សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនបរទេសជាច្រើនផ្លាស់ពីសិង្ហបុរីទៅថៃ និងម៉ាឡេស៊ី ព្រោះថ្លៃចំណាយខ្ពស់
11, Apr 2024 , 8:29 am        
រូបភាព
អ្នកដំណើរថតរូបនៅទីក្រុងសិង្ហបុរី ។ រូបភាព ៖ AFP
អ្នកដំណើរថតរូបនៅទីក្រុងសិង្ហបុរី ។ រូបភាព ៖ AFP
អាជីវកម្មនៅអឺរ៉ុប និងជប៉ុនជាច្រើនកំពុងពិចារណា ឬបានផ្លាស់ប្តូរទីស្នាក់ការកណ្តាល ឬផ្នែកនៃប្រតិបត្តិការរបស់ពួកគេពីសិង្ហបុរី ដោយសារព្រួយបារម្ភអំពីការចំណាយខ្ពស់។ បើតាមសារព័ត៌មានជប៉ុន Nikkei Asia  ម៉ាឡេស៊ី និងថៃជាគោលដៅបន្ទាប់សម្រាប់ការបោះទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនទាំងនោះ។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ សាជីវកម្មពហុជាតិកាន់តែច្រើន បានជ្រើសរើសទីតាំងការិយាល័យកណ្តាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងក្រៅពីសិង្ហបុរី ដើម្បីសន្សំការចំណាយ និងស្វែងរកឱកាសកាន់តែច្រើន។ 
 
សម្រាប់ក្រុមហ៊ុនជប៉ុនភាគច្រើនយល់ថា សិង្ហបុរីនៅតែជាជម្រើសកំពូលសម្រាប់ការកំណត់ទីតាំង ការិយាល័យកណ្តាលនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតទឹកថ្នាំ Sakata Inx នៅក្នុងខែកុម្ភៈបានបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅម៉ាឡេស៊ី។
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន​ Sakata Inx ការិយាល័យកណ្តាលថ្មីនេះ រំពឹងថានឹងបង្កើនប្រាក់ចន្លោះពី ៦,៦ ទៅ ១៣,១លានដុល្លារនៅក្នុងប្រាក់ចំណេញប្រតិបត្តិការតាមផែនការអាជីវកម្មរយៈពេលមធ្យមរបស់ក្រុមហ៊ុនរហូតដល់ឆ្នាំ២០២៦។ អត្ថប្រយោជន៍ពន្ធជាកត្តាសំខាន់ដែលក្រុមហ៊ុនជ្រើសរើសម៉ាឡេស៊ី។
 
ថវិកាជាតិដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៤ របស់ម៉ាឡេស៊ីមានការលើកទឹកចិត្តផ្នែកពន្ធដល់មជ្ឈមណ្ឌលសេវាកម្មសកលសម្រាប់ការកំណត់ទីតាំងការិយាល័យកណ្តាលក្នុងប្រទេស រួមទាំងការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលពី ៥-១០ភាគរយរហូតដល់ ១០ឆ្នាំ។
 
ក្រៅពីម៉ាឡេស៊ី ថៃក៏ជាបេក្ខភាពនាំមុខគេក្នុងការទាក់ទាញទីស្នាក់ការធុរកិច្ចបរទេសដែរ។ ក្រុមហ៊ុន Nissin Foods Holdings បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលអាស៊ីអាគ្នេយ៍ពីសិង្ហបុរីទៅកាន់ថៃក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលថៃកំពុងខិតខំប្រឹងប្រែងដើម្បីទាក់ទាញក្រុមហ៊ុនពហុជាតិ តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ។
 
តាមការស្ទង់មតិដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មខាងក្រៅរបស់ជប៉ុន (JETRO) ក្នុងខែមីនា ឆ្នាំ២០២៤ ក្នុងចំណោមក្រុមហ៊ុនជប៉ុនដែលមានទីស្នាក់ការនៅសិង្ហបុរី ៣១ភាគរយបាននិយាយថា ពួកគេបានផ្លាស់ប្តូរផ្នែកប្រតិបត្តិទៅកាន់ប្រទេសមួយផ្សេងទៀត ឬកំពុងពិចារណាធ្វើបែបនោះ។ នេះជាការកំណើនគួរឱ្យកត់សម្គាល់ពីចំនួន ៧,៤ភាគរយនៅក្នុងការស្ទង់មតិឆ្នាំ ២០១៩។
 
ថៃជាគោលដៅពេញនិយមបំផុតសម្រាប់អាជីវកម្មបរទេសនៅពេលក្រុមហ៊ុនជប៉ុនចំនួន១៩ បានផ្លាស់ប្តូរ ឬកំពុងពិចារណាផ្លាស់ប្តូរប្រតិបត្តិការចេញពីសិង្ហបុរី។ ម៉ាឡេស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ដែលមាន​អាជីវកម្មជប៉ុនចំនួន ​៥ក្រុមហ៊ុន។
 
លោក Keisuke Asakura នាយករងគ្រប់គ្រងនៃការិយាល័យ JETRO របស់សិង្ហបុរីបាននិយាយថា ៖«ខណៈពេលដែលតម្លៃជួលការិយាល័យ និងការចំណាយផ្សេងទៀតកំពុងកើនឡើងនៅសិង្ហបុរី ការផ្លាស់អគារការិយាល័យទៅថៃរំពឹងថានឹងកើនឡើងដើម្បីបំពេញប្រតិបត្តិការមួយផ្នែករបស់ក្រុមហ៊ុនទាំងនោះ»។ 
 
វាមិនមែនត្រឹមតែក្រុមហ៊ុនជប៉ុនទេដែលមានការព្រួយបារម្ភដោយសារតែការកើនឡើងថ្លៃដើមខ្ពស់សិង្ហបុរី។ នៅក្នុងការស្ទង់មតិឆ្នាំ២០២៣ ដោយសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅសិង្ហបុរី អត្រា ៦៩ភាគរយនៃក្រុមហ៊ុនដែលបានឆ្លើយសំណួរថា ពួកគេសុខចិត្តផ្លាស់ប្តូរបុគ្គលិកមួយចំនួន ដោយសារតែការកើនឡើងនៃការចំណាយប្រតិបត្តិការ។ នេបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
 
យ៉ាងណាមិញ សិង្ហបុរីនៅតែមានគុណសម្បត្តិលើទីតាំង ជំនាញភាសាបរទេស និងសេវាកម្មហិរញ្ញវត្ថុ។ ទាក់ទិននឹងបញ្ហានេះ វាមិនទំនងថាប្រទេសនេះ នឹងបាត់បង់តំណែងរបស់ខ្លួនជាទីតាំងឈានមុខគេសម្រាប់អាជីវកម្មដែលមានទីតាំងនៅអាស៊ីអាគ្នេយ៍នោះទេ៕ 

Tag:
 សិង្ហបុរី
  ថៃ
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com