អន្តរជាតិ
តៃវ៉ាន់ និងចិនអាចដោះស្រាយការខ្វែងគំនិតប្រកបដោយសន្តិភាព 11, Apr 2024 , 8:59 pm
អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១០ ខែមេសា។ រូបភាព xinhua
× តៃវ៉ាន់ និងចិន អាចដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយសន្តិភាព។ អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou បានបញ្ជាក់ច្បាស់ៗបែបនេះ នៅថ្ងៃទី១១ ខែមេសា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ នេះជាជំនួបលើកទីពីររវាងលោកMa និងលោកស៊ី បន្ទាប់ពីជំនួបលើកដំបូងនៅក្នុងឆ្នាំ២០១៥។
ជាញយៗ ចិន តែងបង្ហាញសាច់ដុំ ឬគំរាមប្រើកម្លាំងយោធា ដើម្បីវាយតៃវ៉ាន់ ក្នុងករណីហ៊ានប្រកាសឯករាជ្យ។ ទន្ទឹមនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏តែងចិញ្ចឹមចិត្តក្នុងការបង្រួបបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាពផងដែរ ដោយចិនបានចាត់ទុកកិច្ចការមួយនេះ ជាបេសកកម្មប្រវត្តិសាស្រ្ត។
បន្ទាប់ពីជំនួបលើកទីពីរជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់ ដែលបានកាន់តំណែងចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ បានអំពាវនាវក្រុមយុវជនទុកមនោគមវិជ្ជាដោយឡែក ហើយស្វែងយល់ថា ដែនដីទាំងពីរមានការពាក់ព័ន្ធគ្នាទាំងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។
«សំខាន់ជាងនេះ ប្រជាជនចិននៃដែនដីទាំងពីរ អាចដោះស្រាយជម្លោះប្រកបដោយសន្តិភាព»។ អតីតប្រធានាធិបតីតៃវ៉ាន់ បានបន្តបែបនេះ នៅថ្ងៃទី១១ ខែមេសា នៅពេលត្រលប់មកតៃវ៉ាន់វិញ ដោយសំដៅដល់ប្រជាជនចិន និងតៃវ៉ាន់ ដែលឃាំងដោយច្រកសមុទ្រតៃវ៉ាន់។ ជំនួបរវាងលោក Ma និងលោកស៊ី លើកដំបូងបានធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ដោយជំនួបកាលនោះ ត្រូវបានរៀបចំនៅសិង្ហបុរី។
នៅក្នុងឆ្នាំ២០២៣ អតីតប្រធានាធិបតីតៃវ៉ាន់ខាងលើ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូង ក្នុងការធ្វើទស្សនកិច្ចទៅចិន ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់ នៅក្នុងឆ្នាំ១៩៤៩។
ក្នុងជំនួបនៅថ្ងៃទី១០ ខែមេសា លោកស៊ីបានប្រាប់លោកMa ថា ប្រជាជននៅទាំងសងខាងច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាប្រជាជនចិន ហើយគ្មានកម្លាំងណាមួយ អាចបំបែកប្រជាជនទាំងពីរ ឬគ្មានបញ្ហាណាមួយ មិនអាចត្រូវបានដោះស្រាយឡើយ។ ទន្ទឹមនេះ លោកស៊ី ក៏បានបញ្ជាក់ជាថ្មីផងដែរថា កម្លាំងខាងក្រៅ មិនអាចរារាំងចលនាបង្រួបបង្រួមរវាងដែនដីទាំងពីរបានឡើយ។
ក្នុងជំនួបដដែលនោះ លោកស៊ី ក៏បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយប្រជាជនតៃវ៉ាន់ ដែលរងគ្រោះនៅក្នុងរញ្ជួយដីនាពេលថ្មីៗនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com