ជាតិ
ថ្ងៃទីមួយ៖ ទិដ្ឋភាពពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃឆ្ពោះទៅស្រុកកំណើត
12, Apr 2024 , 8:05 am        
រូបភាព
ភ្នំពេញ៖ ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១២ ខែមេសានេះ រថយន្តក្រុងសាធារណៈ ចាកចេញជាបន្តបន្ទាប់ពីទីតាំងនានាក្នុងរាជធានីភ្នំពេញ ដោយដឹកពលរដ្ឋឆ្ពោះទៅកាន់បណ្តាខេត្តគោលដៅ។ នេះជាសេវាកម្មដោយឥតគិតថ្លៃ ដែលរដ្ឋាភិបាល ជាពិសេសសាលារាជធានីភ្នំពេញ ផ្តល់ជូនពលរដ្ឋសម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៦ ខែមេសា។
 
សម្រាប់ដំណើរទាំងទៅ ទាំងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងប្រមាណ៤៥៥គ្រឿង ក្នុងនោះ មាន៦០គ្រឿងសម្រាប់ដឹកពលរដ្ឋធ្វើដំណើរនៅភ្នំពេញ និង៣៩៥គ្រឿងទៀត សម្រាប់ដឹកពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតតាមបណ្ដាខេត្តនានាទូទាំងប្រទេស និងត្រឡប់មកវិញផងដែរ។ 
 
រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែករថយន្តសម្រាប់ដឹកពលរដ្ឋតាមខ្សែផ្លូវទៅតាមខេត្តនានា និងស្ថានីយចំនួន៧ផ្សេងៗគ្នា។ ក្នុងនោះខេត្តដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មានចំណតរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងវាលស្បូវ (ច្រកចូលបុរីតារាសំណាង) មានរថយន្តក្រុងចំនួន១៧គ្រឿង។ តាមផ្លូវជាតិលេខ២ គោលដៅទៅខេត្តកណ្ដាល និងតាកែវ មានចំណតរថយន្តក្រុងនៅមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ (មហាវិថីវេងស្រេង ទល់មុខព្រះវិហារយេស៊ូគ្រីស្ទ) មានរថយន្តក្រុង៣គ្រឿង។
 


 ចំណែកឯផ្លូវជាតិលេខ៣ និងលេខ៤ ឆ្ពោះទៅកំពង់ស្ពឺ កំពត កែប និងព្រះសីហនុ មានចំណតរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) មានរថយន្តក្រុង១៤គ្រឿង។ នៅផ្លូវជាតិលេខ៥ គោលដៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ចំណតរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ មានរថយន្តក្រុង១៥៥គ្រឿង។ រីឯផ្លូវជាតិលេខ៦ និងលេខ៧ ឆ្ពោះទៅកំពង់ធំ សៀមរាប កំពង់ចាម និងត្បូងឃ្មុំ មានរថយន្តក្រុង១៧០គ្រឿង។
 
ចំណតរថយន្តក្រុងនៅទីតាំងដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលនាងមច្ឆា)។ ចំពោះផ្លូវជាតិលេខ៨ និងលេខ១៣ គោលដៅទៅខេត្តក្រចេះ និងស្ទឹងត្រែង មានរថយន្តក្រុង៣៥គ្រឿង ចំណតនៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។ សម្រាប់ពេលវេលាចេញដំណើររថយន្តក្រុងសាធារណៈ គឺចាប់ពីម៉ោង៦កន្លះព្រឹក ដល់ម៉ោង១១កន្លះព្រឹក៕
 




© រក្សាសិទ្ធិដោយ thmeythmey.com