់ក្ដីសង្ឃឹម លោក ភា សុភ័ក្ដ្រា នាំទ័ពប្រជែង Top 4
08, Apr 2024 , 8:19 pm        
រូបភាព
ការប្រកួតរវាង បឹងកេត និង អាយ អេស អាយ ដង្កោសែនជ័យ រូបពី Cambodian Premier League
ការប្រកួតរវាង បឹងកេត និង អាយ អេស អាយ ដង្កោសែនជ័យ រូបពី Cambodian Premier League
ក្រោយឆ្លងកាត់ការប្រកួត២៦ គេបានរកឃើញ៤ក្រុម ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងបឹងកេត ឈានទៅវគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ (Cambodian Premier League)។ ក្ដីសង្ឃឹមប្រជែងយក Top 4 របស់លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្លិបកងយោធពលខេមរភូមិន្ទ ត្រូវរលាយបន្ទាប់ពី បឹងកេត យកឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៣-២។


វិសាខា និងបឹងកេត ទទួលបានចំណាត់ថ្នាក់ទី៣ និងទី៤  ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង និងក្រុមលេខ២ភ្នំពេញក្រោន។
 
វិសាខា បានយកឈ្នះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានហនុមាន លទ្ធផល ១-០ នៅថ្ងៃទី៦ ខែមេសា។ ចំណែក ព្រះខ័នរាជស្វាយរៀង ឈ្នះ គិរីវង់សុខសែនជ័យ លទ្ធផល ៤-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ 
 
លុះចូលមកដល់ថ្ងៃទី៧ ខែមេសា ​កងយោធពលខេមរភូមិន្ទ បានយកឈ្នះ ណាហ្គាវើលដ៍ លទ្ធផល ២-០ នៅកីឡដ្ឋានស្ដាតចាស់។ បើទោះទទួលបានជ័យជម្នះក៏ដោយ ឱកាសប្រជែង Top 4 លែងមានសម្រាប់ក្រុមនេះទៀតហើយ ក្រោយបឹងកេត បានឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park លទ្ធផល ៣-២។ 
 
ជ័យជម្នះបឹងកេត ហាក់បីដូចជាសម្លាប់ក្ដីសង្ឃឹមរបស់ លោក ភា សុភ័ក្ដ្រា ដែលបានតាំងចិត្តប្រជែងយក Top 4 មុនប្រកួតនាសប្ដាហ៍ទី២៦។ គ្រូបង្វឹករូបនេះ ធ្លាប់និយាយដូច្នេះថា៖«យើង អត់ត្រូវបោះបង់តែម្ដង។ ទោះបីសង្ឃឹម ១ភាគរយ យើង ត្រូវតែប្រឹងប្រែង។ ហើយម្យ៉ាងដើម្បីការអភិវឌ្ឍក្រុមផង។ ចំណាត់ថ្នាក់ គឺជារឿងមួយដែលត្រូវគិតទៅដល់ក្រុម ជាពិសេសគឺអ្នកគាំទ្រ។»។
 
ក្នុងថ្ងៃជាមួយគ្នានោះ ភ្នំពេញក្រោន បានយកឈ្នះ ព្រៃវែង លទ្ធផល ៣-២ នៅកីឡដ្ឋាន Smart RSN។
 
ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត បានកក់កៅអីរួចជាស្រេច បើទៅជានៅសល់ ១ប្រកួតចុងក្រោយ មុនពេលវគ្គទាត់ខ្វែង ៤ក្រុមក៏ដោយ។
 
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ មាន៦៨ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន លេខ២ មាន៦១ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ វិសាខា មាន៤១ពិន្ទុ ចំណែក បឹងកេត មាន៤០ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៤។ រីឯ កងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៥ មាន៣៦ពិន្ទុ តាមពីក្រោយដោយ អាយ អេស អាយ ដង្កោសែនជ័យ លេខ៦ មាន៣៤ពិន្ទុ។ ចំណាត់ថ្នាក់ទី៧ ណាហ្គាវើលដ៍ មាន២៧ពិន្ទុ និងចំណាត់ថ្នាក់លេខ៨ ព្រៃវែង មាន២៣ពិន្ទុ។ ចំណែក គិរីវង់សុខសែនជ័យ ចំណាត់ថ្នាក់លេខ៩ មាន២០ពិន្ទុ និង​បាតតារាង អង្គរថាយហ្គឺរ មានត្រឹមតែ១៨ពិន្ទុប៉ុណ្ណោះ៕

Tag:
 បាល់ទាត់
 ​ Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com