ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារសម្រាប់អ្នកកើតទឹកនោមផ្អែមអ្នកគួរបរិភោគ
11, Apr 2024 , 10:59 pm        
រូបភាព
ទាំងនេះ​សម្រាប់​អ្នក​ទឹកនោមផ្អែម លំ​ហាត់ប្រាណ និង​របប​អាហារ​ត្រឹមត្រូវ ដើរតួ​សំខាន់​ដើម្បីរ​រក្សា​ទម្ងន់ និង​ធ្វើ​ឲ្យ​មាន​លំនឹង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។ អ្នក​ទឹកនោមផ្អែម ងាយ​ធាត់​ខ្លាំង​ណាស់ បើ​ញ៉ាំ​អាហារ​ជាតិ​ខ្លាញ់ និង​កាបូន​អ៊ី​ដ្រា​ត (​ផ្អែម​) ច្រើន ជា​ហេតុ​ដែល​នាំ​ឲ្យ​ថ្នាំ​ទឹកនោមផ្អែម ក៏​ថយ​ប្រសិទ្ធភាព​តាម​ហ្នឹង​ដែរ​។


១- អាហារ​ត្រូវ​ញ៉ាំ

ចំណី​យើង​ញ៉ាំ​ក្នុង​មួយ​ពេល ត្រូវ​មាន ៤ ចំណែក​៖
 
– ពីរ​ចំណែក​ជា​បន្លែ​បៃតង និង​បន្លែ​គ្មាន​ជាតិ​ម្សៅ ដូច​ជា ការ៉ុត ស្ពៃ និង​ប៉េងប៉ោះ​។
– មួយ​ចំណែក​ទៀត ជា​ជាតិ​ប្រូតេអ៊ីន​បាន​ពី​សាច់ ដូច​ជា ត្រី ត្រី​ធូ​ណា ឬ​សាច់ (​ជ្រូក​/​គោ​) សុទ្ធ​មិន​លាយ​ខ្លាញ់
– មួយ​ចំណែក​ចុង​ក្រោយ ជា​អាហារ​មាន​ជាតិ​ម្សៅ ដូច​ជា ដំឡូង និង​អង្ករ ជាដើម​។
 
លើស​ពី​នេះ យើង​អាច​ញ៉ាំ​ផ្លែ​ឈើ ទឹកដោះគោ កាហ្វេ និង​តែ ដែល​មិន​ត្រូវ​ដាក់​ស្ករ​នោះ​ទេ​។
វិធី​រៀបចំ​របប​អាហារ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម
 
២- កាបូ​អ៊ី​ដ្រា​ត

ជាតិ​ស្ករ​ភាគច្រើន មាន​ប្រភព​ពី​កាបូន​អ៊ី​ដ្រា​ត (​ជាតិ​ស្ករ​ដែល​បាន​ពី​អាហារ​)​។ ដូចនេះ ដើម្បី​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ត្រូវ​ញ៉ាំ​បរិមាណ​ដូច​គ្នា​រាល់ថ្ងៃ និង​កំណត់​ពេលវេលា​ឲ្យ​បាន​ទៀង ទើប​ថ្នាំ​ទឹកនោមផ្អែម​មាន​ប្រសិទ្ធភាព​។
 
បើ​មាន​ច​ម្ង​ល់ អាច​ស្វែងរក​អ្នកឯកទេស​ចំណីអាហារ ដើម្បី​ប្រឹក្សា​យោបល់​បាន ព្រោះ​យើង​អាច​ដឹង​ពី​វិធី​គណនា​បរិមាណ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ឲ្យ​សមតុល្យ​ទៅ​តាម​បរិមាណ​ជាតិ​ថ្នាំ​ដែល​អ្នក​ទឹកនោមផ្អែម​លេប និង​អាំង​ស៊ុ​យ​លី​ន​ដែល​ត្រូវ​ប្រើ​។
 
៣- កំណត់​ជាតិ​ស្ករ

កំណត់​ជាតិ​ស្ករ​ចំពោះ​អាហារ​ដែល​អាច​ញ៉ាំ​បាន ដើម្បី​ចៀសវាង​ផលវិបាក​ដោយសារ​ជាតិ​ស្ករ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។
 
ការ​ចាប់ផ្ដើម​របប​អាហារ​ថ្មី (​ប្ដូរ​ម្ហូប​ញ៉ាំ​) ពិតជា​លំបាក​សម្រាប់​មនុស្ស​គ្រប់​រូប មិន​ថា​អ្នក​ទឹកនោមផ្អែម ឬ​អត់​នោះ​ទេ​។ ដូចនេះ យើង​អាច​ស្វែងរក​ជំនួយ​ពី​អ្នកឯកទេស​ចំណីអាហារ និង​គ្រូពេទ្យ ព្រោះថា​របប​អាហារ​ល្អ សុខភាព​ក៏​ល្អ ហើយ​អាច​ការពារ​ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារ​ទឹកនោមផ្អែម ដូច​ជា ជំងឺ​បេះដូង និង​រោគ​ពាក់ព័ន្ធ​សរសៃប្រសាទ​។
 
ចំពោះ​ការ​កំណត់ ឬ​សម្រេចចិត្ត​ញ៉ាំ​អី សម្រាប់​អ្នកមាន​ជំងឺ​ប្រចាំ​កាយ ដូច​ជា ទឹកនោមផ្អែម គួរ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​ឲ្យ​បាន ដើម្បី​ចៀសវាង​ស្ថានភាព​កាន់តែ​ពិបាក​។ បើ​មាន​សមាជិក​ណា ឬ​ចាស់​ៗ​ក្នុងផ្ទះ មាន​ជំងឺ​ប្រភេទ​នេះ យើង​គួរ​ជួយ​គិតគូរ​ឲ្យ​មែនទែន​លើ​ប៉ុន្មាន​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com