កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
លោក ចាប រតនា៖ កីឡាទាញព្រ័ត្រកម្ពុជា ស្ទើបាត់វត្តមានពីបុណ្យចូលឆ្នាំខ្មែរ
15, Apr 2024 , 6:59 pm        
រូបភាព
ការប្រកួតទាញព្រ័ត្រជើងឯកថ្នាក់ជាតិកន្លងមក
ការប្រកួតទាញព្រ័ត្រជើងឯកថ្នាក់ជាតិកន្លងមក
 
កីឡាទាញព្រ័ត្រ មិនសូវមានប្រជាជន យកមកលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឡើយ បើធៀបទៅ១០ឆ្នាំមុន។ លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា យល់ថា មានកត្តា២ ដែលធ្វើឲ្យកីឡាប្រពៃណីនេះ មិនមានការចាប់អារម្មណ៍ និងស្ទើតែលែងមានវត្តមានក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ កត្តាទាំង២នោះ គឺការពិបាករកខ្សែពួរ និងការមិនលើកទឹកចិត្តពីចាស់បុរាណ។
កីឡាទាញព្រ័ត្រ គឺជាល្បែងប្រពៃណីខ្មែរមួយ ក្នុងចំណោមល្បែងផ្សេងទៀត ដូចជាចោលឈូង, បោះអង្គុញ, លាក់កន្សែងជាដើម។ ប៉ុន្ដែល្បែងកម្សាន្ដទាំងនោះ ហាក់បីដូចជាមិនសូវបានយកមកលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដូចពីមុនទេ។ បច្ចុប្បន្ន ក្មេងៗភាគច្រើន និយមលេងបាញ់ទឹក ជះទឹក និងចោលទឹក និងប៉ាតម្សៅ ទៅវិញ។
 
កីឡាទាញព្រ័ត្រ គឺជាល្បែងមួយ ដែលត្រូវបានមនុស្សទូទាំងពិភពលោក យកទៅលេង បែបកម្សាន្ដខ្លះ និងបែបប្រកួតកីឡាខ្លះ។ ដោយឡែកកីឡាទាញព្រ័ត្រ ឬល្បែងទាញព្រ័ត្ររបស់កម្ពុជា មានប្រវត្តិយូរលង់ណាស់មកហើយ ថែមទាំងមានការគាំទ្រច្រើនពីខ្មែរសម័យមុន ដោយមានចម្លាក់តាមប្រាសាទបុរាណខ្លះ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធពីកូសមុទ្រទឹកដោះ ជាសក្ខីភាព។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កម្ពុជា ជោគជ័យក្នុងការដាក់កីឡាទាញព្រ័ត្រ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
 
ដ្បិតកីឡាឬល្បែងប្រជាប្រិយមួយ បានចុះបញ្ជីក្នុងបេតិកភណ្ឌពិតមែន តែលោក ចាប រតនា មើលឃើញថា កីឡាប្រពៃណីនេះ មិនមានការចាប់អារម្មណ៍ និងស្ទើតែលែងមានវត្តមានក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ចំពោះបញ្ហានេះ អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា យល់ថា វាមានកត្ដា២ ដែលធ្វើឱ្យយុវជន ឬអ្នករៀបចំកម្មវិធីសង្ក្រាន្តនានា មិនសូវដាក់ល្បែងប្រជាប្រិយនេះ ក្នុងកម្មវិធីនោះ គឺកត្ដាទី១ កង្វះខ្សែពួរ ឬសម្ភារៈ ដែលអាចយកមកជំនួសខ្សែរពួក ដើម្បីលេងទាញព្រ័ត្រ។ កត្តាទី២ គឺចាស់ៗ មិនសូវអើពើ ក្នុងការអភិរក្ស ជាពិសេសរៀបចំឲ្យមានការលេងល្បែងកម្សាន្ដនេះ នៅតាមទីវត្ត ឬទីតាំងដែលធ្វើសង្ក្រាន្ដ។
 
ដោយមើលឃើញបញ្ហាទាំងនេះ លោក ចាប រតនា បារម្ភថា កីឡា ឬល្បែងប្រពៃណីនេះ នឹងត្រូវបានអ្នកជំនាន់ក្រោយបំភ្លេច ហើយមិនអាចប្រកួតប្រជែងជាមួយអន្ដរជាតិបាន ទៅថ្ងៃអនាគត។ «ក្មេងៗជំនាន់ក្រោយ អាចនឹងមិនស្គាល់ ឬមិនចេះលេងទាញព្រ័ត្រ ហើយយើង នឹងមិនមានវត្តមាននៅលើឆាកជាតិ និងអន្ដរជាតិ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។
 
បើតាមលោក រតនា ល្បែងទាញព្រ័ត្រ មិនត្រឹមតែជាល្បែងកម្សាន្ដប៉ុណ្ណោះទេ ប៉ុន្ដែគឺជាកីឡា ដែលបង្ហាញពីការរួបរួមសាមគ្គីគ្នា ដើម្បីជ័យជម្នះ។ «ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្ករលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបង្ហាញពីការរឹតបន្ដឹងចំណងសាមគ្គីភាព ប្រៀបបីដូចជារឿងកូរសមុទ្រទឹកដោះ។ ដើម្បីទទួលបានជ័យជម្នះ ភាគីក្រុមទាំងសងខាង ត្រូវរួមកម្លាំង និងសាមគ្គីគ្នា។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕
 

Tag:
 ទាញព្រ័ត្រ
  ចាប រតនា
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com