ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖ សាលារាជធានីភ្នំពេញ ហាមដាច់ខាតចំពោះការបង្ហោះគោម និងអុជកាំជ្រួច ដើម្បីបង្ការអគ្គិភ័យ
12, Apr 2024 , 9:39 am        
រូបភាព
ភ្នំពេញ៖ ស្របពេលអាកាសធាតុក្ដៅស្ងួតខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ បានហាមមិនឱ្យបង្ហោះគោម និងអុជកាំជ្រួច នៅក្នុងឱកាសពិធីបុណ្យចូលថ្មី ចាប់ផ្ដើមពីថ្ងៃទី១៣ ដល់១៦ មេសា ឡើយ ដើម្បីបង្កាគ្រោះអគ្គិភ័យ។


យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០មេសា អាកាសធាតុក្ដៅខ្លាំងក្នុងថ្ងៃចូលឆ្នាំថ្មី អាចងាយបណ្ដាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុក្នុងរាជធានីភ្នំពេញ។ ជាវិធានការ រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតចំពោះការបង្ហោះគោម និងអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង និងណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គល និងម្ចាស់ទីតាំងណា ដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 
 
ចំពោះវត្តអារាម ទីគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយនានា។ ប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្នចំពោះដើមហេតុ ដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះជាដើម។ 
 
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមរៀបចំមធ្យោបាយឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការកើតមានអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន៕  
 

Tag:
 រដ្ឋបាលរាជធានីភ្នំពេញ
  អគ្គិភ័យ
  ពិធីបុណ្យចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com