ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖ ក្រសួង អំពាវនាវមហាជន ឱ្យយោគយល់លើភាពយឺតយ៉ាវនៃសេវាកម្មនានា
12, Apr 2024 , 7:39 pm        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ហ្វេសប៊ុកលោក ហេ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ហ្វេសប៊ុកលោក ហេ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវ ដល់សាធារណជន ដែលធ្វើដំណើរកម្សាន្ត និងជួបជុំសប្បាយតាមតំបន់កម្សាន្តនានា មានការយោគយល់ ដល់ការបម្រើសេវាកម្មរបស់ ក្រុមបម្រើការងារតាមកន្លែងនីមួយៗ ប្រសិនពួកគេ មានការយឺតយ៉ាវ ដោយសារវត្តមានភ្ញៀវកើនឡើង អំឡុងពេលបុណ្យចូលឆ្នាំ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ក្រសួងការងារ។
 
នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ កម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ
 
នៅទូទាំងប្រទេសភាគច្រើន ធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀមទម្លាប់ ប្រពៃណី រួមទាំងធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា។ ទន្ទឹមនឹងនេះ បុគ្គលិកឬកម្មករនិយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ក៏មានភាពមមាញឹកទ្វេដង ក្នុងការផ្តល់សេវាកម្ម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
 
«ក្នុងន័យនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងសាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ»។ លោក ហេង សួរ បានលើកឡើងបែបនេះ ។
 
លោក ហេង សួរ ក៏បានកោតសរសើរ ចំពោះស្មារតីមនសិការវិជ្ជាជីវៈ របស់អ្នកបំពេញការងារផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចអំឡុងពេលនេះ។ 
 
ក្រសួងក៏បានអំពាវនាវដល់សាធារជនទាំងអស់ផងដែរ ឱ្យពិនិត្យបណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ទៅដើរកម្សាន្ត ឬត្រឡប់ទៅស្រុកកំណើត ឬបិទទ្វារទីតាំងអាជីវកម្មរបស់ខ្លួន៕ 
 

Tag:
 ការងារ
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com