ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ ! ទម្លាប់​ដែល​យើង​គិត​ថា​ធម្មតា បែរជា​មាន​គ្រោះថ្នាក់​ដល់​ថ្លើម
10, Apr 2024 , 6:59 am        
រូបភាព
បើ​យោង​តាម​អ្នកឯកទេស​ផ្នែក​ជំងឺថ្លើម នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ជាតិពុល​ទាំងអស់​ដែល​ត្រូវ​បាន​ផលិត​នៅ​ពេល​ការ​រំលាយ​អាហារ ត្រូវ​បាន​ឆ្លងកាត់​ថ្លើម​។ ទាំង​ការ​បញ្ចេញ​ជាតិពុល និង​បញ្ចេញ​ខ្លាញ់ ដូច្នេះ​ថ្លើម គឺជា​សរីរាង្គ​ដែល​ងាយ​រងគ្រោះថ្នាក់​បំផុត​។


នៅ​ពេល​មុខងារ​ថ្លើម​ចុះ​ខ្សោយ សរីរាង្គ​ដទៃ​ទៀត​ក៏​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ ដូច្នេះ​អ្នក​ត្រូវ​ថែរក្សា​ថ្លើម ឲ្យ​បាន​ល្អ ដោយ​ជៀសវាង​ទម្លាប់​អាក្រក់​ទាំងនេះ​។
 
គេង​មិន​គ្រប់
មនុស្ស​ដែល​មាន​ទម្លាប់​គេង​មិន​គ្រប់គ្រាន់ ងាយ​នឹង​ប៉ះពាល់​ដល់​ថ្លើម ព្រោះ​នៅ​ពេល​រាង​កាយ​សម្រាក​សរីរាង្គ​ទាំងអស់​នៃ​រាង​កាយ​នឹង​ធ្វើការ​ជួសជុល​ភាព​ខូចខាត​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​បើ​រាង​កាយ​សម្រាក​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ ប្រព័ន្ធ​ការពារ​រាង​កាយ​នឹង​ចុះ​ខ្សោយ ហើយ​សូ​ម្បី​តែ​ថ្លើម ក៏​ដូច​គ្នា​ដែរ​។
ដើម្បី​ជៀសវាង​ជំងឺថ្លើម អ្នក​គួរតែ​លៃលក​គេង​ឲ្យ​បាន ៧​ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ថ្លើម​មាន​លទ្ធភាព​អាច​កម្ចាត់​ជាតិពុល និង​ពង្រឹង​សុខភាព​ឲ្យ​ប្រសើរ​ឡើង​វិញ​។
 
ទប់​នោម
ការ​បញ្ចេញ​ជាតិពុល ត្រូវ​បាន​អនុវត្ត​ចម្បង​តាម​រយ​:​ការ​បញ្ចេញ​ញើស បត់ជើងតូច និង​បត់ជើងធំ​។ ជា​ពិសេស ទម្លាប់​នោម ជា​រៀង​រាល់​ព្រឹក​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព ព្រោះ​នៅ​ពេល​គេង​ជាតិពុល​នឹង​ប្រមូលផ្តុំ​នៅ​ក្នុង​រាង​កាយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទុក​យូរ មិន​ប្រញាប់​បញ្ចេញ​ចោល​ទេ វា​នឹង​ដាក់បន្ទុក​ខ្លាំង​ទៅ​លើ​ថ្លើម​។ ហេតុនេះ​ហើយ ការ​ឆាប់​បញ្ចេញ​នោម គឺ​ជាម​ធ្យា​បាយ​ក៏​ល្អ​បំផុត​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​។
 
ញ៉ាំ​អាហារ​ច្រើន​ពេក
ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​ច្រើន​ពេក វា​នឹង​បង្កើន​បន្ទុក​ទៅ​លើ​បំពង់​រំលាយ​អាហារ ហើយ​អា​ចប​ណ្តោ​ល​ឲ្យ​កើត​មាន​ខ្លាញ់​ក្នុង​ថ្លើម​។ លើស​ពី​នេះ ប្រសិនបើ​មុខងារ​ថ្លើម​ចុះ​ខ្សោយ រ៉ា​ឌី​កាល់​សេរី នឹង​មានឱកាស​បង្កើត​ឡើង​នៅ​ក្នុង​ខ្លួន​កាន់តែ​ច្រើន​។
 
មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក
មនុស្ស​ជា​ច្រើន​ប្រហែលជា​មិន​ទាន់​ដឹង​ទេ​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក បាន​ទៀងទាត់ អាច​ជួយ​ការពារ​ថ្លើម និង​ក្រពះ​ឲ្យ​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ជំងឺមហារីក ទឹកនោមផ្អែម រលាក​លំពែង និង​ទល់លាមក​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ថ្លើម និង​សុខភាព​ទូទៅ​។
 
ក្រៅពី​ទម្លាប់​ខាងលើ​នេះ ការ​ទទួលទាន​ស្រា ការ​ចូល​ចិត្ត​ទ​ទួ​ទាន​អាហារ​កែ​ច្នៃ និង​លេបថ្នាំ​ច្រើន​ពេក ក៏​អាច​បង្ក​ឲ្យ​ថ្លើម​រង​នូវ​គ្រោះថ្នាក់​ដូច​គ្នា​ដែរ​។ ដូច្នេះ ប្រសិនជា​អាច អ្នក​គួរតែ​កាត់​បន្ថយ​ទម្លាប់​ទាំង​អស់នេះ ឬ​ឈប់​ផ្អាក​តែ​ម្តង​គឺ​កាន់តែ​ប្រសើរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com